អន្តរជាតិ
មេដឹកនាំ G7 ប្រុងប្រៀប​រៀបចំ​សន្និសីទ​កំពូល​នៅពេលដែល​មានការ​ភ័យខ្លាច​អំពី​សេដ្ឋកិច្ច​សាកលលោក​
23, Aug 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ឡុង​ដិ៍ ៖ មេដឹកនាំ​សហរដ្ឋអាមេរិក បារាំង ចក្រភព​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​កាណាដា នឹង​ជួបគ្នា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​របស់​ពិភពលោក​នៅក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​នៅឯ​ជំនួប​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រទេស​ដែលមាន​ឧស្សាហ៍កម្ម​ជឿនលឿន​ជាងគេ​ទាំង ៧​ប្រទេស​ហៅថា G7​។​


​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron សម្រេចយក​ការប្រយុទ្ធ​អំពី​វិសមភាព​វេទិកា​សម្រាប់​សន្និសីទ​កំ​ពូ​ល​នោះ ហើយ​បាន​អញ្ជើញ​មេដឹកនាំ​ផ្សេងៗ​ទៀត​របស់​ពិភពលោក​ឲ្យ​ចូលរួម​ដែរ​។ បញ្ហា​សេដ្ឋកិច្ច គំរាមកំហែង​សន្និសីទ​កំពូល​នៅ​កន្លែង​លំហែកាយ Biarritz ក្នុងប្រទេស​បារាំង​។​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ នៅ​ត្រើយ​ទាំងសងខាង​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បានបង្ហាញ​ពីស​ញ្ញា​នៃ​ការព្រួយបារម្ភ​។​

​លោក Jasper Lawler ជា​សេដ្ឋវិទូ និយាយថា ប័ណ្ណបំណុល​រដ្ឋាភិបាល​ក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​អាល្លឺម៉ង់ បាន​ឡើងថ្លៃ​ក្នុង​រយៈពេល ២​ឆ្នាំ​ខ្ពស់ជាង​បណ្ណ​បំណុល​ក្នុង​រយៈពេល​១០​ឆ្នាំ ដែលជា​សញ្ញា​មួយ​ថា ក្រុម​អ្នកវិនិយោគ មើលឃើញ​ហានិភ័យ​យ៉ាងខ្លាំង​នៅពេល​ខាងមុខ​។​លោក Jasper Lawler បាន​ថ្លែងថា​៖ «​ជាពិសេស​នៅក្នុង​សហរដ្ឋអាមេរិក វា​ជាស​ញ្ញា​ដែល​អាច​គួរ​ឲ្យ​ជឿ​បាន​ខ្លាំង​ថា សេដ្ឋកិច្ច​ឆ្ពោះទៅកាន់​ការមិន​រីកចម្រើន​»​។​

​អ្វីដែល​សំខាន់​នោះ​វិធីសាស្ត្រ​ដោះស្រាយ​ធម្មតា​ដើម្បី​ដោះស្រាយ​ការមិន​រីកចម្រើន​នោះ​។​លោក Jasper Lawler នៃ​ក្រុមហ៊ុន London Capital Group និយាយថា​៖ «​យើង​មិនមាន​ផែនការ​ដូច​សព្វដង​ពី​ធនាគារកណ្តាល ដើម្បី​កាត់បន្ថយ​អត្រា​ការប្រាក់​ទេ ពី​ព្រោះតែ​អត្រា​ការប្រាក់​នោះ​មាន​រួចហើយ ហើយ​វា​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​រួចទៅហើយ​»​។​

​ការភ័យខ្លាច​ខាង​សេដ្ឋកិច្ច​បណ្តាលមកពី​ស​ង្គ្រា​ម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដែល​បាន​នាំ​ឲ្យ​ប្រទេស​ទាំង​២​យកពន្ធ​គយ​គ្នា​ទៅវិញទៅមក​លើ​ទំនិញ​របស់​ប្រទេស​ទាំង ២​ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​។​

​អឺរ៉ុប​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ លោក Jasper Lawler នៃ​ក្រុមហ៊ុន London Capital Group និយាយទៀតថា​៖ «​សង្គ្រាម​ពាណិជ្ជកម្ម​ជាការ​ស្មុ​គ្រ​ស្មាញ​។ សូម្បីតែ​និយាយ​អន្តរកាល ពី​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​ទៅ​រថយន្ត​ប្រើ​អគ្គីសនី វា​មាន​ភាពមិនប្រាកដប្រជា​ដែល​កំពុងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់​អឺរ៉ុប​»​។​

