ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចេះ​ក៏​គួរ​រៀន​ញុាំ​! “​ត្រប់វែង​” ទប់ស្កាត់​ជំងឺ​សាហាវៗ​ជាច្រើន​
24, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រប់វែង គឺជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​សុខភាព​ដែល​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ដឹង​។ ថា​តើ​ផ្លែ​ត្រប់វែង​អាច​ផ្ដល់​ផល​ល្អ​អ្វី​ខ្លះទៅ​ចំពោះ​សុខភាព​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ត្រប់វែង ចំពោះ​សុខភាព ៖
 
១. កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ត្រប់វែង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត Chlorogenic ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ អាស៊ីត Chlorogenic ក៏​ដើរតួ​ជា​សារធាតុ​ប្រឆាំង​វីរុស សារធាតុ​ប្រឆាំង​ជំងឺមហារីក និង​សារធាតុ​ប្រឆាំង​មេរោគ​អតិសុខុមប្រាណ​ផងដែរ​។​
 
២. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
 
​ត្រប់វែង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​បន្លែ​នេះ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប ប៉ុន្តែ​ជាតិ​សរសៃ​ខ្ពស់​។​
 
៣. បង្កើន​សុខភាព​ខួរក្បាល​
 
​សំបក​នៃ​ផ្លែ​ត្រប់វែង គឺមាន​ផ្ទុក​សារធាតុ nasunin និង anthocyanin ដែល​សុទ្ធតែជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​ភ្នាស​កោសិកា​ជាតិ​ខ្លាញ់​នៅក្នុង​កោសិកា​ខួរក្បាល​មិន​ឲ្យ​ទទួលរង​ការបំផ្លាញ​ណាមួយ​នៃ​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត  សារធាតុ anthocyanin ក៏មាន​ប្រសិទ្ធភាព​ជួយ​សម្រួល​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល និង​ទប់ស្កាត់​ការ​រលាក​សរសៃប្រសាទ​ផងដែរ​។ ជា​លទ្ធផល​វា​ជួយ​ក្នុងការ​ទប់ស្កាត់​បញ្ហា​ផ្លូវចិត្ត​ដែល​ទាក់ទង​នឹង​អាយុ ហើយ​បង្កើន​ការចងចាំ​។​
 
៤. ទប់ស្កាត់​ជំងឺមហារីក 
 
​ផ្លែ​ត្រប់វែង មាន​ផ្ទុក​នូវ​សារធាតុ polyphenols ដែល​ប្រឆាំងនឹង​ជំងឺមហារីក​។ ចំណែក​សារធាតុ​anthocyanins និង​អាស៊ីត Chlorogenic នៅក្នុង​ត្រប់វែង​ដើរតួនាទី​ជា​សារធាតុ​ប្រឆាំង​ការ​រលាក និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​ការពារ​កោសិកា​រាងកាយ​ពី​ការបំផ្លាញ​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី ហើយ​ជា​លទ្ធផល គឺ​ជួយ​ទប់ស្កាត់​ការលូតលាស់​នៃ​ដុំ​សាច់ និង​ការ​លុកលុយ​នៃ​កោសិកា​មហារីក​។​

៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ត្រប់វែង​មាន​ផ្ទុក​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម ជាតិ​សរសៃ វីតាមីន B6 វីតាមីន C សារធាតុ phytonutrients សារធាតុ flavonoids និង​សារធាតុ anthocyanins ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ចាំបាច់​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ក៏ដូចជា​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com