អន្តរជាតិ
UN បារាំង និង​កាណាដា បារម្ភ​ពី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ប្រេ​ស៊ី​ល
23, Aug 2019 , 12:29 pm        
រូបភាព
ពីឆ្វេងមកស្តាំ៖ លោក Guterres, Macron និង Trudeua
ពីឆ្វេងមកស្តាំ៖ លោក Guterres, Macron និង Trudeua
ដោយ:
​ខណៈ​ករណី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន បន្ត​កើន​ឡើងដល់​កម្រិត​កំណត់ត្រា មេដឹកនាំ​ពិភពលោក នាំគ្នា​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​រឿងនេះ​។ ពួកគេ បានស្នើ​ឲ្យ​មានការ​ការពារ​ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​ចាត់ទុកជា «​ទងសួត​របស់​ផែនដី​»​។​

 
«​ផ្ទះ​របស់​យើង កំពុង​ឆាបឆេះ​»​។ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង សរសេរ​បែបនេះ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី ២២ សីហា ដោយ​បន្ថែមថា ព្រៃ​អា​ម៉ា​ហ្សូ​ន ដែលជា​ទងសួត​របស់​ផែនដី បាន​ផលិត​ខ្យល់​អុកស៊ីសែន ២០​ភាគរយ​សម្រាប់​ពិភពលោក​។​
 
​ភ្ជាប់​ជាមួយ #ActForTheAmazon និង​អម​ជាមួយ​រូបភាព​មួយ​សន្លឹក​ផង​នោះ មេដឹកនាំ​បារាំង​វ័យ​៤១​ឆ្នាំ​រូបនេះ បានចាត់ទុក​រឿ​ឆេះ​ព្រៃ​នេះ​ជា «​វិបត្តិ​អន្តរជាតិ​» និង​ស្នើ​ឲ្យ​លើកយក​រឿងនេះ​ទៅ​ពិភាក្សា​ជាបន្ទាន់​ក្នុងជំនួប​កំពូល​ប្រទេស​ជឿនលឿន​ទាំង​៧ (G7) ផងដែរ​។  
 
​បន្ទរ​តាម​លោក ម៉ា​ក្រុង នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ បាន​សរសេរ​លើ Twitter របស់ខ្លួន​ដែរ​ថា លោក​យល់ស្រប​យ៉ាង​ពេញទំហឹង​ចំពោះ​ការលើកឡើង​របស់លោក ម៉ា​ក្រុង​។ លោក សង្កត់ធ្ងន់ថា​៖ «​យើង​ត្រូវតែ​ចាត់វិធានការ​សម្រាប់​ជួយ​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ផែនដី​របស់​យើង ព្រោះថា កូនៗ និង​ចៅៗ​របស់​យើង ពឹងផ្អែក​លើ​យើង​ដើម្បី​ការពារ​អនាគត​ពួកគេ​»
 
​ដូចគ្នា​ទៅនឹង​លោក ម៉ា​ក្រុង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានបង្ហាញ​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ជុំវិញ​ភ្លើង​ដែល​កំពុង​បន្ត​ឆាបឆេះ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។ ដោយ​ចាត់ទុកជា «​វិបត្តិ​អាកាសធាតុ​សាកល​» ផង​នោះ លោក Guterrres បានលើកឡើង​បែបនេះ​ថា​៖« យើង​អាច​ពុំ​ប្រឈម​នឹង​ការបាត់បង់​ច្រើន​បន្ថែមទៀត​សម្រាប់​ប្រភព​អុកស៊ីសែន និង​ជីវៈចម្រុះ​ដ៏​ចម្បង​របស់​យើង​បានឡើយ​។ ព្រៃ​អា​ម៉ា​ហ្សូ​ន ត្រូវតែ​ការពារ​ជា​ចាំបាច់​»​។  
 
