ជាតិ
បាក់ឌុប
រដ្ឋមន្ត្រី​៖ កំណែទម្រង់​គុណភាព​អប់រំ​៥​ឆ្នាំ បានធ្វើឱ្យ​សិស្ស​ផ្លាស់ប្ដូរ​ឥរិយាបថ ១៨០​ដឺ​ក្រេ
23, Aug 2019 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ រយៈពេល​២​ថ្ងៃ​មកនេះ មាន​បេក្ខជន​ចំនួន​ពីរ​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រព្រឹត្តល្មើស​វិន័យ ដោយ​លួច​យក​សំណៅ​ឯកសារ និង​ទូរ​សព្ទ​ចូល​ប្រឡង ហើយ​ត្រូវបាន​មន្ត្រី​ក្រសួង​អប់រំ ចាប់បាន​និង​សម្រេច​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ដ្បិត​នៅមាន​បេក្ខជន​លួច​ប្រព្រឹត្តល្មើស​វិន័យ​ក្តី ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ពី​លទ្ធផល​ជោគជ័យ​នៃ​ដំណើរ​ការប្រឡង​បាក់​ឌុប​នេះ​។​

 
​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន ចាត់ទុក​បញ្ហា​ល្មើស​វិន័យ​តែ​ពីរ​ករណីនេះ ជាសញ្ញាបង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​។ នោះ​ក៏​ព្រោះតែ​ការប្រឡង ដែល​ធ្លាប់តែ​ពោរពេញ​ទៅដោយ​ការលួចចម្លង​តាមរយៈ​សំណៅ​ឯកសារ នៅក្នុង​មណ្ឌល​ប្រឡង​នោះ ប្រែក្លាយ​មកជា​ការប្រឡង ដោយ​ពឹង​ផ្អែកលើ​សមត្ថភាព​ខ្លួន​ច្រើនជាង​។ 
 
​ដោយសារ​មូលហេតុ​បែបនេះហើយ ទើប​លោក​រដ្ឋមន្ត្រី ហ៊ាន​អះអាងថា បេក្ខជន​ប្រឡង បាន​ផ្លាស់ប្ដូរ​ឥរិយាបថសិក្សា​ដែល​មិន​ធ្លាប់មាន តាមរយៈ​កំណែទម្រង់​អប់រំ នៃ​ការ​រឹតបន្តឹង​ការប្រឡង​នេះ​។ «​ក្នុងចំណោម​បេក្ខជន​ប្រឡង​១​សែន​នាក់ មានតែ​២​នាក់​ទេ ដែល​លួច​មាន​សំណៅ​ឯកសារ​(​ល្មើស​វិន័យ​ប្រឡង​)​។ ឆ្នាំ​ទី​១ (​កំណែទម្រង់​អប់រំ​ដំបូង​) លោកគ្រូ​ជា​អនុរក្ស ត្រូវយក​សំណៅ​ឯកសារ ចេញ​ទាំង​បាវៗ ពី​មណ្ឌល​ប្រឡង​។ ឥឡូវនេះ ទៅ​មើល​នៅក្នុង​ធុងសំរាម គឺ​អត់​ឃើញ​មាន​សំណៅ​ឯកសារ​ទេ គឺ​គាត់​(​បេក្ខជន​ប្រឡង​)​សុខចិត្ត​មុន​ចូល​មណ្ឌល​ប្រឡង ពួកគាត់​អាន​(​មេរៀន​)​នៅ​ខាងក្រៅ​(​មណ្ឌល​ប្រឡង​)»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ ជួន ណា​រ៉ុ​ន​។​
 
​ជា​បន្ត​សូម​លោកអ្នក​នាង ស្ដាប់​ការបកស្រាយ​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ដល់​កិច្ច​សម្ភាស​ផ្ដាច់មុខ​ដល់​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖
 
 
​ក្រៅពី​ករណី​បេក្ខជន​លួច​យក​សំណៅ​ឯកសារ និង​ទូរ​សព្ទ​ចូលក្នុង​បន្ទប់​ប្រឡង​នេះ ក៏មាន​បេ​ក្ខ​នារី​នៅ​សៀមរាប​ម្នាក់ ដែល​ក្រសួង​សម្រេច​ឱ្យ​ធ្លាក់ ព្រោះតែ​មក​ប្រឡង​យឺត​នោះ ក៏​ជាការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ នៃ​ការពង្រឹង​គុណភាព​អប់រំ​ដែរ​។ ប៉ុន្តែ​ការសម្រេច​បែបនេះ ត្រូវបាន​រដ្ឋមន្ត្រី​អប់រំ អះអាងថា វា​ជាការ​អនុវត្ត​ច្បាប់ តាម​យន្តការ​កំណែទម្រង់​អប់រំ​របស់​ក្រសួង​។ បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព គឺជា​មូលហេតុ​នៃ​ជោគជ័យ​កំណែទម្រង់​អប់រំ ក្រោម​ពាក្យស្លោក​ថា «​អ្នកចេះ​គឺជា​ប់​»​។​
អត្ថបទទាក់ទង
 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប ២០១៩
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com