វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
WHO៖ មីក្រូប្លាស្ទិកនៅក្នុងទឹកផឹក មិនទាន់ជាហានិភ័យចំពោះសុខភាពឡើយ
× កម្រិតមីក្រូប្លាស្ទិកនៅក្នុងទឹកពិសាបច្ចុប្បន្ននេះ មិនមានគ្រោះថ្នាក់ចំពោះសុខភាពមនុស្សទេ ប៉ុន្តែក៏ត្រូវតែមានការស្រាវជ្រាវបន្ថែមទៅលើហានិភ័យនាពេលអនាគតដែរ។ នេះបើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO)នាថ្ងៃទី២២ ខែសីហា។
នៅក្នុងរបាយការណ៍ដំបូងនៃស្តីពីផលប៉ះពាល់របស់មីក្រូប្លាស្ទិកទៅលើសុខភាពមនុស្ស អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ទៅលើមីក្រូប្លាស្ទិកដែលមានចេញពីរ៉ូបីនេ និងក្នុងដបទឹក។
អង្គការសុខភាពពិភពលោក និយាយថា ទិន្នន័យនៃវត្តមានមីក្រូប្លាស្ទិកក្នុងទឹកបច្ចុប្បន្ន នៅមានកម្រិត ។ WHO បានអំពាវនាវទៅដល់ក្រុមអ្នកស្រាវជ្រាវឲ្យវាយតម្លៃឲ្យបានស៊ីជម្រៅចំពោះមីក្រូប្លាស្ទិក និងផលប៉ះពាល់ទៅលើសុខភាពរបស់មនុស្ស ព្រមទាំងបានជំរុញឲ្យកាត់បន្ថយការបំពុលដោយថង់ប្លាស្ទិកផងដែរ។
បើតាមរបាយការណ៍ដដែល មីក្រូប្លាស្ទិកដែលមានទំហំធំជាង ១៥០មីក្រូម៉ែត្រ គឺមិនត្រូវបានស្រូបចូលក្នុងខ្លួនរបស់មនុស្សឡើយ ប៉ុន្តែឱកាសនៃការជ្រាបចូលនៃចុណ្ណភាគមីក្រូប្លាស្ទិក ដែលតូចជាងនោះអាចមានកម្រិតខ្ពស់។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។
«ពួកយើងត្រូវតែជំរុញឲ្យមានការយល់ដឹងបន្ថែមចំពោះផលប៉ះពាល់របស់មីក្រូប្លាស្ទិក ព្រោះវាស្ថិតនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងទឹកដែលយើងបរិភោគ។» នេះជាការលើកឡើងរបស់លោកស្រី Maria Neira ប្រធាននាយកដ្ឋានសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោក។ លោកស្រីបានបន្ថែមទៀតថា ពួកយើងក៏ត្រូវតែបញ្ឈប់កំណើននៃការបំពុលដោយប្លាស្ទិក ព្រោះនៅតែបញ្ហានេះបន្តមាន មីក្រូប្លាស្ទិក នឹងបង្កគ្រោះថ្នាក់ពាសពេញពិភពលោក។
ទាក់ទិនបញ្ហានេះ អ្នកជំនាញ បានណែនាំពីវិធីដែលអាចកាត់បន្ថយមីក្រូប្លាស្ទិកបានច្រើនជាង៩០ភាគរយពីក្នុងទឹកដោយការធ្វើចម្រោះ។ អង្គការសុខភាពពិភពលោកបានលើកឡើងថា វិធានការទាំងនេះ នឹងមានគុណប្រយោជន៍ទ្វេដង ព្រោះវាក៏នឹងដោះស្រាយបញ្ហានៃទឹកកខ្វក់ដោយច្រោះពពួកមីក្រុប ដែលជាភ្នាក់ងារបង្ករោគ និងសារធាតុគីមីដែលអាចបង្កឱ្យមានជំងឺរាគរូសដល់ស្លាប់ផងដែរ៕
ដោយ ឈួន ឈីវអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com