អន្តរជាតិ
ចិនព្រមានដាក់ទណ្ឌកម្ម បើអាមេរិកពិតជាលក់យន្តហោះចម្បាំង F-16 ឲ្យតៃវ៉ាន់
×
ដោយ៖ ងួន សុភាវត្តី
ចិន នៅថ្ងៃទី២១ ខែបានគំរាមសហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលពាក់ព័ន្ធនឹងការលក់យន្តហោះចម្បាំង F-16 ទៅអោយតៃវ៉ាន់ បើក្រុងវ៉ាស៊ីនតោន នៅតែបន្តយល់ព្រមអោយក្រុមហ៊ុនទាំងនោះលក់យន្តហោះចម្បាំងនេះទៅអោយតៃវ៉ាន់ទៀត។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Geng Shuang បានជំរុញអោយសហរដ្ឋអាមេរិកបញ្ឈប់នូវការលក់សព្វាវុធ និងទំនាក់ទំនងខាងផ្នែកយោធាជាមួយកោះតៃវ៉ាន់។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមលើកិច្ចព្រមព្រៀងទឹកប្រាក់ ៨ ពាន់លានដុល្លារជុំវិញការលើកយន្តហោះ F-16 ចំនួន ៦៦ គ្រឿងទៅអោយតៃវ៉ាន់។ ការលក់យន្តហោះចម្បាំងនេះធ្វើឡើងស្របពេលដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកាន់តែកើនឡើងជាពិសេសលើជម្លោះពាណិជ្ជកម្ម។
ចិនចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលគួរតែបង្រួបបង្រួមជាមួយចិនដីគោក ហើយអាចនឹងមានការប្រើកម្លាំងបើចាំបាច់។ ចិនតែងតែរិះគន់កិច្ចព្រមព្រៀងសព្វាវុធរបស់អាមេរិកជាមួយតៃវ៉ាន់រួមទាំងកិច្ចព្រមព្រៀងបច្ចុប្បន្ននេះផង។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២០ ខែសីហា នៅក្នុងសេចក្តីជូនដំណឹងជាផ្លូវការមួយរបស់សភា។
នៅក្នុងសេចក្តីជូនដំណឹងទៅកាន់សភា មន្ទីរបញ្ចកោណ និយាយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលយន្តហោះចម្បាំង F-16 ចំនួន ៦៦ គ្រឿង ម៉ាស៊ីនអគ្គិសនីទូទៅ ៧៥ គ្រឿងនិងប្រព័ន្ធផ្សេងទៀត។ សេចក្តីជូនដំណឹងបន្ថែមថា ការលក់នេះគឺដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិកហើយនឹងជួយលើកកម្ពស់សន្តិសុខរបស់កោះតៃវ៉ាន់។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Geng អះអាងថា ការលក់នេះគឺជាការបំពានច្បាប់អន្តរជាតិនិងទំនាក់ទំនងអន្តរជាតិក៏ដូចជាគោលនយោបាយចិនតែមួយដែលអាមេរិកទទួលស្គាល់ហើយមានទំនាក់ទំនងផ្លូវការជាមួយចិនតែប៉ុណ្ណោះមិនមែនតៃវ៉ាន់ទេ។
លោកបានបន្ថែមថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរួមទាំងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងនេះផង៕
© រក្សាសិទ្ធិដោយ thmeythmey.com