វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ដើមឈើមិនមែនជាអ្នកផលិតអុកស៊ីសែនទាំងស្រុងនោះទេ
× ដើមឈើបៃតងជាសារពាង្គកាយដែលមាននាទីបញ្ចេញឧស្ម័នអុកស៊ីសែនទៅកាន់បរិយាកាស ដើម្បីឲ្យមនុស្ស និងសត្វនានាដកដង្ហើម។ រុក្ខជាតិបៃតងប្រើប្រាស់ទឹក ពន្លឺព្រះអាទិត្យ និងឧស្ម័នកាបូនឌីអុកស៊ីត ក្នុងការផលិតចេញទៅជាអុកស៊ីសែន និងសារធាតុអាហារដែលចិញ្ចឹមខ្លួនវាវិញ។ សកម្មភាពនេះត្រូវបានអ្នកវិទ្យាសាស្ត្រខាងរុក្ខជាតិហៅថាលំនាំ«រស្មីសំយោគ» ឬ Photosynthesis ។
ប៉ុន្តែគេហទំព័រ earthsky.org បានពន្យល់ថា នៅមានក្រុមសារពាង្គកាយមួយក្រុមធំទៀត ដែលមានតួនាទីផលិតអុកស៊ីសែនយ៉ាងច្រើន តែមនុស្សភាគច្រើនមិនបានស្គាល់ពួកវាឲ្យច្បាស់នោះទេ។ ក្រុមសារពាង្គកាយនេះមានឈ្មោះថា«ប្លង់តុង» ឬ «Plankton» ជាភាសាអង់គ្លេស។ ប្លង់តុងគឺជាសារពាង្គកាយតូចៗល្អិតៗ មិនអាចមើលឃើញនឹងភ្នែកទទេ។ វារស់នៅគ្រប់ទីកន្លែងដែលមានប្រភពទឹក។ ទាំងនៅក្នុងសមុទ្រ ទន្លេ បឹង ឬ ស្ទឹងជាដើម។ ប្លង់តុងមានពីរប្រភេទធំៗគឺ«ប្លង់តុងសត្វ» ឬ «Zooplankton» នឹង «ប្លង់តុងរុក្ខជាតិ» ឬ «Phytoplankton»។ ប្លង់តុងរុក្ខជាតិគឺជាអ្នកផលិតអុកស៊ីសែន មិនមែនប្លង់តុងសត្វទេ។
ទោះបីជារាង្គកាយរបស់ពួកវាមានរាងតូច មើលដោយភ្នែកទទេមិនឃើញមែន តែចំនួនដ៏ច្រើនលើសលុបរបស់ពួកវានៅក្នុងបរិស្ថាន អាចធ្វើឲ្យប្លង់តុងរុក្ខជាតិមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការសម្របសម្រួលបរិមាណអុកស៊ីសែនក្នុងបរិយាកាស។ អ្នកស្រាវជ្រាវបានកំណត់ថា អុកស៊ីសែនដែលមានសរុបក្នុងបរិយាស ចាប់ពី៥០ទៅ៨៥ភាគរយត្រូវបានផលិតដោយប្លង់តុងរុក្ខជាតិ។
សារពាង្គកាយមួយនេះមិនបង្កទុក្ខទោសដល់សុខភាពមនុស្សអ្វីនេះទេ។ ពួកវាគ្រាន់តែជាក្រុមប្លង់តុងដែលរសាត់តាមទឹកតែប៉ុណ្ណោះ។ ភាគច្រើន ពួកវាមានសកម្មភាពខ្លាំងនៅរដូវដែលមានពន្លឺព្រះអាទិត្យខ្ពស់ ដោយសារតែពួកវាអណ្តែតតាមផ្ទៃខាងលើនៃប្រភពទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com