អត្ថបទពាណិជ្ជកម្ម
កម្ចី​អចលនទ្រព្យ​កើន​ដល់​ជិត ៣.៥ ពាន់​លាន​ដុល្លារ ខណៈ​និន្នាការ​នៃ​ការរស់នៅ​កាន់តែ​ប្រសើរឡើង​
24, Aug 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​កម្ចី​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បន្ត​មាន​កំណើន​ខ្លាំង​នៅ​រយៈពេល ១២ ខែ​ចុងក្រោយ ដោយសារ​កំណើន​ការវិនិយោគ និង​ភាពរឹងមាំ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។​
​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ទំហំ​កម្ចី​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បានផ្តល់​ឲ្យ​ទៅ​វិស័យ​អចលនទ្រព្យ បាន​កើន​ដល់​ជិត ៣.៤២ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ឆ្នាំ ២០១៩​នេះ គឺ​កើនឡើង ៣០ ភាគរយ​ពី​ត្រឹម ២.៤៩ ពាន់​លាន​ដុល្លារ​ពី​កាលពី​ដំណាច់​ខែមិថុនា​ឆ្នាំ​២០១៨​។​
 
​ទិន្នន័យ​ទឹកប្រាក់​នៃ​កម្ចី​នេះ គឺ​យោងតាម​ទិន្នន័យ​ស​ន្ទ​ស្សន៍​ឥណទាន ប្រើប្រាស់​លក្ខណៈ​បុគ្គល​របស់ CBC ដែល​ផ្តោតលើ​ឥណទាន​បី​ប្រភេទ រួមមាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន (Personal Finance Loans) កម្ចី​អចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)​។ CBC បង្ហាញថា កម្ចី​អចលនទ្រព្យ​មាន ៤៧.៨ ភាគរយ នៃ​កម្ចី​ប្រើប្រាស់​លក្ខណៈ​បុគ្គល​សរុប ចំនួន ៧.១៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ខែមិថុនា​ឆ្នាំនេះ​។​
 
​គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ដដែល ចំនួន​គណនី​សម្រាប់​កម្ចី​ទិញ​អចលនទ្រព្យ មាន​សរុប ១៣១,៣៧៦ គណនី គឺ​កើនឡើង ១៩ ភាគរយ ពី ១១០,៣០២ កាលពី​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៨​។​
​លោកស្រី សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិការ ធនាគារ​អេស៊ីលីដា បានលើកឡើង​កំណើន​ប្រាក់កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​សម្រេចបាន​អត្រា ៣០ ភាគរយ គឺជា​ការវិវត្តន៍​ល្អ ដែល​បង្ហាញថា​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី និង​ប្រជាជន​កម្ពុជា មើលឃើញ​ឱកាស​កាន់តែច្រើន​នៅក្នុង​វិស័យនេះ​។​
 
​អ្នកស្រី បន្ថែមទៀតថា ការកើនឡើង​គួរឱ្យកត់សម្គាល់ នៃ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ដោយ​ប្រជាជន​កម្ពុជា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ដោយសារ​ប្រាក់ចំណូល​របស់​ប្រជាជន រួមផ្សំ​នឹង​កំណើន​ចំណេះដឹង ពី​សេវាកម្ម​ហិរញ្ញវត្ថុ និង​កំណើន​លទ្ធភាព​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​។​
 
​អ្នកស្រី​បញ្ជាក់ថា​៖«​កំណើន​កម្ចី​អចលនទ្រព្យ ឆ្លុះបញ្ចាំង​ពី​ការយល់ឃើញ​ជា​វិជ្ជមាន របស់​អ្នកផ្គត់ផ្គង់​សេវា​ហិរញ្ញវត្ថុ និង​អ្នកទទួល ទៅលើ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​កម្ពុជា​»​។ អ្នកស្រី​បន្តថា​៖«​មានឱកាស​អភិវឌ្ឍន៍​ក្នុង​វិស័យនេះ ប៉ុន្តែ​យើង​តែងតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​តាមដាន​វិស័យនេះ​យ៉ាង​យកចិត្តទុកដាក់​ដែរ ដើម្បី​កាត់បន្ថយ​ហានិភ័យ​»​។​
​យោងតាម​អ្នកស្រី ណា​រី ប្រាក់កម្ចី​អ​ចនទ្រ​ព្យ​របស់​អេស៊ីលីដា មាន​ចំនួន​សរុប ២៧៣ លាន​ដុល្លារ នៅ​ចុងខែ​មិថុនា​ឆ្នាំនេះ ស្មើនឹង​ចំនួន​អតិថិជន​មាន​ចំនួន ៧,៩១៣​នាក់​។​
 
