តុលាការ ពន្យារពេល​លើក​ទី​ពីរ ពី​ការប្រកាស​សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការ ពន្យារពេល​លើក​ទី​ពីរ ពី​ការប្រកាស​សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ
22, Aug 2019 , 9:39 pm        
រូបភាព
លោក ឡាយ វណ្ណៈ ចូលរួមសវនាការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ (រូបភាព ថតបន្តពីវីដេអូរបស់កោះសន្តិភាព)
លោក ឡាយ វណ្ណៈ ចូលរួមសវនាការ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ (រូបភាព ថតបន្តពីវីដេអូរបស់កោះសន្តិភាព)
ដោយ: ថ្មីៗ
តាម​ការគ្រោងទុក នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ  ត្រូវ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ (​ប្អូន​) និង លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​ខេត្តតាកែវ (​បង​) ដែល​រង​ការចោទប្រកាន់​ពីបទ «​ឃាតកម្ម​» លើ​ស្រី្ត​ម្នាក់​។ ប៉ុន្តែ តុលាការ សម្រេច​ពន្យារពេល​ប្រកាស ដែល​កន្លងមក បាន​ពន្យារ​ម្តង​រួចមកហើយ​។



លោក សួស វិទ្យា​រ៉ា​ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការពន្យារពេល​លើក​ទី​ពីរ​នេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ ចំណែក​មូលហេតុ​នៃ​ការពន្យារ​ពេលនោះ លោក មិន​បកស្រាយ​ឡើយ​។ លោក បញ្ជាក់ថា ចៅក្រម មិនទាន់​កំណត់​ឡើយ ថា​នឹង​ប្រកាស​សាលក្រម​នៅពេលណា​។ 

 លោក អ៊ុន ច័ន្ទ​ថុល មេធាវី​ម្នាក់​របស់លោក ឡាយ វណ្ណៈ អះអាងថា នៅពេល​កំណត់​ជាថ្មី​អំពី​ការប្រកាស​សាលក្រម ចៅក្រម​នឹង​ជូនដំណឹង​ទៅ​លោក​និង​កូនក្តី​របស់លោក​។ យ៉ាងណា ចំពោះ​មូលហេតុ​នៃ​ការពន្យារពេល លោក​មេធាវី ក៏​មិន​បានដឹង​ដែរ ព្រោះ​លោក មិន​ចូលរួម​សវនាការ​នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា​នេះ​ទេ ដោយ​លោក​គ្រាន់តែ​ប​ញ្ជូ​ញ​ជំនួយការ​ឲ្យ​ទៅ​ចូលរួម​ស្តាប់​ប៉ុណ្ណោះ​។ «​ជំនួយការ​ខ្ញុំ​ប្រាប់ថា​គេ​ពន្យារពេល តែ​អត់​បាន​ប្រាប់ថា​មូលហេតុ​អី​ទេ​»​។​

តុលាការ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក ឡាយ វណ្ណៈ និង បងប្រុស កាលពី​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រោយ​សវនាការ​ចប់ ចៅក្រម មិន​ប្រកាស​សាលក្រម​ភ្លាម​នោះទេ ដោយ​លើក​ពេល មក​ប្រកាស​នៅ​ថ្ងៃទី​២២ ខែសីហា​វិញ តែ​មកដល់​ថ្ងៃនេះ ចៅក្រម ក៏​សម្រេច​លើក​ពេល​សាជាថ្មី​។
  
សំណុំរឿង​ឃាតកម្ម​នេះ នៅមាន​មនុស្ស​ពីរ​នាក់​ផ្សេងទៀត ក៏​ជាប់​ពាក់ព័ន្ធ​ដែរ​។ មនុស្ស​ពីរ​នាក់​នោះ ត្រូវ​ចោទ​ពីបទ «​លាក់បាំង​តម្រុយ​» ក្នុង​អំពើ​ឃាតកម្ម​នេះ​។ 

មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​ឃាតកម្ម ត្រូវ​ផ្តន្ទាទោស​ពី​១០​ឆ្នាំ ទៅ ១៥​ឆ្នាំ​។ ចំណែក​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើ​លាក់បាំង​តម្រុយ​ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ក្នុងការ​ស្វែងរក​ការពិត ត្រូវ​ផ្តន្ទាទោស​ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ ៦​លាន​រៀល​។​
 
​ស្ត្រី​ម្នាក់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែល​គេ​អះអាងថា​ជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ ត្រូវបាន​ប្រទះឃើញ​ស្លាប់ ដោយ​ស្ថានភាព​ចងក​ក្នុងផ្ទះ ស្ថិតនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨​។ ប៉ុន្តែ សមត្ថកិច្ច សន្និដ្ឋានថា មរណភាព​របស់​ស្ត្រី​រូបនេះ មិនមែនជា​ការធ្វើអត្តឃាត​នោះទេ តែ​ជា​អំពើ​ឃាតកម្ម​។ ក្រោយមក មនុស្ស​ទាំង​បួន​នាក់​ខាងលើ ក៏ត្រូវ​ចាប់ខ្លួន​៕ 
 

Tag:
 ឡាយ វណ្ណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com