ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​៦ ត្រូវ​ពិន័យ​៥​លាន​រៀល ព្រោះ​មិន​ធ្វើ​របាយការណ៍​ឲ្យ​មហាផ្ទៃ
22, Aug 2019 , 5:41 pm        
រូបភាព
រូបភាពពីក្រសួង មហាផ្ទៃ
រូបភាពពីក្រសួង មហាផ្ទៃ
​គណបក្សនយោបាយ​៦ ត្រូវ​រង​ពិន័យ​៥​លាន​រៀល សម្រាប់​គណបក្ស​នីមួយៗ ក្រោយ​ពួកគេ​មិនបាន​បញ្ជូន​របាយការណ៍​ប្រចាំឆ្នាំ​ទៅកាន់​ក្រសួងមហាផ្ទៃ រយៈពេល​២​ឆ្នាំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​។

 
​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រសួងមហាផ្ទៃ និង​គណបក្សនយោបាយ​ចំនួន​៣៥ កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មាន​គណបក្សនយោបាយ​៦ ពុំ​បានធ្វើ​របាយការណ៍​ប្រចាំឆ្នាំ (២០១៧-២០១៨) ដាក់ជូន​ក្រសួងមហាផ្ទៃ​នោះទេ ដូច្នេះ​ពួគគេ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​។ 
 
​បក្សនយោបាយ​ទាំង​៦​នោះ រួមមាន គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ  គណបក្ស​វ​ង្គ​ត​ខេមរៈ​មហានគរ គណបក្ស​សិទ្ធិមនុស្ស គណបក្ស​ម៉ូលីណាកា និង អ្នកតស៊ូ​ដើម្បី​សេរីភាព គណបក្ស​សង្គម​ប្រជាធិបតេយ្យ និង គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​។ 
 
​លោក បាន​ក្រើនរម្លឹក​ដល់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​រៀបចំ​របាយការណ៍​បក្ស​ខ្លួន​ដាក់ជូន​ក្រសួងមហាផ្ទៃ និង​ក្រសួង​ហិរញ្ញវត្ថុ ហើយ​ក្នុងករណី​មាន​គណបក្ស​ណាមួយ​មិន​អនុវត្ត នឹង​ប្រឈម​ការផាកពិន័យ​ចំនួន​៥​លាន​រៀល​ឡើងទៅ​។ 
 
​រដ្ឋលេខាធិការ​រូបនេះ បញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ និង​ឈ្វេងយល់​បន្ថែម​ពី​ខ្លឹមសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ លើសពីនេះ​គឺ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​ស្ថានភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​អ​ព្យា​ក្រឹត្យ​ភាព​។ 
 
​លោក ប្រាក់ សំអឿន អគ្គនាយក​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ ដែល​បាន​ចូលរួម​ប្រជុំ​ដែរនោះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​ស័​ទ្ទ​ថា ក្នុងចំណោម​៦​គណបក្ស​នោះ មាន​៣​គណបក្ស​ហើយ ដែល​បាន​យក​ថវិកា ទៅជូន​ក្រសួងមហាផ្ទៃ​។ លោក បន្តថា ចំពោះ​គណបក្ស​៣​ទៀត បើ​មិន​ព្រមយក​ថវិកា​ទៅ​បង់​នៅ​ក្រសួងមហាផ្ទៃ​ទេ នឹងរង​ចំណាត់ការ​ផ្សេងទៀត​។ 
 
​សូមបញ្ជាក់ថា មាន​គណបក្សនយោបាយ​ចំនួន​៤៤​បក្ស បាន​ចុះបញ្ជី​ផ្លូវការ ហើយ​ក្នុងនោះ​មាន​ចំនួន​៤២ គណបក្ស​កំពុងមាន​សកម្មភាព​ន​យោ​បាយ​របស់ខ្លួន​នៅតាម​បណ្តា​មូលដ្ឋាន​នៃ​រាជធានី​-​ខេត្ត ខណៈ ២​បក្ស​ទៀត​មិនមាន​សកម្មភាព​នោះទេ​៕

Tag:
 បក្សនយោបាយ​
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com