អន្តរជាតិ
របាយការណ៍ UN៖ ការបំពាន​ផ្លូវភេទ​របស់​យោធា​មី​យ៉ាន់​ម៉ា ជា​ចេតនា​ប្រល័យពូជសាសន៍​
23, Aug 2019 , 2:51 pm        
រូបភាព
​ក្រុម​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ បានចេញ​ផ្សាយ​របាយការណ៍​មួ​ថ្ងៃទី​២២ ខែសីហា ពាក់ព័ន្ធ​សកម្មភាព​របស់​រំលោភបំពាន​ផ្លូវភេទ​ដោយ​យោធា​មី​យ៉ាន់​ម៉ា​។ ក្រុម​ស៊ើបអង្កេត​បាន​សន្និដ្ឋានថា ការរំលោភបំពាន​ផ្លូវភេទ​របស់​កងទ័ព​មី​យ៉ាន​ម៉ា​ទៅលើ​ស្ត្រី និង​ក្មេងស្រី​ក្នុង​ឆ្នាំ​២០១៧ គឺជា​ចេតនា​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។


 
​អ្នកស៊ើប​អង្កេត​ឯករាជ្យ​មួយក្រុម ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​តិ​នៅក្នុង​ឆ្នាំ​២០១៧ បាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ​ថា គ្មាន​ទំនួល​ខុសត្រូវ​ចំពោះ​ប្រជាជន​ម្នាក់ៗ​។ លើសពីនេះទៅទៀត សកម្មភាព​ព្រងើយកន្តើយ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា  ត្រូវតែ​ប្រឈមមុខ​នឹង​អនុសញ្ញា​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ ដោយ​មិន​អើពើ​ក្នុងការ​ស៊ើបអង្កេត និង​ពិន័យ​ចំពោះ​សកម្មភាព​ប្រល័យពូជសាសន៍​។ 
 
​របាយការណ៍​របស់​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​បាន​និយាយថា ស្ត្រី និង​ក្មេងស្រី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន ត្រូវ​រង​ការរំលោភបំពាន​ផ្លូវភេទ ហើយ​៨០​ភាគរយ​នៃ​អំពើ​នេះ គឺធ្វើឡើង​ដោយមាន​លក្ខណៈ​ជា​ក្រុម ពោលគឺ​មនុស្ស​ម្នាក់​ត្រូវ​រង​ការបំពាន​ដោយ​មនុស្ស​មួយក្រុម​។ ជាពិសេស​សកម្មភាព​រំ​លោភ​បំពាន​ផ្លូវភេទ​ជា​ក្រុម​បែបនេះ ប្រមាណ​ជា​៨២​ភាគរយ​ប្រព្រឹត្ត​ដោយ​កងទ័ព​របស់​មី​យ៉ាន់​ម៉ា​។ 
 
​បន្ថែម​ពីលើ​នេះ​ទៀត ការសន្និដ្ឋាន​គឺមាន​មូលដ្ឋាន​លើ​នៃ​ការកើនឡើង​ការសម្លាប់​ស្ត្រី និង​កូនក្មេង​ជា​ប្រព័ន្ធ ការ​រើស​ជា​ប្រព័ន្ធ​នូវ​ស្ត្រី និង​ក្មេងស្រី​ពេញវ័យ​សម្រាប់​រំលោភបំពាន​ផ្លូវភេទ ការវាយប្រហារ​លើ​ស្ត្រី​មាន​ទម្ងន់ និង​ទារក ការធ្វើអោយមាន​របួស​ប្រដាប់ភេទ និង​ការ​ខាំ​លើ​រូបរាងកាយ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្នុង​របាយការណ៍​ខែសីហា ឆ្នាំ​២០១៨ ក្រុម​ស៊ើបអង្កេត​របស់ UN ចង្អុលបង្ហាញ ៥​ចំណុច​ដែល​ចេតនា​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​របស់​កង​ទ័ព​មី​យ៉ាន់​ម៉ា​។ ក្នុងនោះ​មានដូចជា ការប្រើ​ភាសា​មិន​សមរម្យ​, ភស្តុតាង​នៃ​គម្រោងការ​បំផ្លិចបំផ្លាញ​, ការកកើត​នៃ​គំរោង និង​គោលនយោបាយ​ប្រកាន់ពូជសាសន៍​, ភាព​សាហាវយង់ឃ្នង​នៃ​យុទ្ធនាការ​យោធា និង​ការអធិប្បាយ​ជាក់លាក់​របស់​មន្ត្រី​រដ្ឋា​ភិ​បាល អ្នកនយោបាយ អាជ្ញាធរ​សាសនា មេបញ្ជាការ​យោធា​នៅក្នុង​អំឡុងពេល និង​ក្រោយពេល​ប្រើ​អំពើហិង្សា​លើ​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ 
 
«​បេសកកម្ម​ស៊ើបអង្កេត​ឯករាជ្យ អាចសន្និដ្ឋាន​ដោយ​ផ្អែកលើ​ភស្តុតាង​ថា អំពើហិង្សា​ផ្លូវភេទ​ស្ត្រី និង​កុមារ​ដែល​ចាប់ផ្ដើម​ចាប់ពី​ខែសីហា ឆ្នាំ​២០១៦ គឺជា​កត្តា​ទី​៦ ដែល​បង្ហាញ​ពី​ចេតនា​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​របស់​យោធា​មី​យ៉ាន់​ម៉ា​។​» នេះ​បើតាម​ការផ្សាយ​របស់ Reuters ។ 
 
​ដោយសារ​ការបដិសេដ​មិន​ឲ្យ​ចូលក្នុង​រដ្ឋ​រ៉ា​ឃី​ន​ពី​សំណាក់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​, ក្រុម​អ្នកស៊ើប​អង្កេត ត្រូវធ្វើ​ដំណើរ​ទៅ​ជំរុំ​ជនភៀសខ្លួន​នៅក្នុង​ថៃ បង់​ក្លា​ដែ​ស និង​ម៉ាឡេស៊ី ដើម្បី​ទទួលបាន​នូវ​ទិន្នន័យ​ទាំងនេះ​។  
 
​សូមបញ្ជាក់ថា ការបង្ក្រាប​យ៉ាង​សាហាវព្រៃផ្សៃ​របស់​យោធា​មី​យ៉ាន់​ម៉ា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ធ្វើ​ឲ្យ​មានការ​ចំណាកស្រុក​ប្រមាណ​ជា ៧៣​ម៉ឺន​នាក់​។ ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ច្រានចោល​លើ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា ទីក្រុង​ណៃ​ពិដោ​ធ្វើការ​ទប់ស្កាត់​ការ​ប៉ះ​បោរ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​តែប៉ុណ្ណោះ​៕
 

Tag:
 UN
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com