កីឡាអន្តរជាតិ
អន្តរជាតិ
Ribery ចង់​លេង​ដល់​អាយុ​៤០​ឆ្នាំ តែ​មិនមែន​ដើម្បី​ប្រជែង​ជាមួយ Ronaldo ឡើយ​
23, Aug 2019 , 4:05 pm        
រូបភាព
​ខ្សែបម្រើ Franck Ribery សង្ឃឹមថានឹង​អាច​លេង​ដល់​អាយុ ៤០​ឆ្នាំ បន្ទាប់ពី​ទៅ​ចូលរួម​ជាមួយ Fiorentina ក្លិប​ក្នុង​ក្របខណ្ឌ Serie A រដូវ​កាល​នេះ​។ យ៉ាងណាក៏ដោយ អតីត​សមាជិក Bayern Munich រូបនេះ អះអាងថា​ខ្លួន​គ្នាន​បំណង​ធ្វើជា​គូប្រជែង​ជាមួយ Cristiano Ronaldo នៅ​ទឹកដី​អ៊ីតាលី​នេះឡើយ​។​


 
​នៅ​វ័យ​៣៦​ឆ្នាំ ខ្សែបម្រើ​សញ្ជាតិ​បារាំង​បានរួម​រស់​ជាមួយ Bayern Munich អស់​រយៈពេល ១២​ឆ្នាំ ក្រោយ​ចាក​ចេញពី Marseille នៅ​ឆ្នាំ​២០០៧​។ នៅ​ទឹក​អាល្លឺម៉ង់ Ribery ជួយ​ក្រុម​ឈ្នះ​ជើងឯក Bundesliga រហូតដល់​ទៅ ៩​សម័យ UEFA Champions League មួយ​លើក និង​ពាន​ផ្សេងៗ​ជាច្រើន​ទៀត មុន​ទៅ​ចូលរួម​ជាមួយ Fiorentina រដូវ​កាល ២០១៩-២០​នេះ ដោយ​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​។​
 
​មកដល់​ទឹកដី​អ៊ីតាលី Ribery មាន​គម្រោង​ដើរ​តាម​គន្លង​របស់​វីរបុរស AS Roma លោក Francesco Totti ដែល​ចូលនិវត្តន៍​ក្នុង​វ័យ​៤០​ឆ្នាំ និង​មាន​មហិច្ឆតា​ធំ​ក្នុង​ការនាំ Fiorentina ត្រលប់​ទៅលេង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប Champions League ជាថ្មី​ទៀតផង​។​


 
«​យើង​បាន​ចរចា​គ្នា​យ៉ាងយូរ ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ដែល​បានមក​កាន់​ក្រុង Florence ប្រទេស​អ៊ីតាលី​នេះ​។ ខ្ញុំ​បានឃើញ​ការលើកទឹកចិត្ត និង​ទំនុកចិត្ត​ដ៏​ធំធេង​ចំពោះ​ខ្ញុំ​ពី​ថ្នាក់​គ្រប់គ្រង​ក្លិប ហើយ​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​ព្រម​មក​ទីនេះ​។ ភរិយា​ខ្ញុំ ក៏​ជំរុញ​ខ្ញុំ​ជម្រើស​យក Fiorentina ដែរ​។ ខ្ញុំ​មាន​កិច្ចសន្យា ២ ឆ្នាំ ហើយ​ខ្ញុំ​ចង់​ជួយ​កីឡាករ​វ័យក្មេង​នៅទីនេះ​។ ខ្ញុំ​ចង់​ផ្តល់​អ្វី​ថ្មី​ដល់​ក្លិប ព្រមទាំង​នាំ Fiorentina ទទួលបាន​ចំណាត់ថ្នាក់ Top 3 ក្នុង​តារាង Serie A រដូវ​កាល​នេះ​»​។ នេះ​ជាការ​សន្យា​របស់ Ribery ប៉ុន្តែ​អតីត​សមាជិក​ជម្រើសជាតិ​បារាំង​រូបនេះ បញ្ជាក់​ច្បាស់​ថា​រូបគេ​មក​ទីនេះ​ដើម្បី​ជួយ Fiorentina មិនមែន​ដើម្បី​ក្លាយជា​គូប្រជែង​ជាមួយ Ronaldo ឡើយ​។​
 
Fiorentina ដែល​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១៦ កាលពី​រដូវ​កាល​មុន នឹង​បើកទ្វារ​ស្វាគមន៍​ក្រុម​ខ្លាំង Napoli សម្រាប់​ជំនួប​បើក​រដូវ​កាល​ថ្មី ២០១៩-២០ Serie A នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ខែសីហា ឆ្នាំ​២០១៩​។ សម្រាប់​ការប្រកួត​បើកឆាក​នេះ Ribery មិន​សង្ឃឹមថា​រូបគេ​អាច​បាន​ចូល​លេង​ឡើយ​៕
 

Tag:
 Franck Ribery
  Fiorentina
© រក្សាសិទ្ធិដោយ thmeythmey.com