បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោកស្រី កែវ មុំ បើករោងចក្រកែច្នៃបន្លែ-ផ្លែឈើក្រៀម ដើម្បីជួយដល់កសិករ និងបន្ថយចំណាកស្រុក
× ភ្នំពេញ៖ បន្ទាប់ពីទទួលបានជំនួយឥតសំណង ពីមូលនិធិការបង្កើតថ្មីសម្រាប់ការកាត់បន្ថយភាពក្រីក្រ(AIP) ចំនួន២០ម៉ឺនអឺរ៉ូ ប្រហាក់ប្រហែលនឹងជាង ២៤ម៉ឺនដុល្លារអាមេរិក លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលី ដែលជាស្ត្រីជើងចាស់ក្នុងសិប្បកម្មកែច្នៃអាហារជាងមួយទសវត្សរ៍ បានដំណើរការរោងចក្រកែច្នៃបន្លែ និងផ្លែឈើក្រៀម ជាបណ្តើរៗ ដោយបានដាក់លក់បន្លែនិងផ្លែឈើក្រៀមចំនួន៧មុខ នៅក្នុងទីផ្សារកកម្ពុជា។ ក្រោយការដាក់ដាក់លក់ជាងមួយខែ មកនេះ លោកស្រី កែវ មុំ មើលឃើញថា មានការគាំទ្រច្រើន។ ទោះជាយ៉ាងនេះក្តី នៅក្នុងដំណើរការសាកល្បងនេះ រោងចក្រ ក៏ជួបប្រទះបញ្ហាមួយចំនួនដែរ ដូចជាកង្វះការផ្គត់ផ្គង់បន្លែផ្លែឈើពីកសិករជាដើម។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោកស្រី កែវ មុំ ដូចតទៅ៖
ថ្មីៗនេះបន្លែ និងផ្លែឈើក្រៀមវេចខ្ចប់យ៉ាងទំនើប ចំនួន៧ប្រភេទ រួមមាន ចេកអំបូង ចេកមាសស្ងួន ត្រឡាច ល្ពៅ ដំឡូង ពោតបារាំង និងសណ្តែកកួរ ដែលផលិតដោយរោងចក្ររបស់លោកស្រី កែវ មុំ បានដាក់លក់នៅលើទីផ្សារកម្ពុជា បានជាង១ខែហើយ។ ការដំណើររោងចក្រ បណ្តោះអាសន្ននេះ គឺបន្ទាប់ពីក្រុមហ៊ុន លីលី ហ្វូដ អ៊ិនដាសទ្រី ខូអិលធីឌី ទទួលបានជំនួយឥតសំណងចំនួន ២០ម៉ឺនអឺរ៉ូ (ជាង២៤ម៉ឺនដុល្លារអាមេរិក ពីមូលនិធិការបង្កើតថ្មីសម្រាប់ការកាត់បន្ថយភាពក្រីក្រ (AIP) ដែលអនុវត្តន៍ដោយអង្គការអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ (SNV) សហការជាមួយ BoP Inc និង Incisive Business Sweden។
បើតាមលោកស្រី កែវ មុំ ជំនួយនេះគឺស្មើនឹង៣០ភាគរយ នៃដើមទុនសរុប។ ដ្បិតតែមានរយៈពេល២ឆ្នាំ ប៉ុន្តែរោងចក្រនៅតែដំណើរការ ដើម្បីបន្តកែច្នៃបន្លែ និងផ្លែឈើក្រៀម ដែលវាជាផ្នែកមួយ នៃទីផ្សារសម្រាប់កសិផលរបស់ខ្មែរ។
