អន្តរជាតិ
កូរ៉េខាងជើង​ថា ការសាកល្បង​មី​ស៊ី​ល​ចំងាយ​មធ្យម​របស់​អាមេរិក ជា​រឿង​គ្រោះថ្នាក់​
22, Aug 2019 , 3:34 pm        
រូបភាព
​កូរ៉េខាងជើង បាន​រិះគន់​សកម្មភាព​យោធា​ថ្មីៗ​នេះ​នៅ​កូរ៉េខាងត្បូង ដោយ​ចាត់ទុកជា​រឿង​គ្រោះថ្នាក់​។  អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២២ ខែសីហា និយាយថា ការសាកល្បង​មី​ស៊ី​ល​ចំងាយ​មធ្យម​របស់​អាមេរិក ការទទួល​យន្តហោះ F-35 របស់​កូរ៉េខាងត្បូង និង​សម្ភារ​យោធា​របស់​អាមេរិក​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ អាចបង្កើត​អោយមាន​ស​ង្គ្រា​ម​ត្រជាក់​ជាថ្មី​នៅក្នុង​តំបន់​។


 
​កូរ៉េខាងជើង​នៅតែ​មិន​ផ្លាស់ប្តូរ​តួរ​នាទី​របស់ខ្លួន​ឡើយ ក្នុងការ​ដោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ចពិភាក្សា និង​កិច្ចចរចា ប៉ុន្តែ​កិច្ចចរចា​ដែល​ភ្ជាប់​ជាមួយនឹង​ការគំរាមកំហែង​យោធា គឺ​មិនអាច​បំភ័យ​យើង​បានឡើយ​។ អ្នកនាំពាក្យ​កូរ៉េខាងជើង​ក្រសួងការបរទេស​កូរ៉េខាងជើង និយាយ​បែបនេះ បន្ទាប់ពី​កូរ៉េខាងត្បូង និង​អាមេរិក​ទើបតែ​បញ្ចប់​សមយុទ្ធ​យោធា និង​ការត្រៀម​បំពាក់អាវុធ​ទំនើបៗ​របស់​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​។ 
 
​សេចក្តីថ្លែងការណ៍​ថ្ងៃទី​២២ ខែសីហា អ្នកនាំពាក្យ​ក្រសួង​ដដែល លើកឡើងថា ការបំពាក់​សម្ភារ​ទំនើបៗ​របស់​អាមេរិក​លើ​កូរ៉េខាងត្បូង អាចបង្កើត​អោយមាន​ស​ង្គ្រា​ម​ត្រជាក់​នៅ​ឧបទ្វីប​កូរ៉េ និង​នៅក្នុង​តំបន់​។ តាម​សេចក្ដី​ថ្លែង​ការផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បានបញ្ជាក់​ទៀតថា ការ​នាំចូល​យន្តហោះ​ចម្បាំង​ប្រភេទ F-35 គឺជា សកម្មភាព​បំពាន​មិនអាច​អត់ឱន​បាន​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃទី​១៩ ខែសីហា អាមេរិក​បាន​សាកល្បង​មី​ស៊ី​ល​ចំងាយ​មធ្យម​ជា​លើកដំបូង ចាប់តាំងពី​ខ្លួន​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ហាមប្រាម​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី​។ ជា​ញឹកញយ ក្រុង​ព្យុងយ៉ាង បាន​គំរាមថា ទង្វើ​របស់​វ៉ាស៊ីនតោន អាច​ប៉ះពាល់​ដល់​ការចរចា​មិន​ខាន ទោះ​មេដឹកនាំ​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​បើ​ការចរចា​ឡើងវិញ​ក្ដី​។ 
 
​លោក Stephen Biegun មន្ត្រី​ទទួលបន្ទុក​កិច្ចចរចា​អាមេរិក​ជាមួយ​កូរ៉េខាងជើង បាន​មកដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​២០ ខែសីហា ដើម្បី​ពិភាក្សា​ពី​កិច្ច​ចារ​ចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ បន្ទាប់ពី​បាន​ឈានចូល​ប្រទេស​ជប៉ុន​។ បេសកជន​អាមេរិក​រូបនេះ​និយាយថា អាមេរិក​ត្រៀមខ្លួន​ចរចា​ជាស្រេច​ឲ្យ​តែមាន​ការឆ្លើយតប​ពី​កូរ៉េខាងជើង​។ 
 
​កិច្ច​ចារ​ចា​ថ្នាក់​កំពូល​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​រវាង​អាមេរិក និង​កូរ៉េខាងជើង បានធ្វើ​ពីរដង​រួចមកហើយ តែ​មិន​ទទួលបាន​លទ្ធផល​សម​ប្រកប​ឡើយ​។ ជំនួប​ទល់មុខ​លើក​ទី​បី​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា បាន​ព្រមព្រៀងគ្នា​ឲ្យ​មាន​កិច្ចចរចា​លើក​ទី​៣ ប៉ុន្តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​នៅ​មិនទាន់មាន​កិច្ចចរចារ​ណាមួយ​កើតឡើង​ទេ​៕ 

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com