សេដ្ឋកិច្ច
អន្តរជាតិ
លោក មហា​ធៀ​៖ ផលិតកម្ម​ប្រេងដូង និង​ការបាត់បង់​ព្រៃឈើ​មិន​ទាក់ទង​គ្នា​ឡើយ​
23, Aug 2019 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២៣ ខែសីហា និយាយថា ការពាក់ព័ន្ធ​ផលិតផល​ប្រេងដូង​ទៅនឹង​ការកាប់​ព្រៃឈើ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មិន​យុត្តិធម៌ និង​គ្មាន​ហេតុផល​ទាល់តែសោះ ខណៈពេល​សកម្មជន​ប​រិ​ស្ថាន និង​ប្រជាជន​ក្នុងស្រុក​អះអាងថា ការកាប់​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​។​


 
«​ការ​អះអាងថា ការពាក់ព័ន្ធ​ប្រេងដូង​ទៅនឹង​ការ​ការកាប់​ព្រៃឈើ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មិន​យុត្តិធម៌ និង​គ្មាន​ហេតុផល​ទាល់តែសោះ​»​។ មហា​ធៀ បាន​និយាយ​យ៉ាង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍ ព្រៃឈើ​ម៉ាឡេស៊ី ក្រោយពេល​អឺរ៉ុប​អនុម័ត​ច្បាប់​រឹតបន្តឹង​ប្រេងដូង​ឲ្យ​ដល់​ចំណុចសូន្យ​ក្នុង​ឆ្នាំ​២០៣០​។ 
 
​ការ​រឹង​ត្បឹ​តរបស់​អឺរ៉ុប ធ្វើ​ឲ្យ​ផលិតផល​ប្រេងដូង​ម៉ាឡេស៊ី​ជួប​ផលវិបាក​យ៉ាងខ្លាំង ជាពិសេស​គឺ​រោងចក្រ​ចម្រាញ់​ប្រេងដូង ដែល​ជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ជាការ​ពិត ប្រេងដូង​គឺជា​ផលិតផល​នាំចេញ​ធំជាងគេ​លំដាប់​ទី​២ របស់​ម៉ាឡេស៊ី ដែល​យកទៅ​ប្រើប្រាស់​តាំងពី​សូកូឡា រហូតដល់​ក្រេ​ម​លាប​បបូរមាត់​។ 
 
​ដោយឡែក សម្រាប់​សហព័ន្ធ​អភិរក្ស​ធម្មជាតិ​អន្តរជាតិ អះអាងថា​ប្រេងដូង គឺជា​មូលហេតុ​ចំបង នាំ​ឲ្យ​មានការ​កាប់​ព្រៃឈើ និង​ការថយចុះ​នៃ​ជំរក​របស់​សត្វព្រៃ នៅ​តំបន់​អាស៊ី អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង​។ តាម​ការបញ្ជាក់​របស់​អង្គការ ដែលមាន​ទីស្នាក់ការ​ក្នុងប្រទេស​ស្វី​ស​មួយ​នេះ បានបញ្ជាក់​ទៀតថា ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥ ការកាប់​ព្រៃឈើ​យ៉ាងហោចណាស់ ៥០​ភាគរយ​លើ​កោះ​ប័​រ​ណេ​អូ (Borneo) ដែលជា​កោះ​ស្ថិតក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រ៊ុយណេ ជាប់​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ដូងប្រេង​។ 
 
​លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ បាន​និយាយ​ការពារ​ថា ម៉ាឡេស៊ី​ផ្តោតលើ​ការកែលំអ​ផលិតផល​ប្រេងដូង និង​ការប្រមូល​ផល ហើយ​រដ្ឋាភិបាល​នឹង​កម្រិត​ការដាំ​ដូងប្រេង​ត្រឹម ៦,៥៥​លាន ហិច​តា​តែប៉ុណ្ណោះ រហូតដល់​ឆ្នាំ​២០២៣​។ 
 
​ប៉ុន្តែ​សកម្មជន​បរិស្ថាន និង​ប្រជាជន​ក្នុងស្រុក បាន​ចោទថា​ការកាប់​ព្រៃ​នៅតែ​កើតមាន ជាពិសេស​លើ​កោះ​កោះ​ប័​រ​ណេ​អូ (Borneo) និង​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​ម៉ាឡេស៊ី​។ 
 
​សូមបញ្ជាក់ថា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី គឺជា​ប្រទេស​នាំចេញ​ប្រេងដូង​ធំជាងគេ​បំផុត​លើ​ពិភពលោក ដែល​ផ្គត់ផ្គង់​ផលិតផល​ប្រេងដូង​ប្រមាណ​ជា​៨៥​ភាគរយ កំពុងមាន​ភាព​តានតឹង​ជាមួយ​អឺរ៉ុប​លើ​ផលិតផល​ប្រេងដូង​៕

Tag:
 មហា​ធៀ​
  ម៉ាឡេស៊ី​
  អឺរ៉ុប​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com