ជាតិ
ពីនេះ ពីនោះ
«​អគ្គិ​», «​អគ្គី​» និង​«​អគ្និ​» អាច​ប្រើ​ក្នុងន័យ​ថា​«​ភ្លើង​» បាន​ដូចគ្នា​!
08, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 ​នៅក្នុង​វចនានុក្រម​ខ្មែរ ពាក្យ «​អគ្គិ​»,«​អគ្គី​» និង​«​អគ្និ​» គឺ​សុទ្ធតែ​មានន័យថា ភ្លើង ដូចគ្នា​ទាំងអស់ និង​ត្រឹមត្រូវ​ដូចគ្នា គ្រាន់តែ​ពាក្យ​ទាំងបី​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ប្រើ​ជា​ពាក្យ «​អគ្គិ​» ទៅ ហើយ​ខ្លះ​«​អគ្គី​» ទៅ ដោយឡែក​ពាក្យ​«​អគ្និ​» ប្រហែលជា​ពលរដ្ឋ​ខ្លះ​មិន​ធ្លាប់បាន​ប្រើ​នោះទេ​។


​ពាក្យ អគ្គិសនី ក្លាយ​មកពី​ពាក្យ អគ្គី​(​ភ្លើង​)​បូក​ជាមួយ​ពាក្យ អសនី​(​រន្ទះ​)​មានន័យថា ភ្លើង​រន្ទះ ឬ​ភ្លើង​មេឃ​, អគ្គិភ័យ​(​ភ័យ​អំពី​ភ្លើង​ដែល​ឆេះ​ផ្ទះ​) អគ្គិកីឡា ឬ​អគ្គី​កីឡា ឬ​អគ្និក្រីឌា​(​ល្បែង​ភ្លើង ឬ​ល្បែង​ភ្ញីភ្លើង ដែលមាន​កាំជ្រួច កាំជ្រួច​រន្ទា ឬ​ភ្ញីទៀន​ជាដើម​),​អគ្គិសន្តាប មានន័យថា កម្តៅភ្លើង ឬ​កម្សួល​ភ្លើង​, អគ្គិសិខា មានន័យថា អណ្តាតភ្លើង​,​គោម ឬ​ចង្កៀង​។ 
 
​សម្រាប់​ពាក្យ​មួយចំនួន​ខ្លះ ដែល​ប្រើ​ជាមួយនឹង​ពាក្យ អគ្និ មានដូចជា ពាក្យ អគ្និទិស (​ទិស​នៃ​អគ្នី​ទេព គឺ​ទិសអាគ្នេយ៍​),​អគ្នី​ទេព​(​ទេវតា​ដែលមាន​ឈ្មោះ អគ្និ​), អគ្និប្រស្ត្រ (​ថ្ម​ដែកភ្លើង​),​អគ្និមណី​(​កែវ​កើត​ពន្លឺភ្លើង​,​កែវ​មណី​ជាតិរស​),​អគ្និវាណ​(​គ្រាប់កាំភ្លើង​ដែល​បែក​ផ្ទុះ​ចេញ​ជា​ភ្លើង អាច​ហៅ​ម្យ៉ាង​ទៀតថា គ្រាប់​ផ្ទុះ ឬ​គ្រាប់បែក​, អគ្និហោត្រ​(​ការ​សាច​ទឹកដោះថ្លា​បូជា​ភ្លើង​, វត្ថុ​ដ៏​ឧ​ត្ត​ម​សម្រាប់​បូជា​ភ្លើង​)៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com