អគ្គនាយិកាក្រុមហ៊ុន លីលី ពន្យល់ពីមូលហេតុនៃការបង្កើតរោងចក្រកែច្នៃបន្លែ និងផ្លែឈើក្រៀមនេះ ដូច្នេះថា៖ «ពេលពលរដ្ឋជួបផលលំបាក គាត់តែងតែផុសក្នុងហ្វេសប៊ុកថា ពេលរដូវប្រមូលផល គឺអត់មានទីផ្សារ។ ពួកគាត់រំពឹងលើទីផ្សារប្រទេសក្រៅ។ ប៉ុន្តែប្រទេសគេ ក៏គេមានកសិផលដូចគ្នា។ អ៊ីចឹង មុននឹងគេទិញកសិផលយើង គឺគេប្រើប្រាស់កសិផលរបស់គេឲ្យអស់សិន។ រដូវប្រមូលផលនៅក្នុងបណ្តាប្រទេសអាស៊ាន គឺប្រហាក់ប្រហែលគ្នាទេ។ អ៊ីចឹង ដល់រដូវប្រមូលផល គេក៏ប្រមូលផល យើងក៏ប្រមូលផល។ ពេលនោះ គេនឹងសង្កត់តម្លៃយើងឲ្យទាបតែម្តង ដែលធ្វើកសិករមិនមានប្រាក់ចំណេញ និងអាចខាតដើមទៀត។ នេះជាមូលហេតុដែលធ្វើឲ្យកសិករបោះបង់ចោលការដាំដុះ ហើយចំណាកស្រុកទៅក្រៅប្រទេស និងតំបន់ផ្សេងៗ ដែលបន្សល់ទុកនូវកូនតូច ឬម្តាយឪពុកចាស់ៗនៅផ្ទះ។ អ៊ីចឹងយើងមានគំនិត ថា បើយើងយកបន្លែផ្លែឈើ មកកែច្នៃជាបន្លែផ្លែឈើក្រៀម យើងនឹងជួយដល់កសិករបានច្រើន»។
បច្ចុប្បន្ន រោងចក្របណ្តោះអាសន្ននេះ អាចផលិតបន្លែផ្លែឈើក្រៀម នៅក្នុងមួយថ្ងៃពី២ ទៅ៣តោន។ នៅពេលរោងចក្រថ្មីៗ សាងសង់រួចរាល់នៅប្រមាណ ៥ខែខាងមុខ នោះរោងចក្រមួយនេះ នឹងពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀត ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។
បើតាមលោកស្រី កែវ មុំ បច្ចុប្បន្នរោងចក្រ កំពុងដំណើរចុះកិច្ចសន្យាជាមួយកសិករនៅខេត្តកំពត កោះកុង កំពង់ចាម និងព្រះវិហារ ហើយនៅពេលរោងចក្រថ្មីៗ សាងសង់រួចរាល់ ភាគីរោងចក្រ នឹងធ្វើកិច្ចសន្យាជាមួយកសិករចំនួន ១,៥០០គ្រួសារ ជាពិសេសស្ត្រី និងគ្រួសារក្រីក្រ ដែលមានចំណូលទាប។
សូមជម្រាបដែរថា ក្រុមហ៊ុន លីលី បានបង្កើតតាំងពីឆ្នាំ២០០២មក។ ក្រោយដំណើរការបានជាងមួយទសវត្សរិ៍ ថ្មីៗនេះ លោកស្រី កែវ មុំ ក៏បានសម្ពោធរោងចក្រដ៏ធំមួយ ដែលជាការចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន ដើម្បីពង្រីកសង្វាក់ផលិតកម្ម នាំចេញទៅលក់លើទីផ្សារចំនួន១៤ប្រទេស រួមមាន៖ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា កូរ៉េខាងជើង កូរ៉េខាងត្បូង វៀតណាម ចិន ថៃ ភូមា ឥណ្ឌូណេស៊ី និងប៉ែកអាហ្វ្រិកជាដើម។ បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ ក្នុងការពង្រីករោងចក្រនំស្រួយ ដែលផលិតចេញពីអង្ករផ្ការំដួលហើយនោះ លោកស្រី ក៏បានងាកមកផលិតកែច្នៃបន្លែផ្លែឈើក្រៀម ដើម្បីជួយជ្រោមជ្រែងកសិករឲ្យមានទីផ្សារត្រឹមត្រូវ និងផ្តល់ចំណីអាហារដែលមានគុណភាពល្អ ជូនពលរដ្ឋបរិភោគ៕
Tag:
កែវ មុំ
សហគ្រិនស្ដ្រី
បន្លែ
ផ្លែឈើ
កសិផល
កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com