អន្តរជាតិ
លោក ត្រាំ​៖ ខ្ញុំ​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​ជ្រើសរើស ឲ្យ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​
22, Aug 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតី លោកដូណាល់ ត្រាំ
ប្រធានាធិបតី លោកដូណាល់ ត្រាំ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែសីហា និយាយថា លោក​ត្រូវបាន​ជ្រើសរើស ដើម្បី​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ជាមួយ​ចិន​។ លោក​និយាយ​បែបនេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​រក​ច្រកចេញ​មិនទាន់​ឃើញ ហើយក៏​មានការ​ព្រមាន​ពី​អ្នកស្រាវជ្រាវ​ក្នុង​សភា​ថា ការដំឡើង​ពន្ធ​របស់លោក​លើ​ទំនិញ​ចិន នឹង​កាត់បន្ថយ​ទិន្នផល​សេដ្ឋកិច្ច​អាមេរិក​ចំនួន ០,៣ ភាគរយ​នៅក្នុង​ឆ្នាំ​២០២០​។


 
​ជីវិត​ប្រហែល​ស្រួល​ជាង​នេះ បើ​គ្មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែសីហា ស្រប​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​មាន​អាយុ​លើស​មួយឆ្នាំ​ហើយ​នោះ​។ ទោះជា​យ៉ាងណា លោក ត្រាំ នៅតែ​ជឿជាក់ថា កិច្ចព្រមព្រៀង​រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​នៅតែ​កើតមាន​។​
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ និយាយថា​៖ «​ខ្ញុំ​ជា​មនុស្ស​ម្នាក់​គត់​ត្រូវបាន​គេ​ជ្រើសរើស ដូច្នេះ​ខ្ញុំ​ត្រូវតែ​តទល់​ជាមួយ​ចិន​។ ខ្ញុំ កំពុងតែ​តទល់​ជាមួយ​ចិន​ផ្នែក​ពាណិជ្ជកម្ម​។ ហើយ​អ្នកដឹង​អ្វី​ទេ​? យើង​កំពុងតែ​ឈ្នះ​»​។ 
 
​ក្នុងការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​រវាង​ជាមួយ​ចិន​នេះ លោក ត្រាំ ទទួលស្គាល់ថា វា​ធ្វើអោយ​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច តែ​ការធ្លាក់ចុះ​នេះ វា​មិនទាន់​ដល់​កម្រិត​នៅឡើយ​ទេ​។ ក្នុងន័យនេះ លោក​ចង់បាន​សំដៅ​ដល់ កា​របះ​ពាល់​សេដ្ឋកិច្ច​អាមេរិក គឺ​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​វា​ប្រសើរ​ជាជាង​អោយ​ទីក្រុង​ប៉េកាំង​បោកប្រាស់​ជាច្រើន​ទសវត្ស​ន៍​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ​ការិយាល័យ​ថវិកា​សភា (Congressional Budget Office) ក៏បាន​ព្រមាន​ផលវិបាក​នៃ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​។ ការិយាល័យ​នេះ​អះអាងថា ពន្ធ​របស់លោក ត្រាំ នឹង​កាត់បន្ថយ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​ជា ០,៣​ភាគរយ ក្នុង​ឆ្នាំ​២០២០​។ ការដំឡើង​ពន្ធ​នេះ​ធ្វើអោយ​តម្លៃ​ផលិតផល​ក្នុងស្រុក​ឡើងថ្លៃ កាត់បន្ថយ​ការប្រើប្រាស់ ហើយ​ការចំណាយ​លើ​ការវិនិយោគ​ក៏​កាន់តែ​ខ្ពស់​។ 
 
​ចំណែកឯ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វិញ ក៏​ប៉ាន់ប្រមាណ​ដែរ​ថា សេដ្ឋកិច្ច​សកលលោក អាច​កាត់បន្ថយ​ដល់ ០,៥ ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារតែ​ការដំឡើង​ពន្ធ​នេះ​៕
 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com