ជាតិ
សង្គមជាតិ
ការដឹក​សំណល់​ប្លា​ស្ទិ​ក​ចេញពី​កម្ពុជា​ត្រូវបាន​ពន្យា​ពេល
24, Aug 2019 , 3:30 pm        
រូបភាព
កុងតឺន័រ​៨៣​ទូ នៅ​ផែ​ព្រះសីហនុ ដែល​សមត្ថកិច្ច​រកឃើញ​ផ្ទុក​សំណល់​ប្លា​ស្ទិ​ក​
កុងតឺន័រ​៨៣​ទូ នៅ​ផែ​ព្រះសីហនុ ដែល​សមត្ថកិច្ច​រកឃើញ​ផ្ទុក​សំណល់​ប្លា​ស្ទិ​ក​
​ភ្នំពេញ​៖ ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFATURE CO., LTD បាន​ស្នើសុំ​ពន្យារពេល​ដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក​ដែល​នៅសល់​ចំនួន ៦៩ កុង​តី​ន័​រ​ចេញពី​កម្ពុជា រហូតដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋ​ករ​កម្ពុជា​។

 
​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា បាន​បញ្ជាក់ថា មូល​ហេតុដែល​ក្រុមហ៊ុន​នាំចូល​សំរាម​ខាងលើ​បានស្នើ​សុំ​ពន្យា​ពេល​ដឹក​សំរាម​ចេញ​នេះ ដោយសារ​ក្រុមហ៊ុន​កប៉ាល់​ដឹកជញ្ជូន​បាន​ជួប​បញ្ហា​មួយចំនួន ដូចជា​អាកាសធាតុ និង​ទំនិញ​កកស្ទះ​ច្រើន​។ 
 
​បើតាម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា ក្រុមហ៊ុន​ខាងលើ បាន​បង់ប្រាក់​ពិន័យ​រួចរាល់​ហើយ និង​បាន​ដឹក​សំរាម​ចេញពី​កម្ពុជា​បាន​ចំនួន ១៤ កុងតឺន័រ​ផងដែរ កាលពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៩​។ 
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បាន​ពិន័យ​ក្រុម CHUNGYUEN PLASTIC MANUFATURE CO., LTD ថវិការ​ចំនួន​១០៣៧.៥​លាន​រៀល ចូល​ជា​ថវិកាជាតិ និង​ត្រូវ​ដឹក​ចេញពី​កម្ពុជា​ក្នុង​ថ្ងៃទី ២៤ ខែសីហា ជា​កំហិត ក្រោយ​បាន​រកឃើញថា ក្រុមហ៊ុន​ខាងលើ​បាន​នាំចូល​សំរាម​ពី​កាណាដា និង​អាមេរិក ចំនួន ៨៣ កុងតឺន័រ កាលពី​ខែកក្កដា ឆ្នាំ​២០១៩៕ 

Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  គយ
© រក្សាសិទ្ធិដោយ thmeythmey.com