ការដាក់​ពន្ធ​អង្ករ និង​EBA ៖ សហព័ន្ធ​ស្រូវ​អង្ករ សុំ​ឲ្យ EU ក្រឡេកមើល​កសិករ​ជាង​កន្លះ​លាន​គ្រួសារ​
ជាតិ
សេដ្ឋកិច្ច
ការដាក់​ពន្ធ​អង្ករ និង​EBA ៖ សហព័ន្ធ​ស្រូវ​អង្ករ សុំ​ឲ្យ EU ក្រឡេកមើល​កសិករ​ជាង​កន្លះ​លាន​គ្រួសារ​
23, Aug 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​កម្ពុជា បានទទួល​បន្ទុក​មួយ​រួចទៅហើយ គឺ​ការដាក់​វិធានការ​ការពារ (safeguard) របស់​សហភាព​អឺរ៉ុប ដោយបាន​ផ្ដើម​គិត​ពន្ធ​អង្ករ​របស់​កម្ពុជា​ដែល​នាំចូល​ទីផ្សារ​មួយ​នេះ ចាប់ពី​ដើមឆ្នាំ​២០១៩​។ តែ​មិន​ចប់​ត្រឹមនេះ​ទេ វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ក៏​ប្រឈម​ការយកពន្ធ​មួយទៀត បើ​EBA ត្រូវបាន​ដក​នោះ​។​


 
​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ ត្រូវបាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​២២​ខែសីហា ដែល​បានដាក់​ចំណងជើង​ថា​«​ការពិត​ពី​គ្រាប់​អង្ករ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើ​ដល់​សហគមន៍​អឺរ៉ុប​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ជាង​កន្លះ​លាន​គ្រួសារ​»​។ 
 
​សហព័ន្ធ​ស្រូវ​អង្ករ អះអាងថា ការយកពន្ធ ដែល​ចាប់​អនុវត្ត​ពី​ដើមឆ្នាំ​២០១៩ បានធ្វើ​ឲ្យ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ EU ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​ធ្លាក់ចុះ​ពាក់កណ្ដាល ដែល​សម្រេចបាន​ត្រឹម​ជិត​៩៣០០០​តោន​ប៉ុណ្ណោះ​។ 
 
​សហព័ន្ធ ប្រាប់ថា ការយកពន្ធ​នេះ​បាន​ប៉ះពាល់​ដល់​កសិករ​កម្ពុ​ជា​។ CRF លើកឡើង​ដូច្នេះ​ថា​៖«​ការកំណត់​ពន្ធ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កសិករ​កម្ពុ​ជាជាង​៥០​ម៉ឺន​គ្រួសារ ដែល​ប្រឹងប្រែង​ចិញ្ចឹមជីវិត​ដោយ​ការដាំដុះ​ស្រូវ​ក្រអូប​ផ្កាម្លិះ ស្រូវ​ក្រអូប​គ្រាប់​វែង ដែល​ប្រភេទ​ពូជស្រូវ​ទាំងនេះ ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ភូមិសាស្ត្រ​ជាក់លាក់​មួយ ហើយ​មិន​ប្រកួតប្រជែង​ដោយផ្ទាល់​ជាមួយ​ផលិតផល​ដែល​ដាំ​ដុះ​ក្នុង​សហគមន៍​នៅក្នុង​សហគមន៍​អឺរ៉ុប​នោះឡើយ​»​។​
 
CRF បន្តថា ការយកពន្ធ​នេះ​បានធ្វើ​ឲ្យ​ឈឺចាប់​រួចទៅហើយ តែ​ឥឡូវ​សហគមន៍​អឺរ៉ុប​កំពុង​ពិចារណា​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​«​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​(EBA) ទៀត​។ សហព័ន្ធ​ស្រូវ​អង្ករ ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០០១​មក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បានផ្ដល់​គោលនយោបាយ​ធានា​សុវត្ថិភាព​មួយ លើ​សេដ្ឋកិច្ច​ទាំងមូល​អាច​ផ្ដល់​លទ្ធភាព​អោយមាន​កំណើន​ដ៏​ខ្លាំងក្លា និង​ឧត្តមភាព​នៃ​កំណើន​តម្រូវការ​ពី​ទីផ្សារ​ពិភពលោក​។ ហើយ​ការដក EBA ត្រូវបាន​សហព័ន្ធ​ចាត់ទុកថា​៖«​ការ​វាយបំផ្លាញ​មួយ​ដែល​នាំ​ឲ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​ត្រូវ​ខ្ទេចខ្ទី និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កសិករ​»​។​
 
«​បើ​គ្មាន​EBA នោះ​ការប្រឹងប្រែង​ទាំង​ប៉ុន្មាន​ក្លាយជា​អាសាបង់​។ ហេតុនេះ​សហព័ន្ធ​ស្រូវ​អង្ករ សូម​ទទូច​ស្នើសុំ​ដល់​សហគមន៍​អឺរ៉ុប ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​កម្ពុជា ជាង​កន្លះ​លាន​គ្រួសារ និង​បន្ត​ជួយ​រក្សា​ការងារ​ដែល​កំពុង​ធ្វើ​កន្លងមក​»​។ CRF ស្នើ​ទៅកាន់​សហភាព​អឺរ៉ុប​យ៉ាង​ដូចនេះ​៕

Tag:
 អង្ករ​
  ស្រូវ​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com