អត្ថបទពាណិជ្ជកម្ម
សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា
× រាជធានីភ្នំពេញ ថ្ងៃទី23 ខែសីហា ឆ្នាំ2019 – បន្ទាប់ពីបានបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដោយជោគជ័យកាលពីដើមខែនេះ សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) ត្រូវបានចុះបញ្ជីលក់ នៅផ្សារមូលបត្រកម្ពុជាហើយ។ ការចុះបញ្ជីនេះ គឺជាការអនុញ្ញាត សម្រាប់ការចាប់ផ្តើមសកម្មភាពជួញដូរផងដែរ។ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ នឹងត្រូវបានជួញដូរក្រោមនិមិត្តសញ្ញា “ABAA22A”។
សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ត្រូវបានបោះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់សរុបចំនួន 84.821 ប៊ីលានរៀល (ប្រហាក់ប្រហែលនឹង 21 លានដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះ មានរយៈពេល 3 ឆ្នាំ និងមានអត្រាគូប៉ុងប្រចាំឆ្នាំ 7.75%។
សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ គឺជាសញ្ញាបណ្ណដំបូងគេបង្អស់ ដែលដាក់លក់សម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល បន្ថែមពីការលក់ទៅឲ្យវិនិយោគិនស្ថាប័ន ដែលនេះជាកត្តាជួយជំរុញសកម្មភាពជួញដូរក្នុងទីផ្សារបន្ទាប់។ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ក៏ជាមូលបត្របំណុលដំបូងគេបង្អស់ ដែលបានបោះផ្សាយដោយធនាគារពាណិជ្ជនៅក្នុងប្រទេស និងជាសញ្ញាបណ្ណសាជីវកម្មរបស់កម្ពុជាទីមួយ ដែលទទួលបានចំណាត់ថ្នាក់ “B” ពីភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global Ratings។
ធនាគារ ABA នឹងប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណទាំងនេះ ដើម្បីជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូច និងមធ្យម នៅតាមជនបទ រួមទាំងសហគ្រិនជាស្ត្រី នៅក្នុងប្រទេសកម្ពុជាផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com