ជាតិ
ខេត្ត​ព្រះសីហនុ និង​កោះកុង នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​រលក​សមុទ្រ​ខ្ពស់​
22, Aug 2019 , 3:53 pm        
រូបភាព
ស្ថានភាពទឹក​ជំនន់កន្លងមកនៅ​ខេត្តកោះកុង។ រូបថត រដ្ឋបាលខេត្តកោះកុង
ស្ថានភាពទឹក​ជំនន់កន្លងមកនៅ​ខេត្តកោះកុង។ រូបថត រដ្ឋបាលខេត្តកោះកុង
​ដោយ​៖ សុផល រតនៈ
 
​ភ្នំពេញ​៖ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី ២២ ដល់ ថ្ងៃទី ២៨ ខែសីហា ដោយសារតែ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​អូសបន្លាយ​កាត់​ពីលើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ជាពិសេស​ព្យុះ​នៅ​សមុទ្រ​ខាងកើត​ប្រទេស​ហ្វីលីពីន ឈ្មោះ បៃ​លូ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ស្ថានភាព​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹងធ្វើ​ឱ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស កម្រិត​ពី​តិច​ទៅ​បង្គួរ​។ បើតាម​ក្រសួង​ធនធានទឹក ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ រួមទាំង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ហើយ​មាន​ខ្យល់​បក់បោក​ខ្លាំង​លើ​ផ្ទៃសមុទ្រ ដែលនាំឱ្យ​មានរ​លកស​មុ​ទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៨ សីហា ។ 
 
​ដោយឡែក​បណ្ដា​ខេត្ត​ចាប់ពី​តំបន់​វាលទំនាប​ភាគ​កណ្ដាល​ឡើង​ទៅលើ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ចំណែក​រាជធានី និង​ខេត្ត​នៅ​ប៉ែក​ខាងក្រោម នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ឬ​ភ្លៀង​ខ្លាំង នៅ​តំបន់​មួយចំនួន​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​ធនធានទឹក ដែល​ស្នើឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ខ្យល់ ផ្គរ រន្ទះ និង​រលក​សមុទ្រ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​
 
​បើតាម​ក្រសួង​ធនធានទឹក ការធ្លាក់​ភ្លៀង​នេះ នឹង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បណ្តាលឱ្យ​ស្ថានីយ​ជល​សាស្ត្រ​នានា​នៅតាម​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម មាន​កម្ពស់​ទឹក​កើនឡើង​ជាង​មុន ប៉ុន្តែ​កម្ពស់​ទឹក​នេះ គឺ​ស្ថិតនៅក្រោម​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់​។ រីឯ​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ទឹកនឹង​ឡើងជា​បន្តបន្ទាប់​។​
 
«​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ពិសេស​ប្រជាកសិករ ដែល​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ទន្លេ​ទាំងអស់​រួសរាន់​ឡើង​ក្នុងការ​ប្រមូល​កសិផល និង​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​»​។ នេះ​ជាការ​អំពាវនាវ​របស់​ក្រសួង​ធនធានទឹក ដែល​បាន​បន្ថែមថា ទឹកទន្លេ​មេគង្គ តែងតែ​ហក់​ឡើង​២​ដង​ក្នុង​មួយឆ្នាំ ដែល​ហៅថា អតិបរមា​លើក​ទី​១ និង​អតិបរមា​លើក​ទី​២៕

Tag:
 ទឹកជំនន់​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com