ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យម្ចាស់ភោជនីយដ្ឋានឈប់ប្រើប្រាស់ប្លាស្ទិក យកទៅវេចខ្ចប់ចំណីអាហារ ដើម្បីជួយបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន។
«យើងត្រូវជៀសវាង និងកាត់បន្ថយ ហើយឈានឱ្យបានទៅដល់ការឈប់ប្រើប្រាស់ប្លាស្ទិក នៅក្នុងវិស័យម្ហូបអាហារ»។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលស្នើដល់ភោជនីយដ្ឋានតូច-ធំទាំងអស់នៅកម្ពុជាឱ្យឈប់ប្រើប្រាស់ប្លាស្ទិក ដោយខិតខំប្រើប្រាស់ស្លឹកឈូក ស្លឹកចេក ស្លឹកកំប្លោក ផ្តៅ ឬស្សី រពាក់ ជំនួសការវេចខ្ចប់ដោយប្លាស្ទិកនិងស្នោវិញ។
បើតាម លោក ថោង ខុន បច្ចុប្បន្ននេះមានក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានផលិត និងរៀបចំ កញ្ចប់សម្រាប់វេចខ្ចប់អាហារ ដែលមានចាន និងប្រអប់ កែច្នៃពីកាកអំពៅដែលជួយដល់បរិស្ថាន។ ក្នុងន័យនេះ លោក ថោង ខុន បានបញ្ជាក់ថា នៅពេលអ្នកបរិភោគអាហាររួច ហើយបោះចោលចាន ឬប្រអប់ដែលផលិតពីកាកអំពៅទាំងនោះ វានឹងរលាយនៅក្នុងដីក្នុងរយៈពេលដ៏ខ្លី ដែលមិនប៉ះពាល់ដល់បរិស្ថានទេ ដែលខុសពីការប្រើប្រាស់ប្រអប់ស្នោ ចាន ស្លាបព្រាជ័រ ថង់-ដបបា្លស្ទិក ផលិតពីសារធាតុគីមីដែលម្ចាស់ភោជនីយដ្ឋាន និងប្រជាពលរដ្ឋកំពុងប្រើប្រាស់វេចខ្ចប់សព្វថ្ងៃនេះ។
សូមស្ដាប់សំឡេង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖
«យើងកុំប្រើចាន(បា្លស្ទិក ស្នោ)ច្រើន។ យើងប្រើជាត្រក កញ្ឆែង ដែលធ្វើផ្តៅ រពាក់ ឬស្សី កែវ វិញ ដោយ កុំប្រើស្អីជាប្លាស្ទិក»។ នេះជាការណែនាំរបស់លោក ថោង ខុន ទៅកាន់ចំពោះអ្នកដែលស្ថិតនៅក្នុងវិស័យម្ហូបអាហារទាំងអស់ នៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាព្រឹកថ្ងៃទី២១សីហា នៅសណ្ឋាគារសុខាភ្នំពេញ។
លោក នេត្រ ភក្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានThmeyThmey កាលពីខែកក្កដា ឆ្នាំ២០១៩ ថា ក្នុងមួយថ្ងៃ កម្ពុជាមានសំរាម៤លានតោន ក្នុងនោះមានសំរាមប្លាស្ទិកប្រមាណ៤០ភាគរយ។ លោក បញ្ជាក់ថា សំរាមប្លាស្ទិក៤០ភាគរយនោះ មាន២០ភាគរយ ត្រូវគេយកទៅច្នៃប្រើប្រាស់ឡើងវិញ និង២០ភាគរយទៀតត្រូវបានពលរដ្ឋយកទៅបោះចោលនៅទីសាធារណៈ។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ រាជធានីភ្នំពេញមានសំរាមច្រើនជាងគេ រហូតទៅដល់៣ពាន់តោន (ប្លាស្ទិកប្រមាណ១៧,៣ភាគរយ) ខេត្តសៀមរាប មានសំរាម៣៨០តោន (ប្លាស្ទិកមាន២០,៧ភាគរយ) និងខេត្តព្រះសីហនុ មានសំរាមប្រមាណ៧០០តោន (ប្លាស្ទិកមាន៣៤ភាគរយ) ដែលប្រើប្រាស់នៅក្នុងមួយថ្ងៃ។
ដោយឡែក កាលពីឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ១០លានថង់ក្នុងមួយថ្ងៃ។ នេះជាការលើកឡើងរបស់ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹងនៃក្រសួងបរិស្ថាន ដែលបទបង្ហាញស្តីពីការគ្រប់គ្រងកាកសំណល់ទៅកាន់ក្រុមអ្នកសារព័ត៌មានមួយក្រុមដែលជាគ្រូបង្គោលក្នុងក្របខ័ណ្ឌគម្រោងទីភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង CFI។
របាយការណ៍របស់ទីភ្នាក់ងារអភិវឌ្ឍនៃអង្គការសហប្រជាជាតិ UNDP ធ្លាប់បានបង្ហាញថា ថង់ប្លាស្ទិកមួយត្រូវការពេលត្រឹមតែ៥វិនាទីប៉ុណ្ណោះដើម្បីផលិត។ ប៉ុន្តែថង់ប្លាស្ទិកដែលគេបោះចោលនោះ បំពុលបរិស្ថាន និងមហាសមុទ្ររយៈពេល៥០០ឆ្នាំ។ ថង់ប្លាស្ទិក មានសារធាតុគីមីពុល មានអាយុកាលវែង មិនងាយរលាយ។ ចំណែកលទ្ធភាពនៃការកែច្នៃឡើងវិញបានត្រឹមតែ៣ភាគរយប៉ុណ្ណោះ៕