ជាតិ
ពីនេះ ពីនោះ
«ជាងមិនកើត បន្ទោសដែក»
× ជាគោលការណ៍សីលធម៌និងច្បាប់ មនុស្សម្នាក់ៗត្រូវតែហ៊ានទទួលយកការណ៍ពិត ទទួលស្គាល់សមត្ថភាពរបស់ខ្លួន និងទទួលខុសត្រូវនូវអ្វីដែលជាផលកើតចេញពីទង្វើរបស់ខ្លួន។ ប៉ុន្តែ នៅក្នុងតថភាពជាក់ស្ដែង មានមនុស្សខ្លះ ពុំបានគោរពតាមគោលការណ៍ខាងលើនេះទេ ពួកគេបែរជាទម្លាក់កំហុសទៅឱ្យអ្នកដទៃវិញ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរបានលើកឡើងនូវសុភាសិតមួយថា «ជាងមិនកើត បន្ទោសដែក»។ តើសុភាសិតនេះមានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
ដើម្បីមានភាពងាយស្រួលក្នុងការបកស្រាយសុភាសិតនេះ យើងគប្បីយល់ដឹងនួវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «ជាង» សំដៅយកអ្នកចេះខាងជំនាង ពោលគឺជាអ្នកចេះខាងការបង្កើតថ្វីដៃ បង្កើតស្នាដៃ ឬអ្នកច្ឆៃប្រឌិតអ្វីមួយ។ ឧទាហរណ៍ ជាងដែក ជាងឈើ ជាងមាស ជាងគំនូរ។
«មិនកើត» មានន័យថា មិនអាចធ្វើអ្វីមួយបាន មិនមានជំនាញខាងអ្វីមួយ មិនប៉ិនប្រសប់ឬមិនមានទេពកោសល្យខាងអ្វីមួយ។ «បន្តោស» មានន័យថា ស្ដីឱ្យ ដាក់កំហុស ឬចោទប្រកាន់។ ឧទាហរណ៍ ម្ដាយបន្ទោសកូន ឪពុកស្ដីឱ្យកូន មេដឹកនាំដាក់កំហុសលើអ្នកក្រោមបង្គាប់។ «ដែក» គឺជាលោហជាតិមួយពួកកើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង ហើយវាមានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង។
តាមន័យត្រង់ «ជាងមិនកើត បន្ទោសដែក» សំដៅយកជាងណាម្នាក់ឬក្រុមជាងដែកណាមួយដែលមិនមានសមត្ថភាពក្នុងការធ្វើកាំបិត ពូថៅ ឬឧបករណ៍អ្វីមួយបានល្អ ហើយពួកគេមិនព្រមទទួលស្គាល់សមត្ថភាពរបស់ខ្លួនឯង ពោលគឺមិនទទួលស្គាល់ថាខ្លួនឯងមិនមានជំនាញ បទពិសោធន៍ និងទេពកោសល្យគ្រប់គ្រាន់ក្នុងការផលិតឬកែច្ឆៃវត្ថុទាំងនោះទេ។ ប៉ុន្តែ ពួកគេបែរជាទម្លាក់កំហុសទៅលើដែកវិញ ដោយបន្ទោសថា ដែកនោះមិនកើត ដែកនោះអន់ពេក ទើបពួកគេធ្វើកាំបិត ពូថៅ ឬឧបករណ៍អ្វីមួយនោះមិនបានល្អ។
តាមន័យធៀប «ជាងមិនកើត បន្ទោសដែក» សំដៅយកអ្នកណាម្នាក់ ឬក្រុមណាមួយដែលគ្មានសមត្ថភាព ជំនាញ បទពិសោធន៍ និងទេពកោសល្យគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ ដូចជា ការគ្រប់គ្រង ការដឹកនាំ ការដោះស្រាយបញ្ហា ការប្រលង ការប្រកួតប្រជែង ជាដើម ហើយពួកគេបែរជាបន្ទោសឬដាក់កំហុសទៅលើភាពស្មុគស្មាញ ឧបសគ្គ និងការលំបាក នៃស្ថាប័ន សង្គម បញ្ហា ស្ថានភាព វិញ្ញាសារ ឬកម្មវត្ថុផ្សេងៗទៅវិញ ដោយពួកគេមិនព្រមទទួលស្គាល់ការណ៍ពិតនៃសមត្ថភាពនិងសក្ដានុពលរបស់ខ្លួនទេ។
ទិដ្ឋភាពដូចបានរៀបរាប់ខាងលើនេះមានច្រើនណាស់នៅក្នុងតថភាពសង្គម ដូចជា មានមនុស្សខ្លះរៀនមិនចេះដោយសារគាត់មិនខំរៀន តែគាត់បែរជាដាក់កំហុសលើព្រហ្មលិខិត, អ្នកក្រមួយចំនួនដែលបណ្ដាលមកពីការមិនខំធ្វើការឬរកស៊ី តែពួកគេបែរជាបានស្ដីបន្ទោសលើសម្ពាយព្រេងទៅវិញ។ ក្រៅពីនេះនៅមានឧទាហរណ៍ជាច្រើនទៀតដែលមិនអាចលើកយកមកបង្ហាញអស់នៅទីនេះ។
ឆ្លងតាមការបកស្រាយខាងលើនេះ យើងអាចមើលឃើញថា សុភាសិត«ជាងមិនកើត បន្ទោសដែក» មានបង្កប់នូវគំនិតអប់រំឱ្យប្រជាជនខ្មែរប្រកាន់យកភាពស្មោះត្រង់ ហ៊ានទទួលស្គាល់ការណ៍ពិត ទទួលស្គាល់សមត្ថភាពរបស់ខ្លួន និងហ៊ានទទួលខុសត្រូវលើវិបាកនៃអំពើរបស់ខ្លួន ដោយកុំព្យាយាមយកលេស ឬគេចវេះមិនទទួលកំហុសរបស់ខ្លួន ហើយបែរជាទម្លាក់កំហុសនោះទៅអ្នកដទៃ ឬទម្លាប់កំហុសទៅលើបញ្ហា ឬកម្មវត្ថុទៅវិញ៕
ដោយ ឈត ប៊ុនថង
© រក្សាសិទ្ធិដោយ thmeythmey.com