ជាតិ
ពីនេះ ពីនោះ
«​បាវ​» និង​«​ប៉ៅ​»​មានន័យ​ខុសគ្នា​បែបណា​?
09, Sep 2023 , 7:29 am        
រូបភាព
រូបភាព ពាក្យ បាវ និងប៉ៅ​
រូបភាព ពាក្យ បាវ និងប៉ៅ​
ដោយ: ថ្មីៗ
«​បាវ​»​ជា​ពាក្យ​ខ្មែរ​មានន័យថា ការុង​ខ្នាត​ធំ​ជ្រៅ​ដែល​ធ្វើ​ដោយ​សរសៃ​ក្រចៅ និង​ធ្មៃ​ជាដើម សម្រាប់​ច្រក​គ្រាប់ស្រូវ​,​អង្ករ​,​គ្រាប់សណ្តែក និង​គ្រាប់ពោត​ជាដើម​។ ចំណែក​«​ប៉ៅ​»​ជា​ពាក្យ​កម្ចី​ពី​ចិន ដោយ​ចិន​អាន​ថា ប៉ាវ ដែល​មានន័យថា កញ្ចប់​។​


 
​ពាក្យ​«​បាវ​»​មិន​ត្រឹមតែ​មានន័យថា ការុង​នោះទេ ក៏​មានន័យ​ម្យ៉ាង​ទៀតថា ទាសៈ ឬ​ទាសី គឺ​ខ្ញុំប្រុស ឬ​ខ្ញុំស្រី​។ សម័យ​បច្ចុប្បន្ន​គេ​ឈប់​ប្រើពាក្យ បាវ ដោយ​សំដៅ ទាសៈ ឬ​ទាសី ហើយ​ព្រោះ​សម័យនេះ មានតែ​ឈ្នួល​,​កម្មករ​,​កម្ម​កា​រិ​កា ឬ​ប្រុស​បម្រើ ឬ​ស្រី​បម្រើ​។ «​បាវ​»​ក្នុងន័យ​មួយទៀត សំដៅ​លើដី​សូន​ជា​ឡ​តូច សម្រាប់​រំលាយ​ប្រាក់​,​មាស និង​លោហជាតិ​ផ្សេងៗ​មាន​ស្ពាន់ ឲ្យ​រលាយ​រាវ​ដូចជា​ទឹក​ហើយ​ចាក់​ចូលក្នុង​ពុម្ព​។ 
 
​ចំពោះ​ពាក្យ​«​ប៉ៅ​»​វិញ​មានន័យថា កញ្ចប់ ដោយ​ប្រើ​ជាមួយ​ពាក្យ​ថា តែ​១​ប៉ៅ គឺ​តែ​១​កញ្ចប់​។ នំ​ប៉ៅ ឈ្មោះ​នំ​ចិន​មួយ​ប្រភេទ​ដែលមាន​ស្នូរ​ផ្អែម​។ «​ប៉ៅ​»​មានន័យ​ម្យ៉ាង​ទៀតថា ជា​ដុំ​ថ្នាំជក់​ដែល​គេ​បត់​ជា​ផ្នត់ រាង​សំប៉ែត​បួន​ជ្រុង​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com