​លោក John Kirton ជា​អ្នកវិភាគ​និយាយថា បារាំង​ដែល​រៀបចំ​សន្និសីទ​កំពូល បានសម្រេច​មិន​ឲ្យ​បញ្ហា​សេដ្ឋកិច្ច​គ្របដណ្តប់​លើ​របៀបវារៈ​របស់ខ្លួន ហើយ​ការប្រែប្រួល​អាកាសធាតុ​ស្ថិតនៅលើ​គេ​ក្នុង​បញ្ជី​។ លោក John Kirton នៃ​ក្រុម​ស្រាវជ្រាវ G7 នៃ​សាកលវិទ្យាល័យ​តូ​រ៉ង់​តូ​នៃ​ប្រទេស​កាណាដា​និយាយថា​៖ «​ការប្រែប្រួល​អាកាសធាតុ​នេះ​បណ្តាលមកពី​វិទ្យាសាស្ត្រ​ដ៏​គួរ​ឲ្យ​ខ្លាច​ដែល​កំពុង​លាតត្រដាង​ជា​រៀងរាល់ថ្ងៃ ក៏ប៉ុន្តែ​អ្វីដែល​កាន់តែ​នាំ​ឲ្យ​បារម្ភ​នោះ​គឺ ដោយសារ​រលក​កំដៅ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ប៉ះពាល់​ដល់​តំបន់​អឺរ៉ុប រួមមាន​ប្រទេស​បារាំង​ផងដែរ​»​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចាក​ចេញពី​សន្និសីទ​កំពូល G7 កាលពី​ឆ្នាំទៅ​ក្នុងប្រទេស​កាណាដា មុនពេល​ដោយ​មិន​ទទួលស្គាល់​សេចក្តី​ថ្លែង ការណ៍​រួម​ចុងក្រោយ​របស់​សន្និសីទ​កំពូល​នោះ​។ លោក Kirton និយាយទៀតថា នៅ​ឆ្នាំនេះ បារាំង​បានសម្រេច​ឲ្យ​សហរដ្ឋអាមេរិក​ស្ថិតក្នុង​សន្និសីទ​កំពូល​រហូត​ទាល់តែ​ការពិភាក្សា​ចប់​។​លោក John Kirton បាន​និយាយទៀតថា​៖ «​ខ្ញុំ​គិតថា ប្រធានាធិបតី បារាំង​លោក​ម៉ា​ក្រុង បានធ្វើ​របៀបវារៈ​មួយ​ដែល​ផ្តល់ឱកាស​ដល់​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​។ លោក​ប្រធានាធិបតី​បារាំង បាន​យកចិត្តទុកដាក់​ខ្លាំង​បំផុត​លើ​គុណភាព​នៃ​សមភាព​ខាង Gender​។​វា​ស្ថិតនៅលើ​គេ​បំផុត​នៅក្នុង​បញ្ជី​របស់​បារាំង​។​ការសិក្សាអប់រំ​និង​សុខភាព​ក៏​នៅលើ​គេ​ដែរ​»​។​

​ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​ក៏​នឹង​ស្ថិតនៅលើ​គេ​ក្នុង​របៀបវារៈ​ដែរ បន្ទាប់មក​មានការ​បន្ត​ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល​បាល់​លី​ស្ទិ​ក​របស់​កូរ៉េខាងជើង បញ្ហា​អ៊ីរ៉ង់​ចាប់យក​កប៉ាល់​ដឹក​ប្រេង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក​។​

​នៅ​ឆ្នាំនេះ ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុងប្រទេស​រុស្ស៊ី​និង​ទីក្រុង​ហុងកុង ក៏​បណ្តាល​ឲ្យ​មានការ​ចោទសួរ​សម្រាប់​សន្និសីទ​កំពូល​G7​នោះដែរ​។​លោក​John Kirton នៃ​ក្រុម​ស្រាវជ្រាវ G7 នៃ​សាកលវិទ្យាល័យ​ក្រុង​តូ​រ៉ង់​តូ និយាយទៀតថា​៖«​តើ​អស់លោក អ្នក បានឃើញ​ការផ្លាស់ប្តូរ​ដែល​ពួក​មេដឹកនាំ​ផ្តាច់ការ​ស្ថិតក្នុង​កម្រិត​ផ្សេងៗ​គ្នា​លែង​ត្រួត ត្រា​បាន​តទៅទៀត​ដែ​ឬទេ​?​។​ការណ៍​នេះ អាច​មិនមែនជា​វិធី​មួយ​នៅពេល​អនាគត​ទេ​។​ជាការ​ពិត ប្រសិនបើ ករណីនេះ​កើតមានឡើង តើ​សន្និសីទ​កំពូល G7 អាច​ចាប់ផ្តើម​ធ្វើការ​ងារ​សំខាន់ៗ​របស់ខ្លួន​ដូចម្តេច​ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​។​

​នៅពេល​នោះដែរ លោក Boris Johnson នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស នឹង​ជួប​ប្រធានាធិបតី​ត្រាំ​ជា​លើក​ទី​១​។ មេដឹកនាំ​ទាំង​២ សង្ឃឹមថា នឹងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ឆាប់រហ័ស​នៅពេល​មាន​សញ្ញា​នៃ​ការមិន​រីកចម្រើន​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្នុង​ចក្រភព​អង់គ្លេស​នៅពេលដែល​អង់គ្លេស ខិត​កាន់តែ​ជិត​ដល់​ដំណាក់កាល​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​មិនមាន​កិច្ចព្រមព្រៀង​៕

© រក្សាសិទ្ធិដោយ thmeythmey.com