​កម្ពុជា​ចាប់ផ្តើម​ផ្តោតលើ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​
​លោក នួន រិទ្ធី នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​សេវា​អ​ចនទ្រ​ព្យ Khmer Appraisal Foundation (KFA) បាន​មានប្រសាសន៍ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ហើយ​វិស័យ​ទាំងពីរ កំពុង​រីកចម្រើន​ស្រប​នឹង​កំណើនសេដ្ឋកិច្ច​។ លោក​បាន​បន្ថែមថា​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រជាជន​ពេញវ័យ​ច្រើន ហើយ​កំពុង​ងាក​ទៅរក​បែបបទ​នៃ​ការរស់នៅ​ថ្មី ដោយ​គូស្រករ​វ័យក្មេង ចង់​រស់នៅ​ដោយ​ឯករាជ្យ​ពី​ឪពុកម្តាយ ហើយ​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​។​
 
​លោក​បន្តថា​៖«​នៅពេលដែល​ប្រជាជនមាន​ប្រាក់ចំណូល​ទាប ពួកគេ​យកចិត្តទុកដាក់​ខ្លាំង​បំផុត តែ​លើ​អាហារ​ហូបចុក សម្រាប់​បរិភោគ​។ ឥឡូវ​ប្រជាជន​កម្ពុជា​មាន​ប្រាក់ចំណូល​ខ្ពស់​ហើយ​ចង់បាន​របៀប​រស់នៅ​ល្អ​ជាង​មុន​។ អ្នក​ដែលមាន​ផ្ទះ​នៅ​កម្រិត​មធ្យម បាន​ប្តូរ​ទៅរក​កម្រិត​ខ្ពស់ ហើយ​អ្នក​ដែល​រស់នៅក្នុង​កម្រិត​ទាប ប្តូរ​មក​កម្រិត​មធ្យម​»​។​
 
​ក្តីបារម្ភ​ចំពោះ​កម្ចី​ទិញ​ផ្ទះ ដែលមាន​អត្រា​ការប្រាក់​ខ្ពស់​
​ចំនួន​ប្រាក់កម្ចី​ទិញ​ផ្ទះ​មាន​ចំនួន ៣.៤២ ពាន់​លាន​ដុល្លារ គឺជា​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ហើយ CBC មិនទាន់​រាប់បញ្ចូល​ប្រាក់កម្ចី ដែល​អ្នកទិញ​ទិញ​ផ្ទះ​ដោយ​បង់​រំលស់ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដូចជា​បុរី​ទេ​។ ប្រសិនបើ​ការបង់​រំលស់​សម្រាប់​ផ្ទះ​ពី​បុរី នឹង​ត្រូវបាន​បន្ថែម​នៅក្នុង​របាយការណ៍ នោះ​តួលេខ​នេះ អាច​នឹង​កាន់តែ​ធំ​ឡើង នៅពេល​ដែលមាន​និន្នាការ​កើនឡើង នៃ​ការទិញ​ផ្ទះ​ពី​ការបង់ រំលស់​ពី​បុរី​។​
 
​កំណើន​ការទទួល​កម្ចី​ដោយផ្ទាល់​ពី​ម្ចាស់​បុរី ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ បានធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់ ពី​ធនាគារកណ្តាល​កម្ពុជា បង្កើន​ការយកចិត្តទុកដាក់ ហើយ​បាន​ក្រើនរំឭក​ដល់​អ្នកទិញ​ផ្ទះ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ ពី​អត្រា​ការប្រាក់​។​
 
​ថ្លែង​ក្នុងឱកាស នៃ​ការធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​ឆមាស​ទីមួយ​ឆ្នាំ ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ចុងខែ​កក្កដា លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មានការ​កើនឡើង​យ៉ាងខ្លាំង ហើយ​តម្រូវការ​ប្រាក់កម្ចី​ទិញ​ផ្ទះ ក៏​កំពុង​កើនឡើង​។ លោកស្រី​បាន​បន្តថា គូស្រករ​វ័យក្មេង​កាន់តែច្រើន តែង​ចង់បាន​របៀប​នៃ​ការរស់នៅ​ថ្មី ដោយ​រស់នៅ​ដាច់ដោយឡែក​ពី​ឱ​ពុក​ម្តាយ តាមរយៈ​ការ​មានផ្ទះ​ដោយ​ខ្លួនឯង ដោយ​ការទទួល​កម្ចី​។​
 
​តាមរយៈ​និន្នាការ​នេះ លោកស្រី សិរី បាន​ជំរុញ​ឱ្យ​អ្នកទិញ​អចលនទ្រព្យ ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ឲ្យ​បាន​លម្អិត មុនពេល​សម្រេចចិត្ត ដោយសារ​ថា​ការទិញ​ផ្ទះ​បង់​រំលស់ ពី​ម្ចាស់​បុរី ដោយផ្ទាល់ តែងមាន​អត្រា​ការប្រាក់​ខ្ពស់ជាង ឆ្ងាយ​ធៀប​នឹង​ការទទួល​កម្ចី​ពី​ធនាគារ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com