កីឡាជាតិ
ជាតិ
«​សុភា​ទន្សាយ​» ជា​និមិត្តរូប «Mascot» ប្រចាំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​
22, Aug 2019 , 7:39 pm        
រូបភាព
ដោយ: រួបរួម
«​សុភា​ទន្សាយ​» ដែល​តំណាង​ឲ្យ​ភាព​វៃឆ្លាត ត្រឹមត្រូវ យុត្តិធម៌ ជាពិសេស​នៅក្នុង​រឿងព្រេង​ខ្មែរ ត្រូវបាន​ជ្រើសរើស​ជា​តុក្កតា​និមិត្តរូប (Mascot» ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) ឆ្នាំ​២០២៣ នៅពេលដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។ នេះ​បើ​យោងតាម​លក្ខខណ្ឌ​តម្រូវ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (CAMSOC) លើក​ទី​៣២ ក្នុង​សេចក្តី​ជួន​ដំណឹង​ពី​ការប្រឡងប្រណាំង​ជ្រើសរើស​គំនូរ​ស្លាក​សញ្ញា (Logo) និង​គំនូរ​និមិត្តរូប «Mascot»​។​

 
«​ត្រូវយក​រូប សុភា​ទន្សាយ ជា​សត្វ​តំណាង​»​។ CAMSOC បានកំណត់​លក្ខខណ្ឌ​យ៉ាង​ដូច្នេះ សម្រាប់​ការប្រកួតប្រជែង​គំនូរ​និមិត្តរូប «Mascot» និង​ស្លាក​សញ្ញា «Logo» SEA Games 2023 ។ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ក៏បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម Telegram ផងដែរ ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ការអធិប្បាយ​លម្អិត​នោះឡើយ​។​
 
​យោងតាម​សេចក្ដីជូនដំណឹង​របស់ CAMSOC បេក្ខជន​ដែល​ចង់​ចូលរួម​ប្រឡងប្រណាំង​សម្រាប់​គំនូរ​ស្លាក​សញ្ញា «Logo» និង​គំនូរ​និមិត្តរូប «Mascot» ជា​រូប «​សុភា​ទន្សាយ​»  ត្រូវមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង និង​មាន​សញ្ជាតិ​ខ្មែរ ហើយ​ផ្តល់​សិទ្ធិផ្តាច់មុខ​ដល់ CAMSOC ក្នុង​ប្រើប្រាស់​ផ្លូវការ ក្នុងករណី​ជាប់​ជ័យលាភី​។​
 
​សម្រាប់​បេក្ខជន​ដែល​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន និង​ចង់​ចូលរួម​បង្ហាញ​ស្នាដៃ​ជា​ប្រវត្តិសាស្ដ្រ​នោះ ត្រូវដាក់​ស្នាដៃ​របស់ខ្លួន ដែលជា​សំណៅ​ដើម​ដល់​លេខាធិការដ្ឋាន CAMSOC ដែលមាន​ទីតាំងនៅ​អាគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
 

Tag:
 ស៊ី​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com