អន្តរជាតិ
នយោបាយអន្តរជាតិ
ការវិលត្រឡប់ទៅមីយ៉ាន់ម៉ារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅទ្រឹងជាថ្មី ដោយសារតែ«បាក់ស្បាត»?
× ទោះបីជាមានការធានាអះអាងពីសន្តិសុខ និងសុវត្ថិភាពពីរដ្ឋាភិបាលក្នុងស្រុកមីយ៉ាន់ម៉ាក៏ដោយ ផែនការរៀបចំបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែមិនអាចទៅមុខដដែល។ ក្រុមជនភៀសខ្លួន ដែលកន្លងមកអះអាងថា រងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា មិនព្រមស្ម័គ្រចិត្តវិលត្រលប់វិញឡើយ ដ្បិតពួកគេ នៅមិនទាន់ទទួលបានអ្វីដែលពួកគេចង់បាន។
តាមផែនការព្រមព្រៀងចុងក្រោយរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលបង់ក្លាដែស ដំណើររៀបបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានការបញ្ជាក់អត្តសញ្ញាណជាង ៣ ០០០ នាក់ ទៅកាន់មីយ៉ាន់ម៉ាក្នុងជំហានដំបូង ត្រូវចាប់ផ្តើមនៅថ្ងៃ២២ សីហា កន្លងទៅថ្មីៗនេះ។ ផែនការនេះ ត្រូវផ្តើមផ្តួចជាថ្មីបន្ទាប់ពីភាគីទាំងពីរ បានអាក់ខានក្នុងការអនុវត្តអស់ពីរឆ្នាំមកហើយ។
ក៏ប៉ុន្តែតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់មីយ៉ាម់ម៉ា នៅថ្ងៃ២៣ សីហា គ្មានជនភៀសខ្លួនសូម្បីម្នាក់ បានវិលត្រលប់មកមីយ៉ាន់ម៉ាតាមផែនការឡើយ។ « យើង បានបញ្ជូនមន្ត្រីជាច្រើនរូបដើម្បីរង់ចាំទទួលជនភៀសខ្លួននៅថ្ងៃ២២ សីហា ក៏ប៉ុន្តែ គ្មាននរណាម្នាក់ ព្រមមកឡើយ ហើយយើង ក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ»។ នេះ គឺជាអះអាងរបស់លោករដ្ឋមន្ត្រីសង្គមកិច្ចមីយ៉ាន់ម៉ា Win Myat Aye។
ជាមួយនឹងការអះអាងនេះ តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times បេសកជនទទួលបន្ទុកិច្ចការជនភៀសខ្លួននៅបង់ក្លាដែស Abul Kalam Azad បានថ្លែងក្នុងសន្នីសីទសារព័ត៌មាននៅក្នុងដែនជំរំរបស់ជនភៀសខ្លួន Cox’s Bazar ថា ជនភៀសខ្លួន មិនព្រមវិលត្រលប់ដោយសារតែពួកគេ ចង់ឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បំពេញបំណងរបស់ពួកគេជាមុនសិន ពោលគឺត្រូវផ្តល់សញ្ជាតិស្របច្បាប់ និងសុវត្ថិភាពឲ្យពួកគេ ។
តាមប្រភពព័ត៌មានដដែលនោះ ក្រុមជនភៀសខ្លួន បានលើកឡើងថា កន្លងមក ពួកគេ មិនបានឃើញ រដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើអ្វីសោះ ដើម្បីជាការកសាងទំនុកចិត្តសម្រាប់ពួកគេវិញត្រលប់វិញឡើយ។ ការណ៍នេះហើយ ដែលធ្វើឲ្យពួកគេ នៅតែមានការភ័យខ្លាចពីការកើតឡើងវិញនូវហិង្សាក្នុងតំបន់រស់នៅរបស់ពួកគេ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្របពេលមីយ៉ាន់ម៉ា អះអាងពីការរៀបចំត្រៀមទទួលជនភៀសខ្លួននោះ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ថ្មីបន្ថែមពីស្ថានភាព និងហេតុការណ៍ដែលកើតឡើងនៅក្នុងរដ្ឋ រ៉ាខាន របស់មីយ៉ាន់ម៉ា ដែលជាកន្លែងផ្ទុះចេញហិង្សា និងវិបត្តិជនភៀសខ្លួនមីយ៉ាន់ម៉ាតែម្តង។
តាមពិតទៅ ហិង្សារវាងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល និងក្រុមឧទ្ទាម ឆ្នាំ២០១៧ ដែលជាដើមទង នៃវិបត្តិជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា គឺជាផ្នែកមួយ នៃចេតនារបស់កម្លាំងមីយ៉ាន់ម៉ា ក្នុងការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាលក្ខណៈប្រព័ន្ធ។
របាយការណ៍ ដែលចុះផ្សាយនៅថ្ងៃ២២ សីហា តែម្តងនោះ បានរកឃើញពីបទល្មើសជាច្រើនពីក្រោយនៃហេតុការណ៍នោះ រួមមានទាំងការធ្វើទុក្ខបុកម្នេញ ហិង្សា និងរំលោភ ដែលប្រព្រឹត្តដោយកងកម្លាំងទៅលើជនជាតិភាគតិច ហើយក្រុមអ្នកជំនាញ ក៏ទទូចឲ្យសហគមន៍អន្តរជាតិ នាំក្រុមយោធាពាក់ព័ន្ធទាំងនោះ មកទទួលខុសត្រូវផ្នែកច្បាប់ផងដែរ៕
Tag:
មីយ៉ាន់ម៉ា
បង់ក្លាដែស
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com