ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចប់​អាណត្តិ ទូត​ជប៉ុន​ផ្ញើ​សារ​លា​ពលរដ្ឋ​ខ្មែរ​ទាំង​អាល័យ ដោយលោក​ចងចាំ​កម្ពុជា​គ្មាន​ថ្ងៃ​ភ្លេច​
23, Aug 2019 , 3:27 pm        
រូបភាព
​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ( HORINOUCHI Hidehisa) បាន​សរសេរ​សារ​ចុងក្រោយ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុងឋានៈ​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នាឱកាស​បញ្ចប់​បេសកកម្ម​ការទូត​របស់​ខ្លួន​។

 
«​ពេលវេលា​ពិតជា​ដើរ​លឿន​។ ប្រមាណ​៣​ឆ្នាំ​កន្លងផុតទៅ ក្រោយពេល​ខ្ញុំ និង​ភរិយា​បាន​មកដល់​រាជធានី​ភ្នំពេញ នា​ឆ្នាំ​២០១៦​។ ៣​ឆ្នាំនេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​សម្រាប់​យើងខ្ញុំ​ទាំងពីរ​»​។ នេះ​ជា​ឃ្លា​ដំបូង​នៅក្នុង​សារ​របស់លោក ហ៊ី​ដេ​ហ៊ី​សា ជាមួយនឹង​អារម្មណ៍​សោកស្តាយ​ដែល​ត្រូវ​ចាក​ចេញពី​កម្ពុជា​។​
 
​ឯកអគ្គរាជទូត​ជប៉ុន​ដែល​ត្រូវផុត​អាណត្តិ​រូបនេះ បានកត់សម្គាល់​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ក្នុង​រង្វង់​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ និង​សន្ទុះ​ឈានមុខ​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា​-​ជប៉ុន ក្នុងនោះ​មាន​ទាំង​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា​ផងដែរ​។​


លោក ហ៊ីដេហ៊ីសា ចូល​ថ្វាយបង្គំ​លាព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ រូបថត Royal du Cambodge
 
«​ខ្ញុំ​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេងៗ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន ដែលជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ ដូចជា​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ជាដើម​។ ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ ខ្ញុំ​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា​រវាង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​អា​បេ និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៣​លើក​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ​»​។ 
 
​ក្រៅពី​សម​ទ្ធិ​ផល​សង្ខេប​ដែល​លោក​បានលើកឡើង​ខាងលើ លោក ហ៊ី​ដេ​ហ៊ី​សា បាន​គូសបញ្ជាក់​ពី​ការរួមចំណែក​របស់​ជ​ប៉ុន​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា រួមទាំង​ការអញ្ជើញ​យុវជន​កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍​ផ្នែក​នយោបាយ មកពី ស្ថាប័ន​នានា ទៅ​ស្វែងយល់​ពីបទ​ពិសោធន៍​នៅ​ជប៉ុន​។​
 
​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ និង​ភរិយា [​លោកស្រី Sabine HORINOUCHI ] នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​សប្តាហ៍​ក្រោយនេះ ក៏ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​បានផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា​នឹង​ត្រលប់​មកកាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជាថ្មី​នា​ថ្ងៃ​អនាគត​»​។ 
 
​ជាមួយគ្នានេះ លោក ហ៊ី​ដេ​ហ៊ី​សា ជឿជាក់ថា ភ្នំពេញ នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាមួយនឹង​ព្រលានយន្តហោះ​ថ្មី អាគារ​ខ្ពស់ៗ​ជាច្រើន ព្រមទាំង​ប្រព័ន្ធ​ដឹក​ជ​ញ្ជូ​នសាធារណៈ​ថ្មី ហើយ​លោក​ក៏​អាច​នឹង​មានឱកាស​សាជាថ្មី​ដើម្បី​និយាយ​ភាសា​ខ្មែរ​។ 


 លោក ហ៊ីដេហ៊ីសា ចូល​ថ្វាយបង្គំ​លា សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ។ រូបថត Royal du Cambodge

​មុន​សារ​ជា​លាយលក្ខណ៍អក្សរ លោក ហ៊ី​ដេ​ហ៊ី​សា ក៏បាន​ចេញ​ឃ្លី​ប​វីដេអូ​ចំនួន​៦០​វិនាទី ដើម្បី​ថ្លែង​លា​ពលរដ្ឋ​ខ្មែរ​ផងដែរ​។ លោក​បាន​អះអាងថា ក្នុង​រយៈពេល​៣​ឆ្នាំកន្លងមក លោក​បាន​ជួប​ពលរដ្ឋ​ខ្មែរ​រាប់មិនអស់ ដោយ​លោក​ជឿជាក់​លើ​អនាគត​ដ៏​ត្រ​ចះ​ត្រចង់​របស់​យុវជន​ខ្មែរ​។​
 
