ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សម្រេច​ឱ្យ​បង្កក​ទ្រព្យ ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​
24, Aug 2019 , 11:33 am        
រូបភាព
រូបពីហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
រូបពីហ្វេសប៊ុកលោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
​ភ្នំពេញ​៖ ក្រៅពី​ផ្តន្ទាទោស និង​ផាកពិន័យ​នោះ ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក៏ត្រូវ​រង​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែរ​។ នេះ​ជាការ​សម្រេច​របស់​រដ្ឋា​ភិ​បាល ដែល​ឯកភាព​តាម​សំណើរ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​។​



​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ឯកភាព​លើ​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ បានសម្រេច​ឱ្យ​មោឃភាព ឬ​លុបចោល​នូវ​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ចេញពី​ដី​សម្បទាន «LP» និង លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ «PC» ទាំងអស់​ដែល​ចេញ​នាពេល​កន្លងទៅ​ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សារជាថ្មី ងាយស្រួល​គ្រប់គ្រង​។ បន្ថែម​ពីនេះ​ក្រសួង និង​ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ ត្រូវ​មោឃភាព និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន ដែល​មិន​គោរព​ច្បាប់ មិន​គោរព​កិច្ចសន្យា មិន​គោរព​កិច្ចព្រមព្រៀង​។ 
 
​រដ្ឋាភិបាល អនុញ្ញាតឱ្យ​ប្រមូល​វត្ថុតាង មធ្យោបាយ​នៃ​បទល្មើស ដែល​បាន​កម្ទេចចោល យកមក​រក្សាទុក​ផ្ដុំ​កន្លែង​មួយ​កំណត់ ដើម្បី​ទុកជា​ភស្តុតាង​សម្រាប់​បម្រើ​តុលាការ ។​

«​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់​»​។ នេះ​បើតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ផ្ញើ​ទៅកាន់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​
 
​តាមរយៈ​យន្តការ​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ រដ្ឋាភិបាល ក៏​អនុញ្ញាតឱ្យ​អាជ្ញាធរ​ចារឹក​ឈ្មោះ​ឧក្រិដ្ឋជន​នៅលើ​ផ្ទាំងសិលា​ដាក់​តាំងនៅ​កន្លែង​គំនរ​រថយន្ត ដែលជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ​ទៀតផង​។​

​កាលពី​ថ្ងៃទី​១៥ សីហា ឧកញ៉ា គង់ គ្រឹ​ង និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ។ ដោយឡែក​ឧកញ៉ា ស៊ឹង សំអុល រួមទាំង​បក្សពួក​៤​នាក់​ទៀត ក៏​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ល្មើស​ព្រៃឈើ​នេះ​ដូចគ្នា កាលពីដើម​ខែកក្កដា ក្រោយពី​ការប្រកាស​អនុវត្ត​វិធានការ​ក្តៅ ពី​សំណាក់​លោក សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ 
​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី បាន​បញ្ជាក់ថា តុលាការ​កំពុង​បន្ត​នីតិវិធី​លើ​សំណុំរឿង​របស់​ឧកញ៉ា​ទាំងពីរ និង​អ្នកពាក់ព័ន្ធ​លើ​បទល្មើស​ព្រៃឈើ ដែល​អាជ្ញាធរ​ឃាត់ខ្លួន​បាន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អេង ហ៊ី បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ ដូច្នេះ​រាល់​ការសម្រេច​បង្កក​ទ្រព្យសម្បត្តិ​នោះ គឺ​អាស្រ័យ​លើ​តុលាការ​»​។​
 
​គិត​មកដល់ពេលនេះ អាជ្ញាធរ បាន​ដុត​កម្ទេច​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ជាង​២០០​គ្រឿង​ហើយ ដោយ​ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​កែច្នៃ​ដូចជា ប៉ា​កុង សាំ​យ៉ុង និង ឡុង​គ្រី​ស័​រ ជាដើម​។ ក្រៅពី​រថយន្ត ក៏​នៅមាន​ម៉ូតូ​កែច្នៃ​មួយចំនួនទៀត ដែល​ត្រូវបាន​ដុត​កម្ទេចចោល​ដែរ​។ អាជ្ញាធរ​បាន​រឹបអូស​ឈើ​ជាង​២​ពាន់​ម៉ែត្រ​គីប ហើយ​យកទៅ​រក្សាទុក នៅ​រដ្ឋបាល​ព្រៃឈើ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​៕

Tag:
 ព្រៃឈើ​
  ជលផល​
  អេង ហ៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com