ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​១៧០​លាន​ដុល្លារ ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ និង​ជំនន់​នៅ​ខេត្ត​ព្រះសីហនុ​
23, Aug 2019 , 5:03 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្តី្រក្រសួងសាធារណៈការ និងដឹកជញ្ជូន(រូបផ្តល់ដោយ លោក Chang Sopeara)
លោក ស៊ុន ចាន់ថុល រដ្ឋមន្តី្រក្រសួងសាធារណៈការ និងដឹកជញ្ជូន(រូបផ្តល់ដោយ លោក Chang Sopeara)
​ភ្នំពេញ​៖  កម្ពុជា​ត្រៀម​បញ្ចេញ​ថវិកា​ប្រហែល​១៧០​លាន​ដុ​លា្ល​រ ដើម្បី​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់ និង​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។​

 
​លោក ស៊ុន ចាន់ថុល បាន​និយាយថា ការសាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នេះ ដើម្បី​កុំឱ្យ​ប្រពល​រដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា បង្ហូរទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​ដោយផ្ទាល់ ជាពិសេស​រំដោះ​ទឹកភ្លៀង​ពេល​មាន​ជំនន់​។​
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​សិក្ខាសាលា​ស្តីពី​«​លទ្ធផល​នៃ​ការរៀបចំ​ផែនការមេ និង​ការសិក្សា​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់ នៅ​ក្រុងព្រះសីហនុ​» នា​ព្រឹក​ថ្ងៃទី​២៣ សីហា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រដ្ឋមន្ត្រី​សាធារណការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ការសាងសង់​ប្រព័ន្ធ​លូ​ទាំងនេះ បូកសរុប​ប្រហែល​១៧០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ប្រព័ន្ធ​ទឹកស្អុយ​ដំណាក់កាល​ទីមួយ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ដំណាក់កាល​ទីមួយ​។ ក្រោយមកទៀត ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ថែមទៀត មាន​សណ្ឋាគារ​ច្រើន​ថែមទៀត  យើង​អាច​ពង្រីក​អាង​ចម្រុះ​ទឹក​កខ្វក់​របស់​យើង​បាន​រហូត​១៦​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ នៅលើ​ទំហំ​ដី​១៦​ហិកតា​»​។ 
 
​ទំហំ​ថវិកា​នេះ ត្រូវបាន​បែក​ចែក​លើ​ការចំណាយ​ផ្សេងៗ​ពីគ្នា ក្នុងការ​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់ និង​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​នេះ​។ ក្នុងនោះ​រួមមាន សង់​ប្រព័ន្ធ​ចម្រុះ​ទឹក​កខ្វក់​៤​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ក្នុង​ទំហំ​ទឹកប្រាក់​៥០-៦០​លាន​ដុល្លារ​។ ប្រព័ន្ធ​លូ​ប្រវែង​៤៥​គីឡូម៉ែត្រ តម្លៃ​៤០​លាន​ដុល្លារ​។ ប្រព័ន្ធ​លូ​បែងចែក​(​លូ​តូច​)​ប្រវែង​៤៧​គីឡូម៉ែត្រ សម្រាប់​ត​ភា្ជ​ប់​ពី​លូ​មេ​ទៅតាម​ផ្ទះ​ប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ជាដើម មានតម្លៃ​៨​លាន​ដុល្លារ និង​សាងសង់​កន្លែង​ស្ថានីយ​បូមទឹក​កខ្វក់​មួយកន្លែង​ទៀត មានតម្លៃ​១៥​លាន​ដុល្លារ​។ រីឯ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​វិញ គឺ​ត្រូវ​សាងសង់​លូ​ប្រវែង​២០​គីឡូម៉ែត្រ ដោយ​ត្រូវការ​ថវិកា​ប្រហែល​២៥​លាន​ដុល្លារ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល ។  
 
 
​បើតាម​លោក ស៊ុន ចាន់ថុល គម្រោង​សាងសង់​ប្រព័ន្ធ​ទឹក​កខ្វក់ និង​ទឹកភ្លៀង​នេះ មិនទាន់​កំណត់​ពេលវេលា​សាងសង់​នៅឡើយ​ទេ ព្រោះ​ត្រូវដាក់​ធាតុ​ផ្សំ​មួយចំនួនទៀត ដើម្បី​សិក្សា​ផែនការមេ​ជា​ចុងក្រោយ មុន​រាយការណ៍ និង​ដាក់ជូន​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ និង​ក្រសួង​សេដ្ឋកិច្ច​។ 
 
«​យើង​ត្រូវធ្វើ​យ៉ាង​ជំរុញ​ឱ្យបាន​លឿន បើ​មិន​ដូច្នេះ​ទេ យើង​មិនអាច​គ្រប់គ្រង​ការបង្ហូរ​ទឹក​កខ្វក់​ចូលទៅក្នុង​សមុទ្រ​បាន​ទៀត​ទេ​។  សព្វថ្ងៃ​យើង​គ្រប់គ្រង​ទឹក​កខ្វក់​បាន​ចំនួន​៣​ម៉ឺន​ម៉ែត្រ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​បើ​ប្រើប្រាស់​លើស​នេះ ខ្ញុំ​មិនអាច​គ្រប់គ្រង​បានទេ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ដែល​បាន​បន្ថែមថា ក្រៅពី​សិក្សា​នៅ​ខេត្ត​ព្រះសីហនុ ក្រសួង​ក៏បាន​សិក្សា​ទៅលើ​ខេត្ត​ចំនួន​៥​ទៀត រួមមាន ខេត្តកោះកុង កែប កំពត កំពង់ចាម និង​បាត់ដំបង​។ រីឯ​ខេត្តកំពង់ស្ពឺ ក្រសួង​បាន​សិក្សា​រួចហើយ​៕ 
 

Tag:
 ស៊ុន ចាន់ថុល​
  ទឹក​កខ្វក់​
  ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com