ពីនេះ ពីនោះ
សង្គមជាតិ
ចំណាយពេល២ម៉ោង មួយសប្តាហ៍ជាមួយធម្មជាតិអាចផ្តល់ផលល្អដល់សុខភាព
×
គំនិតមួយដែលលើកឡើងថាការចំណាយពេលដើម្បីលំហែកាយជាមួយធម្មជាតិ គឺល្អសម្រាប់សុខភាព និងសុខុមាលភាព មិនមែនជារឿងថ្មីនោះទេ។ ឪពុកម្តាយតែងតែប្រាប់ទៅកូនៗរបស់គេឲ្យចេញទៅលេងនៅខាងក្រៅ ព្រោះវាជាល្អ។
ការស្រាវជ្រាវមួយបានបង្ហាញថា ការចំណាយពេលជាមួយធម្មជាតិត្រឹមតែពីរ ម៉ោងក្នុងមួយសប្តាហ៍ គឺជួយសុខភាពនិងសុខុមាលភាពផ្លូវចិត្តឲ្យប្រសើរជាងមុន។ នេះបើតាមសម្តីរបស់លោក Mathew White សាស្ត្រាចារ្យផ្នែកបរិស្ថានវិទ្យានៃសាកលវិទ្យាល័យ Exeter ។
ស្រដៀងគ្នានេះដែរ មានការណែនាំផ្សេងទៀតដែលបង្ហាញថា ការធ្វើសកម្មភាពរាងកាយ១៥០នាទី ក្នុងមួយសប្តាហ៍ ឬបរិភោគផ្លែឈើ និងបន្លែ៥ចំណែក ក្នុងមួយថ្ងៃក៏មានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ នេះបើតាមគេហទំព័រ Science Daily។
ការស្រាវជ្រាវនេះគឺផ្អែកលើការស្ទង់មតិរបស់មនុស្សពេញវ័យ ២០០០០ នាក់នៅអង់គ្លេសពាក់ព័ន្ធនឹងសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃ និងពិពណ៌នារាល់ពេលដែលពួកគេបានចំណាយពេលនៅខាងក្រៅផ្ទះ នៅក្នុងកន្លែងធម្មជាតិដូចជាឧទ្យានក្នុងទីក្រុង ព្រៃឈើ ឬឆ្នេរខ្សាច់ជារៀងរាល់ថ្ងៃ។
តាមរយៈការផ្តល់មតិ គេរកឃើញថាមនុស្សដែលចំណាយពេលយ៉ាងតិចពីរម៉ោង ក្នុងមួយសប្តាហ៍ជាមួយធម្មជាតិមានសុខភាពល្អឬកម្រិតសុខុមាលភាពខ្ពស់ជាងមនុស្សដែលមិនបានចំណាយពេលជាមួយធម្មជាតិ។
លើសពីនេះទៀត ការចំណាយពេលជាមួយធម្មជាតិច្រើនជាង៥ម៉ោងក្នុងមួយសប្តាហ៍ ក៏មិនមានអត្ថប្រយោជន៍បន្ថែមដែរ។ ការសិក្សាមួយនេះ មិនត្រឹមតែអាចជួយអ្នកដែលមានសុខភាពល្អស្រាប់នោះទេ ទោះបីជាអ្នកដែលមានជំងឺរ៉ាំរៃ ក៏ទទួលបានលទ្ធផលល្អក្រោយពេលពួកគេចំណាយពេល ២ម៉ោងក្នុងមួយសប្តាហ៍ជាមួយធម្មជាតិដែរ៕
ដោយ ឈួន ឈីវអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com