​លោក ហ៊ី​ដេ​ហ៊ី​សា បាន​កាន់​តួនាទី​ជា​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចាប់ពី​ខែតុលា ឆ្នាំ​២០១៦​មក​។ លោក​ធ្លាប់ជា​ទីប្រឹក្សា​ទូត​ជប៉ុន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ចន្លោះ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៩ ហើយ​ជា​អគ្គ​កុងស៊ុល​ជប៉ុន ប្រចាំ​រដ្ឋ Los Angeles សហរដ្ឋអាមេរិក ចាប់ពី​ខែសីហា ឆ្នាំ​២០១៤ មុនពេល​មកកាន់​កម្ពុ​ជា​។​
 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Tokyo Journal ពេលដែល​លោក​កាន់​តួនាទី​ជា​អគ្គ​កុងស៊ុល​ប្រចាំ​រដ្ឋ Los Angeles លោក ហ៊ី​ដេ​ហ៊ី​សា បានបញ្ជាក់​ឲ្យ​ដឹងថា លោក​បានបញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ក្រុង​តូ​ក្យូ ហើយ​បាន​ក្លាយជា​មន្ត្រី​ក្រសួងការបរទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៨០​។​
 
​លោក​បានជ្រើសរើស​ភាសា​ចិន​ជា​ភាសា​ទី​ពីរ​របស់ខ្លួន ហើយ​ត្រូវបាន​ក្រសួងការបរទេស​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាកល​វិទ្យា Nanjing រយៈពេល​២​ឆ្នាំ បន្ទាប់មក​បន្ត​១​ឆ្នាំ​ទៀត​នៅ​សាកល​វិទ្យា Harvard សហរដ្ឋអាមេរិក​។​


លោក ហ៊ីដេហ៊ីសា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធី​ដាក់​ដំណើរការស្ពាន​មិត្ត​ភាព​ខ្មែរជប៉ុន។ រូបថត ThmeyThmey


​តាមពិតទៅ​លោក​បានរស់នៅ​ប្រទេស​ចិន​អស់​រយៈពេល​១២​ឆ្នាំ មុន​ពេលដែល​ចូលរួម​ជាមួយ​ក្រសួងការបរទេស ដោយសារតែ​លោក​ចង់​ក្លាយជា​មន្ត្រីការទូត​ប្រចាំ​ប្រទេស​ចិន​។ លោក Hidehisa មានបទពិសោធន៍​ជាច្រើន​ក្នុង​បេសកកម្ម​ទាំង​នៅ​ចិន និង​សហរដ្ឋអាមេរិក​។​
 
​នា​អំឡុង​បំពេញបេសកកម្ម​នៅ​វ៉ាស៊ីនតោន ចុង​ទសវត្សរ៍​៩០ លោក Hidehisa បាន​ប្រើ​រហស្សនាម​ថា «Harry»​។ លោក​បាន​ពន្យល់​ប្រាប់ Tokyo Journal ថា មិត្តភក្តិ​អាមេរិក​របស់លោក​ពិបាក​ហៅ​លោក ទាំង​ឈ្មោះ និង​ត្រកូល​របស់លោក​។ ក្រោយមក​លោក​បាន​អាន​សៀវភៅ The Clifton Chronicles របស់ Jeffrey Archer ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អត្ថន័យ​ល្អ​របស់​ពួក «Harry»​។ លោក​បានសម្រេច​ចិត្ត​ឲ្យ​មិត្តភក្តិ​ហៅ​បែបនេះ ជំនួស​ពាក្យ​ថា «Hori san»​។  
 
​ចំពោះ​ការងារ​នៅ​ទីស្តីការ​ក្រសួងការបរទេស (MOFA) ក្នុង​ក្រុង​តូ​ក្យូ លោក Hidehisa បាន​កាន់​ការងារ​ជាច្រើន​ទាក់ទង​នឹង​កិច្ចការ​ច្បាប់ សន្ធិសញ្ញា កិច្ចការ​តំបន់​អាស៊ី និង​អូ​សេ​អា​នី រួមទាំង​ការវិភាគ​ព័ត៌មាន​ស៊ើបការណ៍​អន្តរជាតិ​។​
 
​បើតាម​ការផ្សាយ​របស់ Tokyo Journal លោក Hidehisa បាន​សរសេរ​អត្ថបទ​ជាច្រើន​ទាក់ទង​នឹង​ផ្នែក​នីតិសាស្ត្រ ជាពិសេស​ច្បាប់​អន្តរជាតិ​។ លោក​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «Longevity of Japan» ដែល​បាន​បោះពុម្ព​នៅ​ប្រទេស​ចិន​ផងដែរ​៕


លោក HORINOUCHI Hidehisa និងលោកស្រី Sabin ដែលជាភរិយា ជំរាបលាពលរដ្ឋខ្មែរ។ រូបថតស្ថានទូតជប៉ុន​


 លោក HORINOUCHI Hidehisa នាជំនួបជាមួយ​លោកប្រធានាធិបតីចិន Xi Jinping នៅសៀងហៃ កាលពីឆ្នាំ២០១៤។ រូបថត AFP

Tag:
 ​ទូត​ជប៉ុន​
  HORINOUCHI Hidehisa
© រក្សាសិទ្ធិដោយ thmeythmey.com