ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Elkeson អះអាងថាចង់នាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិនឈានទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup បន្ទាប់ពីរូបគេបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិចិន។ Elkeson ជាកីឡាករបាល់ទាត់ដំបូងគេដែលគ្មានជាប់សាច់ឈាមចិន ហើយជាប់ជម្រើសជាតិប្រទេសនេះជាប្រវត្តិសាស្ត្រ។
ក្នុងវ័យ ៣០ ឆ្នាំ Elkeson ដែលមានឪពុកម្តាយជាជនជាតិប្រេស៊ីល មានលក្ខណៈគ្រប់គ្រាន់ដើម្បី ត្រៀមខ្លួនសម្រាប់ក្រុមរបស់លោក Marcello Lippi ក្នុងការប្រកួតជម្រុះ World Cup Qatar 2022 ប្រចាំតំបន់អាស៊ី ទល់នឹងជម្រើសជាតិម៉ាល់ឌីវ នៅថ្ងៃទី ១០ ខែកញ្ញា។ ចិនស្ថិតនៅពូល A ជាមួយ ស៊ីរី ហ្វីលីពីន ម៉ាល់ឌីវ និង កោះហ្គាម។
Xi Jinping (ស្តាំ) នាជំនួបជាមួយប្រធាន FIFA លោក Gianni Infantino នៅក្រុងប៉េកាំង កាលពីឆ្នាំ២០១៧។ រូបថត AFP
គ្រូបង្វឹកចិនលោក Lippi ដែលឈឺក្បាលជាយូរមកហើយពីកង្វះខ្សែប្រយុទ្ធនោះ នៅថ្ងៃទី២១ ខែសីហា បានសម្រេចជ្រើសយក Elkeson សមាជិកក្លិប Guangzhou Evergrande ដោយប្តូរឈ្មោះរបស់គេទៅជាឈ្មោះចិន Ai Kesen ដើម្បីប្រើជាមួយលិខិតឆ្លងដែនចិនផង និងឈ្មោះសម្រាប់ជម្រើសជាតិផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការចូលរួមជាមួយក្រុមយក្សចិន Elkeson បានប្តេជ្ញាថារូបគេនឹងចួលរួមចំណែកជួយឲ្យប្រទេសនេះបង្ហាញខ្លួននៅ World Cup សាជាថ្មីម្តងទៀត។
«ខ្ញុំចង់ប្រាប់ពិភពលោកថា ខ្ញុំជាជនជាតិចិន ហើយខ្ញុំចង់ប្រគល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទាំងអស់ដូចដែលអ្នកបានផ្តល់ឲ្យខ្ញុំក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីអ្នកជានិច្ច»។ នេះជាការអះអាងរបស់ Elkeson ដែលមករួមរស់នៅទឹកដីចិនតាំងពីឆ្នាំ២០១៣ ក្រោយចាកចេញពីក្រុម Botafogo ទៅរួមក្រុម Guangzhou Evergrande។
រយៈពេល៦រដូវកាល Elkeson ស៊ុតបញ្ចូលទីបានលើសពី ១០០គ្រាប់ ក្នុងបង្ហាញខ្លួន ១៥០ប្រកួត នៃលីគកំពូលចិន Chinese Super League។
Nico Yennaris អតីតខ្សែបម្រើ Arsenal មានឈ្មោះចិនថា Li Ke។ រូបថត Getty Images
ចិនដែលសព្វថ្ងៃមានចំណាត់ថ្នាក់ទី៧១ពិភពលោកក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ធ្លាប់បង្ហាញខ្លួនក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកតែម្ដងប៉ុណ្ណោះកាលពីឆ្នាំ ២០០២ ដែលកូរ៉េខាងត្បូង និងជប៉ុនធ្វើម្ចាស់ផ្ទះរួមគ្នា។
កន្លងមក កីឡាករដែលទទួលបានសញ្ជាតិចិន និងលេងឲ្យក្រុមជម្រើសជាតិ រួមមាន Nico Yennaris អតីតខ្សែបម្រើ Arsenal ដែលកើតនៅអង់គ្លេស ដោយឪពុកជាជនជាតិស៊ីប ឯម្តាយជាជនជាតិចិន។ Nico ដែលលេងឲ្យក្លិប Beijing Guon និងមានឈ្មោះចិនថា «Li Ke»។
John Hou Saeter មិត្តរួមក្រុមរបស់ Li Ke ដែលធ្លាប់លេងឲ្យក្រុមយុវជនជម្រើសជាតិន័រវេស ក៏បានទទួលសញ្ជាតិចិន កាលពីខែកុម្ភៈកន្លងមកផងដែរ ដោយសារគេមានម្តាយដើមកំណើតចិន រីឯឪពុកជាជនជាតិន័រវេស។ Hou មានឈ្មោះចិនថា «Hou Yongyong»។
ជាមួយគ្នានេះ កីឡាករអង់គ្លេស Tyias Browning ដែលបានចូលរួមជាមួយក្លិប Guangzhou Evergrande ក៏បានស្នើសុំសញ្ជាតិចិនផងដែរ ដោយសារគេជីតាខាងម្តាយរបស់គេ គឺជាជនជាតិចិន។
យោងតាម South China Morning Post លោកប្រធានាធិបតីចិន Xi Jinping មានមហិច្ឆតាខ្ពស់ក្នុងការជុំវិញវិស័យកីឡា ជាពិសេសបាល់ទាត់ តាមរយៈការជ្រើសរើសការផ្តល់សញ្ជាតិកីឡាករបរទេសដែលមានសមត្ថភាព ខណៈចិនត្រៀមប្រជែងធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៥០៕