កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បារម្ភពីបញ្ហាឆេះព្រៃអាម៉ាហ្សូន ក្រោយរាលដាលដល់តំបន់ទាក់ទាញទឹកភ្លៀង
× កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo នៅថ្ងៃទី២៣ ខែសីហានេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីភ្លើងឆេះព្រៃ បន្តដល់តំបន់ទាក់ទាញទឹកភ្លៀងនៅអាម៉ាហ្សូន ភាគខាងត្បូងប្រទេសប្រេស៊ីល ដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតអុកស៊ីហ្សែនចំនួន២០ភាគរយជុំវិញពិភពលោក។
រូបភាពភ្លើងឆេះព្រៃ ដែលបំផ្លាញទាំងស្រុងនៅតំបន់សំខាន់ក្នុងព្រៃអាម៉ាហ្សូន បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងបណ្តាញសង្គម Twitters ដែលមានអ្នកបង្ហោះរហូតដល់ ២៤៩ ០០០ដង។ ក្នុងនោះ ក៏មានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Juventus ផងដែរ។
Ronaldo បានបង្ហោះលើ Twitters ផ្ទាល់របស់គេថា៖«ព្រៃទឹកភ្លៀងនៅអាម៉ាហ្សូន ដែលផលិតអុកស៊ីហ្សែន ២០% ជុំវិញពិភពលោកបានឆេះរយៈពេល ៣សប្តាហ៍មកហើយ។ យើងទាំងអស់គ្នាត្រូវមានទំនួលខុសត្រូវក្នុងការសង្គ្រោះភពផែនដីរបស់យើង។ #prayforamazonia»។
តួលេខរបស់វិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកអាវកាស បង្ហាញថាភ្លើងឆេះព្រៃអាម៉ាហ្សូន កើនឡើង ៨៣ភាគរយឯណោះក្នុងឆ្នាំ២០១៩នេះ បើធៀបនឹងឆ្នាំ ២០១៨។ ការស្រាវជ្រាវនេះដែរធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Jair Bolsonaro បានដកតំណែងប្រធានទីភ្នាក់ងារស្រាវជ្រាវផ្នែកអាវកាស ក្រោយមានការខ្វែងគំនិតគ្នាលើទិន្នន័យនៃការដុតបំផ្លាញព្រៃឈើ។
ប្រធានាធិបតីរូបនេះ កំពុងប្រឈមការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ស្របពេលអត្រាបាត់បង់ព្រៃឈើកើនឡើងចាប់តាំងពីលោកចូលកាន់តំណែង ជាពិសេសព្រៃអាម៉ាហ្សូនដែលប្រេស៊ីលកាន់កាប់៦០ភាគរយទទួលរងរងគ្រោះធ្ងន់ធ្ងរ។ ក្រុមអ្នកបរិស្ថានក៏បានបន្ទោសលោក Bolsonaro ផងដែរចំពោះជំហររបស់លោកដែលយកការអភិវឌ្ឍ ធំជាងការអភិរក្សព្រៃឈើ។
យ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោកប្រធានាធិបតី Bolsonaro បានច្រានចោលទិន្ន័យ ៨៣ភាគរយរបស់វិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកអាវកាស ហើយនិយាយថា នេះជារដូវកាលការកាប់ឆ្ការព្រៃ ដែលកសិករប្រើភ្លើងសម្រាប់ដុតព្រៃដើម្បីយកដីចិញ្ចឹមសត្វ។
ព្រៃអាម៉ាហ្សូនគឺជាកន្លែងផ្ទុកសារធាតុកាបូនច្រើនជាងគេបំផុតលើពិភពលោក ដែលជួយបន្ថយការកើនឡើងកម្តៅផែនដី៕
Tag:
Cristiano Ronaldo
ឆេះព្រៃអាម៉ាហ្សូន
ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com