ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​ក្រៅពី​ភ្នំពេញ កម្ពុជា​នឹងមាន​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​ដែល​ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង​ព្រះសីហនុ​
22, Aug 2019 , 8:39 pm        
រូបភាព
​ព្រះករុណា ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៧ ខែសីហា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​បួន​ផ្សេងគ្នា ស្តីពី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ និង​តំបន់​បី​ទៀត គឺ ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ​។ លើកលែង​សាលាឧទ្ធរណ៍ មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​មានដែល​ទីតាំង​ស្រាប់ សាលាឧទ្ធរណ៍​បី​តំបន់​បី​ទៀត នឹងត្រូវ​ដំណើរការ​ជា​ផ្លូវការ និង​ពេញលក្ខណៈ ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ តទៅ​។

   
 
​ព្រះរាជក្រឹត្យ បានបញ្ជាក់​ឲ្យ​ដឹងថា សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្តោប​សំណុំរឿង​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង សំណុំរឿង​ដែល​តុលាការ​កំពូល ទម្លាក់​មក​ឲ្យ​វិញ​។ ក្នុងករណី​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់ មិនទាន់​អាច​ដំណើរការ​ទៅបាន​នោះ បណ្តឹង​នានា ត្រូវ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​។​
 
​ដោយឡែក សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​នៅ​បី​តំបន់ ត្បូងឃ្មុំ បាត់ដំបង និង​ព្រះសីហនុ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ នោះ ក៏ត្រូវ​ទទួលបន្ទុក​លើ​សំណុំរឿង​ដែល​តុលាការ​កំពូល​បង្វិល​ម​ក​វិញ​ផងដែរ ក្រៅពី​សំណុំរឿង​ដែល​កើតឡើង​នៅ​តំបន់​ខ្លួន​។​
 
​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ ទទួលបន្ទុក​លើ​សំណុំរឿង ដែល​កើត​នៅ​បណ្តា​ខេត្ត​ចំនួន​១០ រួមមាន​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់ ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និង​ស្វាយរៀង​។​
 
 
​សំណុំរឿង ដែល​អាច​បញ្ជូន​បន្តទៅ​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង គឺជា​សំណុំរឿង ដែល​កើត​នៅ​៧​ខេត្ត គឺ​ខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​សៀមរាប​។​
 
​ដោយឡែក សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ ទទួលខុសត្រូវ​លើ​សំណុំរឿង ដែល​កើត​នៅ​៥​ខេត្ត គឺ​ខេត្ត​ព្រះសីហនុ តាកែវ កំពត កំពង់ស្ពឺ និង​កោះកុង​។​
 
​សូមបញ្ជាក់ថា កន្លងមក កម្ពុជា មាន​សាលាឧទ្ធរណ៍​តែមួយ​ប៉ុណ្ណោះ គឺ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ក្តោប​សំណុំរឿង​គ្រប់​ខេត្ត ដែល​ត្រូវបញ្ជូន​ឡើងទៅ​សាលាឧទ្ធរណ៍​។ យ៉ាងណា បច្ចុប្បន្ន កម្ពុជា ត្រូវ​ដំណើរ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​សិន មុននឹង​សាលាឧទ្ធរណ៍​តំបន់​ទាំងបី ចាប់ផ្តើម​ដំណើរការ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០៕ 

Tag:
 សាលាឧទ្ធរណ៍​តំបន់​
© រក្សាសិទ្ធិដោយ thmeythmey.com