​យ៉ាងណាមិញ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ជែ ប៊ុល​សូ​ណា​រ៉ូ ដែល​មិន​ពេញចិត្ត​នឹង​គំនិត​នៃ​ការ​លូកដៃ​ពី​សំណាក់​បរទេស​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន និយាយ​រិះគន់​ចំៗ​លើ​ការលើកឡើង​របស់លោក​ម៉ា​ក្រុង ។ 
«​ខ្ញុំ សោកស្តាយ​ដែល​លោក​ប្រធានាធិបតី ម៉ា​ក្រុង ចង់​កេង​ផលចំណេញ​ពីអ្វី​ជា​បញ្ហា​ក្នុងស្រុក​របស់​ប្រេ​ស៊ី​ល និង​បណ្តា​ប្រទេស​តាម​បណ្តោយ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ផ្សេងទៀត សម្រាប់​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​»​។ លោក Bolsonaro លើកឡើង​បែបនេះ ដោយ​បន្ថែម​ទាំង​កំហឹង​ថា ប្រទេស​ខ្លះ​ដែល​បាន​ផ្ញើ​លុយ​មកជួយ​ប្រេ​ស៊ី​ល ពួកគេ​ពុំ​ផ្ញើ​ជា​លក្ខណៈ​សប្បុរស​ឡើយ​។ លោក​ថា​៖ «​ពួកគេ ផ្ញើ​លុយ​មក ដោយ​ភ្ជាប់​ជាមួយ​គោលដៅ​ដើម្បី​លូកដៃ​ក្នុង​អធិបតេយ្យភាព​យើង​»​។​
 
​សូមបញ្ជាក់ថា ប្រទេស​ប្រេ​ស៊ី​ល មាន​ភ្លើង​ឆេះ​ព្រៃ​ជាង ៧២០០០​ករណី​ក្នុងឆ្នាំនេះ ដោយមាន​កំណើន ៨៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​វិទ្យាស្ថាន​ជាតិ​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​អវកាស ដោយ​បន្ថែមថា ពាក់កណ្តាល​នៃ​ភ្លើង​ឆេះ​ព្រៃ​ទាំងនេះ កើតឡើង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។ សន្ទុះ​ភ្លើង​ឆេះ​ព្រៃ កើនឡើង​យ៉ាងគំហុក អំឡុង​ខែកក្កដា ដែល​អូសបន្លាយ​កាន់តែ​ធំ​ឡើងៗ ក្នុង​ខែសីហា​នេះ​។ 
 
​ទាក់ទិន​នឹង​កំណើន​កំណត់ត្រា​នេះ កាសែត​ក្នុងស្រុក​ប្រេ​ស៊ី​ល​មួយចំនួន បាន​ចុះផ្សាយ​ថា ប្រជាកសិករ​ក្នុង​តំបន់​ខ្លះ កំពុង​ប្រារព្ធ​ពិធី​មួយ​ហៅថា «​ទិវា​ភ្លើង ឬ​ជា​ភាសា​អង់គ្លេស Fire Days» ដើម្បី​កេង​ផលប្រយោជន៍​ពី​ការអនុវត្ត​ចំណាត់ការ​ធូររលុងរ​បស់​អាជ្ញាធរ​ប្រេ​ស៊ី​ល​។​
 
​ទោះជា​បែបនេះ​ក្តី លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល បែរជា​អះអាងថា សកម្មភាព​ឧក្រិដ្ឋ​របស់​អង្គការក្រៅរដ្ឋាភិបាល ដែល​ប្រឹង​ទាញ​ចំណាប់អារម្មណ៍​ឲ្យ​ប្រឆាំងនឹង​រូបលោក និង​រដ្ឋាភិបាល​របស់​ប្រេ​ស៊ី​ល​ក្រោយពេល​លោក​កាត់លុយ​ពី​មូលនិធិ​ពួកគេ អាចជា​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​នេះ​។ កាន់តែ​ធ្ងន់ធ្ងរ មេដឹកនាំ​ប្រេ​ស៊ី​ល​រូបនេះ បន្ត​ចោទ​ក្រុម​ការពារ​ព្រៃឈើ​ទៀតថា ភ្លើង​ឆេះ​នៅ​តំបន់​យុទ្ធសាស្ត្រ ហើយ​ទឡ្ហីករណ៍​នានា​បង្ហាញថា សកម្មជន​ទាំងនោះ បាន​ទៅ​ដុត​ភ្លើង ហើយ​ថត​តែម្ដង​៕
 

Tag:
 ប្រេ​ស៊ី​ល​
  ភ្លើង​ឆេះ​ព្រៃ​
  UN
  ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com