សមាគម​អ្នកជំនួញ​នៅ​កម្ពុជា​ប្រកាសថា ពន្ធគយ​សហភាព​អឺរ៉ុប​លើ​អង្ករ​កម្ពុជា​ប៉ះពាល់​កសិករ​ខ្មែរ​
ជាតិ
សេដ្ឋកិច្ច
សមាគម​អ្នកជំនួញ​នៅ​កម្ពុជា​ប្រកាសថា ពន្ធគយ​សហភាព​អឺរ៉ុប​លើ​អង្ករ​កម្ពុជា​ប៉ះពាល់​កសិករ​ខ្មែរ​
23, Aug 2019 , 7:59 pm        
រូបភាព
រូប​​ឯកសារ៖ កសិករ​ក្នុង​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ស្ទូង​ស្រែ​របស់​ពួក​គាត់ នាថ្ងៃ​ទី០២​ ខែសីហាឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូប​​ឯកសារ៖ កសិករ​ក្នុង​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ស្ទូង​ស្រែ​របស់​ពួក​គាត់ នាថ្ងៃ​ទី០២​ ខែសីហាឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ប្រទេស​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពន្ធគយ​របស់​សហភាព​អឺរ៉ុប​ទៅលើ​អង្ករ​របស់​កម្ពុជា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កសិក​រ​កន្លះ​លាន​នាក់​ដោយសារ​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ការនាំចេញ​ទៅកាន់​អឺរ៉ុប ខណៈ​អឺរ៉ុប​ពិនិត្យឡើងវិញ​នូវ​ការអនុគ្រោះ​ពន្ធគយ​សម្រាប់​ប្រទេស​នេះ​ដោយសារ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​។​

 
​កាលពី​ខែមករា សហគមន៍​អឺរ៉ុប​បានកំណត់​ពន្ធ​រយៈពេល​៣​ឆ្នាំ​លើ​អង្ករ​ពី​កម្ពុជា​និង​ភូមា​ក្នុង​គោលបំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហគមន៍​អឺរ៉ុប​ដូចជា​អ៊ីតាលី បន្ទាប់ពី​មានការ​កើនឡើង​នៃ​ការនាំ​អង្ករ​ចូល​ពី​ប្រទេស​នៅ​អាស៊ី​ទាំងពីរ​នេះ​។​
 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​ដឹងថា​រយៈពេល​៦​ខែ​ដំបូង បន្ទាប់ពី​មានការ​យកពន្ធ​អង្ករ​កម្ពុជា​នោះ  ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ពាក់កណ្តាល បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​គឺ​ចុះមក​ត្រឹម​៩៣.០០០​តោន​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ការធ្លាក់ចុះ​នេះ​ប៉ះពាល់​ភាគច្រើន​ដល់​ពលរដ្ឋ​ចំនួន​៥០​ម៉ឺន​គ្រួសារ ដែល​ដំណាំ​ស្រូវ​ផ្កាម្លិះ និង​ស្រូវ​អង្ករ​ក្រអូប​គ្រាប់​វែង ទោះជា​អង្ករ​ទាំងនេះ​មិនមាន​លក្ខណៈ​ប្រកួតប្រជែង​ផ្ទាល់​ជាមួយ​ផលិតផល​ដាំ​នៅ​សហភាព​អឺរ៉ុប​ក៏ដោយ​។ 
 
​សហគមន៍​អឺរ៉ុប​កាលពី​ខែកុម្ភៈ​បានចាប់ផ្តើម​ដំណើរការ​ត្រួតពិនិត្យរ​យៈ​ពេល​១៨​ខែ ដែល​អាច​ឈានដល់​ការព្យួរ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​វិបត្តិ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​។ ការត្រួតពិនិត្យ​នេះ​គឺ​ដាច់ដោយឡែក​ពី​ការយកពន្ធ​អង្ករ​។​
 
​សហភាព​អឺរ៉ុប​ជាទី​ផ្សារ​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ជាង​១​ភាគ​៣ រួមមាន​សម្លៀកបំពាក់ ស្បែកជើង​និង​កង់​។​
 
​កាលពី​ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោក​នឹង​ជួយ​ប្រទេស​កម្ពុជា ប្រសិនបើ​សហភាព​អឺរ៉ុប​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ។ ប្រទេស​ចិន​ក៏បាន​យល់ព្រម​ទិញ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ហ៊ុនសែន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com