អន្តរជាតិ
ចិន ប្រាប់​កូរ៉េខាងត្បូង​និង​ជប៉ុន​មិន​ឲ្យ​ទទួល​មី​ស៊ី​ល​អាមេរិក
22, Aug 2019 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា (ឆ្វេង), រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (កណ្ដាល) និងរដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ (ស្ដាំ) នាសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគី។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា (ឆ្វេង), រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (កណ្ដាល) និងរដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ (ស្ដាំ) នាសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគី។ រូបភាព AFP
​ចិន បាន​ប្រាប់​កូរ៉េខាងត្បូង និង​ជប៉ុន​ត្រង់ៗ​ថា ខ្លួន​ប្រឆាំង​ការពង្រាយ​មី​ស៊ី​ល​របស់​អាមេរិក​នៅ​ប្រទេស​ទាំងពីរ​នេះ​។ ចិន មិន​សប្បាយចិត្ត​ឡើយ​នៅ​ពេលឮ​គម្រោង​របស់​អាមេរិក​ដែល​ចង់​ពង្រាយ​មី​ស៊ី​ល​របស់ខ្លួន​នៅ​តំបន់​អាស៊ី ព្រោះ​មី​ស៊ី​ល​នេះ​មាន​គោលដៅ​តែ​ពីរ​ប៉ុណ្ណោះ គឺ​ចិន​ផ្ទាល់ និង​កូរ៉េខាងជើង​ដែល​នៅជាប់​ចិន​។ យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏បាន​បដិសេធ​ទទួល​មី​ស៊ី​ល​អាមេរិក​រួចហើយ​ដែរ ប៉ុន្តែ​ជប៉ុន​មិនទាន់​ការឆ្លើយតប​អ្វី​ទេ​។

 
​ឆ្លៀតឱកាស​ជំនួប​រដ្ឋមន្ត្រី​ត្រីភាគី​នៅ​ថ្ងៃទី​២១ ខែសីហា រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី (Wang Yi) បាន​ប្រាប់​សម​ភាគី​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) និង​សម​ភាគី​ជប៉ុន តា​រ៉ូ កូ​ណូ (Taro Kono) ពី​ជំហរ​របស់​ចិន​ពាក់ព័ន្ធ​គម្រោង​របស់​អាមេរិក​ក្នុងការ​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​នៅ​តំបន់​អាស៊ី​។ ប្រមុខ​ការ​ពាត​ជាតិ​អាមេរិក ម៉ាក អេ​ស្ពើ (Mark Esper) បាន​បង្ហើប​ពី​គម្រោង​នេះ​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​នៅពេល​ថ្មីៗ​នេះ​។ 
 
​ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវគេ​ជឿថា ជា​គោលដៅ​ដែល​អាមេរិក​អាច​ពង្រាយ​មី​ស៊ី​ល​របស់ខ្លួន​ក្នុង​គោលដៅ​សម្ញែង​អានុភាព​យោធា​របស់ខ្លួន​។ ប៉ុន្តែ​ចិន​បាន​ជំទាស់​ដាច់ខាត​។ នា​ជំនួប​នៅ​ប៉េកាំង លោក វ៉ាង ប្រាប់​លោកស្រី កាង និង​លោក កូ​ណូ ថា ចិន​ប្រឆាំង​ដាច់​ណាត់​មិន​ជប៉ុន ឬ​កូរ៉េខាងត្បូង​ឡើយ​លើ​ការទទួល​មី​ស៊ី​ល​អាមេរិក​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រមុខ​ការទូត​ចិន​បន្ថែមថា ប៉េកាំង នឹងធ្វើ​ការ​ជាមួយ​សេ​អ៊ូ​ល និង​តូ​ក្យូ​ក្នុងការ​ធានា​ពី​សន្តិភាព និង​សន្តិភាព​តំបន់​។​
 
​មិនមែន​តែ​ប្រទេស​នៅ​អាស៊ី​ប៉ែក​បូព៌ា​នេះ​ទេ សូម្បីតែ​អូស្ត្រាលី​ដែល​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏​ជា​មុខសញ្ញា​របស់​អាមេរិក​ដែរ​។ យ៉ាងណាមិញ កូរ៉េខាងត្បូង និង​អូស្ត្រាលី សុទ្ធតែ​បាន​បដិសេធ​រួច​អស់ហើយ នៅតែ​ជប៉ុន​ដែល​មិនទាន់​និយាយ​អ្វី​លើ​បញ្ហា​នេះ​។ 
 
​បើតាម​លោក អេ​ស្ពើ ក្រុង​វ៉ាស៊ីនតោន នឹង​ជជែក​ជាមួយ​សម្ព័ន្ធមិត្ត​មី​ស៊ី​ល​របស់​អាមេរិក​ពី​ការពង្រាយ​មី​ស៊ី​ល​នេះ​។ ការពង្រាយ​មី​ស៊ី​ល​នេះ អាចធ្វើ​បាន​ក្រោយ​អាមេរិក​ដកខ្លួន​ពី​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម (INF) ជាមួយ​រុស្ស៊ី​។ ក្រោម​កិច្ចព្រមព្រៀង​នេះ ប្រទេស​ទាំងពីរ មិនអាច​អភិវឌ្ឍ ឬ​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​បានទេ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិន​ពេញចិត្ត​សន្ធិសញ្ញា​នេះឡើយ ព្រោះ​រឹតត្បិត​សមត្ថភាព​អាមេរិក ហើយក៏​ដក​អាមេរិក​ចេញ​តែម្ដង​។ 
 
​សម្រាប់​តំបន់​អាស៊ី ក្រៅពី​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួន អាមេរិក​ទំនង​ពិបាក​រក​ទីតាំង​ដែល​អាច​ពង្រាយ​មី​ស៊ី​ល​ជា​អចិន្ត្រៃយ៍​បាន​ណាស់ ខណៈដែល​ប្រទេស​ឯង​ក្នុង​តំបន់ ក៏ត្រូវ​ពិចារណា​ឲ្យ​ដិតដល់​ពី​ទំនាក់ទំនង​ជាមួយ​ចិន​ដែល​ផងដែរ​។ កោះ​ហ្កា​ម​ដែលជា​ដែនដី​របស់​អាមេរិក ជាទី​តាំង​សមស្រប​បំផុត​សម្រាប់​ការទទួល​វត្តមាន​មី​ស៊ី​ល ព្រោះ​នៅក្បែរ​អាស៊ី​ស្រាប់​ផងដែរ​។ ម្យ៉ាង​ទោះជា​ចិន​ខឹង ក៏​ទំនង​មិនអាច​ធ្វើ​អ្វី​បានដែរ​៕ 

Tag:
 ចិន​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  អាមេរិក​
  វ៉ាង យី​
© រក្សាសិទ្ធិដោយ thmeythmey.com