ជាតិ
សិល្បះ
ជនជាតិអាមេរិក ចាប់អារម្មណ៍តន្ត្រីខ្មែរផ្សារភ្ជាប់ព្រលឹងនិងអតីតកាល
×
ភ្នំពេញ៖ លោក ជេហ្វរី ដាយើ គឺជាជនជាតិអាមេរិក ដែលបានមកកម្ពុជា ដើម្បីស្រាវជ្រាវពីតន្ត្រីបុរាណខ្មែរក្នុងពិធីបុណ្យផ្សេងៗ សម្រាប់ថ្នាក់បណ្ឌិតរបស់ខ្លួន។ ក្នុងដំណើរស្រាវជ្រាវពេញ១ឆ្នាំ ពីខែសីហាឆ្នាំ២០១៨ ដល់ខែសីហាឆ្នាំ២០១៩លោក ជេហ្វ ចាប់អារម្មណ៍តន្ត្រីបុរាណខ្មែរ ដែលផ្សារភ្ជាប់ជាមួយអតីតកាល ជាពិសេសមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយព្រលឹង។
លោក ជេហ្វរី ដាយើ គឺជាបេក្ខបណ្ឌិតដែលបានទទួលអាហារូបករណ៍ ពីកម្មវិធីស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលខេមរសិក្សា សម្រាប់និក្ខេបទថ្នាក់បណ្ឌិតរបស់លោកនៅប្រទេសកម្ពុជា។ តាមរយៈអាហារូបករណ៍នេះ លោក ជេហ្វ បានធ្វើដំណើរទៅបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីស្រាវជ្រាវពីតន្ត្រីដែលប្រគំក្នុងពិធីផ្សេងៗ មានដូចជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យបច្ច័យបួន រហូតដល់ពិធីបង្សុកូល ពិធីសំពះគ្រូភ្លេង ពិធីមេមត់ និងពិធីជាច្រើនទៀត។
ដោយបានចុះទៅប្រាស្រ័យផ្ទាល់ជាមួយតន្ត្រីករនៅគ្រប់ទិសទី ព្រមទាំងបានរៀនភ្លេងបុរាណខ្មែរមួយចំនួនផងនោះលោក ជេហ្វ យល់ថាភ្លេងខ្មែរពិតជាពីរោះ។ លោកបានមើលឃើញថានៅកម្ពុជាមានភ្លេងច្រើនប្រភេទនិងសម្បូរបែប។
បុរសជនជាតិអាមេរិករូបនេះ បានធ្វើបាឋកថាមួយ បង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវមួយផ្នែករបស់ខ្លួន ស្ដីពីតួនាទីតន្ត្រីបុរាណខ្មែរក្នុងពិធីបុណ្យនានា បានបញ្ជាក់ដូច្នេះថា៖«នៅកម្ពុជាមានភ្លេងច្រើន សម្រាប់លេងក្នុងពិធីផ្សេងៗ។ គេធ្វើពិធីផ្សេងគ្នា គេមិនប្រើភ្លេងដដែលៗទេ គឺគេប្រើភ្លេងថ្មីរហូត»។
អ្វីដែលលោកផ្ដោតសំខាន់ក្នុងបាឋកថា គឺលោកបង្ហាញពីតន្ត្រីផ្សារភ្ជាប់ជាមួយអតីតកាល ជាពិសេសជាមួយព្រលឹង៖«ពេលធ្វើពិធីសំពះគ្រូភ្លេង គេបានហៅព្រលឹងគ្រូដែលស្លាប់ទៅនោះ ឱ្យត្រឡប់មកវិញ។ គេធ្វើពិធីបង្សុកូលហៅញាតិការទាំង៧សណ្ដានមកដែរ។ ខ្ញុំយល់ថាតន្ត្រីមានសារសំខាន់សម្រាប់ប្រជាជនខ្មែរ។ ទោះបីគេជឿលើព្រលឹងឬមិនជឿក្ដី ប៉ុន្តែខ្ញុំយល់ថាតន្ត្រីបានជួយដល់ស្មារតីក្នុងជីវិតរបស់ប្រជាជនកម្ពុជា»។
ក្រោយពីចំណាយពេលស្រាវជ្រាវនៅកម្ពុជាពេញមួយឆ្នាំ លោក ជេហ្វរី ដាយើ ត្រូវការពេលយ៉ាងហោចណាស់មួយឆ្នាំទៀត ដើម្បីសរសេរឯកសារបណ្ឌិតដែលមានកម្រាស់ប្រមាណជា៣០០ទៅ៤០០ទំព័រ៕
Tag:
ជេហ្វរី ដាយើ
សិល្បៈ
តន្ត្រី
ស្រាវជ្រាវ
ភ្លេងបុរាណខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com