អន្តរជាតិ
ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ចោទ​សកម្មជន​បរិស្ថាន​ថា ជា​អ្នក​ដុត​
23, Aug 2019 , 8:59 am        
រូបភាព
លោកប្រធានាធិបតីប្រេស៊ីល_Jair_Bolsonaro
លោកប្រធានាធិបតីប្រេស៊ីល_Jair_Bolsonaro
​ភ្លើង​ឆេះ​ព្រៃ នៅក្នុង​តំបន់​ទាក់ទាញ​ទឹកភ្លៀង​អា​ម៉ា​ហ្សូ​ន នៅ​ភាគខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល បង្កអោយមាន​ការផ្ទុះ​កំហឹង​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម ខណៈពេល​លោក​ប្រធានាធិបតី Jair Bolsonaro នៅ​ពី​ថ្ងៃទី​២១ ខែសីហា បាន​ចោទ​អ្នកការពារ​បរិស្ថាន​ថា ជា​អ្នក​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​នេះ​។ 


 
​រូបភាព​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​បំផ្លាញ​ទាំងស្រុង​នៅលើ​តំបន់​មួយ​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​ផុស​នៅលើ​បណ្តាញ​សង្គម Twitters ថា #PrayForAmazonas ដែលមាន​អ្នកសរសេរ​រហូតដល់ ២៤៩ ០០០​ដង​។ 
 
​អ្នកលេង Twitter ម្នាក់​បានសរសេរថា​៖ «​មិន​ថា​អ្នក​ជោគជ័យ​ប៉ុនណា​ទេ បើ​ផែនដី​ស្លាប់ យើង​នឹង​ស្លាប់​ទាំងអស់គ្នា​»​។ ដោយឡែក​អ្នកលេង​ម្នាក់ទៀត​បានសរសេរថា ផ្ញើ​ការ​បួងសួង​របស់​អ្នក​ទៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ពិភពលោក​ទៅ ពួកយើង​ត្រូវការ​វា​។ 
 
​ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តាមរយៈ​សេវាកម្ម​ផ្ទៀងផ្ទាត់​ការពិត​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP រូប​ឆេះ​ព្រៃ​ខ្លះ​ត្រូវ​ថត​តាំងពី​ឆ្នាំ​១៩៨៩ ហើយ​រូបភាព​ភ្លើង​ឆេះ​ព្រៃ​ខ្លះទៀត រកឃើញ​នៅក្នុង​អាមេរិក ឥណ្ឌា​ជាដើម​។ ការណ៍​នេះ នាំ​ឲ្យ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ ប៊ុល​សូ​ណា​រ៉ូ (Jair Bolsonaro) រិះគន់​ក្រុម​ការពារ​បរិស្ថាន​។ 
 
​លោក​ប្រធានាធិបតី ប៊ុល​សូ​ណា​រ៉ូ និយាយថា សកម្មភាព​ឧក្រិដ្ឋ​របស់​អង្គការក្រៅរដ្ឋាភិបាល​ដែល​ប្រឹង​ទាញ​ចំណាប់អារម្មណ៍​ឲ្យ​ប្រឆាំងនឹង​រូបលោក និង​រដ្ឋាភិបាល​របស់​ប្រេ​ស៊ី​ល​ក្រោយពេល​លោក​កាត់លុយ​ពី​មូលនិធិ​ពួកគេ អាចជា​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​នេះ​។ លោក​បញ្ជាក់ថា​៖« នេះ​គឺជា​សង្គ្រាម ដែល​យើង​ត្រូវ​ប្រឈមមុខ​»​។ 
 
​កាន់តែ​ធ្ងន់ធ្ងរ មេដឹកនាំ​ប្រេ​ស៊ី​ល​រូបនេះ​បន្ត​ចោទ​ក្រុម​ការពារ​ព្រៃឈើ​ទៀតថា ភ្លើង​ឆេះ​នៅ​តំបន់​យុទ្ធសាស្ត្រ ហើយ​ទឡ្ហីករណ៍​នានា​បង្ហាញថា សកម្មជន​ទាំងនោះ បាន​ទៅ​ដុត​ភ្លើង ហើយ​ថត​តែម្ដង​។ 
 
​សូមបញ្ជាក់ថា ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជាវ​ផ្នែក​អាវ​កាស​រកឃើញ ការដុត​ព្រៃ​មាន​៧៣០០០​ករណី ចន្លោះ​ពី​ខែមករា ដល់​ខែសីហា ដែល​តួលេខ​នេះ​ខ្ពស់ជាង​ឆ្នាំ​ណាៗ​ទាំងអស់​ចាប់ពី​ឆ្នាំ​២០១៣ ខណៈពេល​ឆ្នាំ​២០១៨ មាន​ត្រឹមតែ ៣៩៧៥៩​ករណី​ប៉ុណ្ណោះ​។ ដោយសារតែ​មិនអាច​វាស់​ពី​ទំហំ​នៃ​ភ្លើង​ឆេះ​ព្រៃ ទីក្រុង​ខ្លះ ដូចជា Sao Paulo​ត្រូវ​គ្របដណ្តប់​ដោយ​ផ្សែង​យ៉ាង​ក្រាស់ឃ្មឹក​។ ចំណែក​ជើងយន្តហោះ​ត្រូវបាន​ប្តូរ​ជើងហោះហើរ ឬ​ពន្យារពេល​។ 
 
​យ៉ាងណាមិញ​ការឆេះ​ព្រៃ​នេះ ធ្វើអោយ​សកម្មជន​បរិ​ស្ថាន​រិះគន់​លោក​ប្រធានាធិបតី​យ៉ាងខ្លាំង នៅក្រោម​ហេតុផល​ថា​លោក Jair Bolsonaro លើកទឹកចិត្ត​ឲ្យ​មានការ​កាប់​ព្រៃ​ខុសច្បាប់ ជីក​យក​រ៉ែ និង​ដុត​ព្រៃ​យក​ដី​ចិ​ញ្ជឹ​ម​សត្វ​ជាដើម​។ 
 
​តាមពិតទៅ ប្រេ​ស៊ី​ល​ក៏​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​អង្គការសហប្រជាជាតិ​លើ​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៥ ផងដែរ តែ​ប្រទេស​នេះ​បាន​ដកខ្លួន​ចេញ​។ បញ្ហា​បរិស្ថាន​ដ៏​ចម្រូងចម្រាស​នេះ ជា​មូលហេតុ​នៃ​ការដកខ្លួន​តែម្ដង​៕  
 

Tag:
 ​ប្រេ​ស៊ី​ល​
  ព្រៃ​អា​ម៉ា​ហ្សូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com