ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​ប្ដេជ្ញា​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី លើ​ប្រព័ន្ធ​ផ្លូវថ្នល់​
24, Aug 2019 , 5:30 pm        
រូបភាព
​សៀមរាប​៖ ជា​ខេត្ត​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ខេត្តសៀមរាប​តែង​ទទួលរង​នូវ​ការរិះគន់​ជារឿយៗ​ទៅលើ​បញ្ហា​ផ្លូវថ្នល់​។ អាជ្ញាធរ​ក្នុង​ខេត្ត​នេះ បាន​បេ្ដ​ជ្ញា​ចិត្ត​ថា​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​លើ​ប្រព័ន្ធ​ផ្លូវថ្នល់​នៅក្រោយ​ឆ្នាំ​២០១៩ បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ដោយ​កំណត់​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ  និង​មាន​ភាព​បៃតង​។​

 
​អភិបាលរង​ខេត្តសៀមរាប លោក លី សំរិទ្ធ បានបង្ហាញ​ការប្ដេជ្ញា​លើ​ការកែប្រែ​ប្រព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប ឱ្យបាន​ល្អប្រសើរ​នៅក្រោយ​ឆ្នាំ​២០១៩ ដើម្បីឱ្យ​ស័ក្ដិ​សមជា​ខេត្ត​ទេសចរណ៍​របស់​កម្ពុជា​។ ថ្លែង​ក្នុងអំឡុងពេល​ចុះ​ពិនិត្យ​ផ្លូវ ប្រឡាយ និង​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៤ សីហា លោក លី សំរិទ្ធ បាន​លើកឡើងថា អាជ្ញាធរ​និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​នឹង​កំពុង​បន្ត​គិតគូរ​យកចិត្តទុកដាក់​ជាប្រចាំ​លើ​កិច្ចការងារ​ជួសជុល និង​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ័​នានា ធ្វើយ៉ាងណា​បញ្ចៀស​ពី​ការកកស្ទះ​ចរាចរណ៍ និង​ដើម្បី​រក្សាបាន​នូវ​ធ្វើ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ខេត្ត ព្រមទាំង​បានគិត​គូរ​ពី​អនាម័យ បរិស្ថាន ក្នុង​ក្រុង​ផងដែរ ។​
 
​ជាមួយគ្នា​នោះ លោក​អភិបាលរង​ស្ដីទី​រូបនេះ បានទទួល​ស្គា​ល់ពី​ការខូចខាត​ផ្លូវថ្នល់​ជាច្រើន​ក្នុង​ក្រុង​សៀមរាប ដែល​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ ដូច្នេះ​រដ្ឋបាលខេត្ត​មិនអាច​បណ្ដោយឱ្យ​រង​ផលប៉ះពាល់​ជា​បន្ត​ទៀតឡើយ គឺ​ចាំបាច់​ត្រូវ​ស្ដារ​មុខមាត់​ខេត្ត​ឡើងវិញ​។ «​ផ្លូវ​មួយចំនួន​រង​នូវ​ភាព​ទ្រុឌទ្រោម និង​ខូចខាត​បណ្តាលមកពី​កត្តា​ច្រើនយ៉ាង ជាពិសេស​គឺ​ដល់​អាយុកាល​របស់​វា​ដែល​ត្រូវ​ខូច ដូច្នេះ​ខេត្ត​បានកំណត់​ផ្លូវ​សំខាន់ៗ​ជា​អាទិភាព និង​ធ្វើឱ្យ​ល្អ តែ​ក៏​មិនអាច​ធ្វើ​ហួស​ពី​លទ្ធភាព​របស់​យើង​ដែរ យើង​នឹង​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយ​ឆ្នាំ ២០១៩​នេះ នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​...»​។ នេះ​ជាការ​បញ្ជាក់​របស់លោក លី សំរិទ្ធ​។​
 
​ក្នុងនាម​អាជ្ញាធរខេត្ត​និង​ថ្នាក់ដឹកនាំ​ខេត្ត លោក លី សំរិទ្ធ អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​មន្ត្រី អង្គភាព មន្ទីរ​ស្ថាប័ន​ពាក់​ព័​ន្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ សហការ​ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ​សំខាន់ៗ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​សម្អាត បរិស្ថាន អនាម័យ នៅតាម​មុខផ្ទះ​របស់ខ្លួន​ឱ្យបាន​ជាប្រចាំ ត្រូវ​គិតគូរ​វិច​ខ្ចប់​សំរាម និង​កាកសំណល់​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​៕
 
 

Tag:
 ផ្លូវថ្នល់​
  លី សំរិទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com