កីឡាជាតិ
ជាតិ
កីឡា​ហាប់​គី​ដូ​៖ កីឡាករ​មាន​បច្ចេកទេស​កើនឡើង តែ​នៅ​ខ្សោយកម្លាំង និង​ភាពក្លាហាន​
26, Aug 2019 , 6:59 am        
រូបភាព
Front សកម្មភាពកីឡាការិនីថ្នាលហាប់គីដូ បង្ហាញស្នៀតកាច់ការពារខ្លួន, រូបភាពទាំងអស់ពីសហព័ន្ធខ្មែរកីឡាហាប់គីដូ
Front សកម្មភាពកីឡាការិនីថ្នាលហាប់គីដូ បង្ហាញស្នៀតកាច់ការពារខ្លួន, រូបភាពទាំងអស់ពីសហព័ន្ធខ្មែរកីឡាហាប់គីដូ
ដោយ:
 
​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បានរៀបចំ​ការប្រកួត​ផ្លូវការ​លើកដំបូង ដើម្បី​លើកទឹកចិត្ត និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​។ ស្នៀត​កាច់​ការពារ​ខ្លួន ជា​វិញ្ញាសា ដែល​សហព័ន្ធ​ដាក់​ឲ្យ​កីឡាករ​កីឡាការិនី​ប្រកួតប្រជែង​លើក​នេះ​។ សម្រាប់​សហព័ន្ធ នេះ​ជា​ជំហាន​ទី​១ មុន​ឈានទៅ​រៀបចំ និង​ចូលរួម​ប្រកួត​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​អនាគត​។ កត្តា​សមត្ថភាព និង​បច្ចេកទេស​មិន​ចោទ​ជា​បញ្ហា​នោះទេ សម្រាប់​កីឡាករ អ្វីដែល​ចោទ គឺ​កត្តា​កម្លាំងកាយ ភាពស្វាហាប់ និង​ភាពក្លាហាន​។​

 
​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​លោក គង់ ចាន់​ធី​ណា ក្រោយ​បាន​ទស្សនាការ​ប្រកួត​កីឡា​ហាប់​គី​ដូ​ជ្រើសរើស​ជើងឯក​លើ​វិញ្ញាសា​បង្ហាញ​ស្នៀត​កាច់​ការពារ​ខ្លួន​បាន​វាយតម្លៃថា កម្រិត​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ តែ​អ្វីដែល​លោក​នៅ​ទាស់ចិត្ត​នោះ គឺ​កត្តា​កម្លាំងកាយ ភាពស្វាហាប់ និង​ភាពក្លាហាន​ក្នុងការ​បង្ហាញ​ស្នៀត​។  
 
 
«​បើ​យើង​វាយតម្លៃ​ពី​កម្រិត​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី ក្រុម​ឈុត​ធំ​មានការ​កើនឡើង​ប្រមាណ​៦០​ភាគរយ តែ​ក្រុម​ឈុត​តូច​ប្រមាណ​៥៥​ភាគរយ ព្រោះ​ពួកគាត់​នៅ​នៅ​ខ្សោយ​កម្លាំងកាយ ខ្វះ​ភាពស្វាហាប់ និង​ភាពក្លាហាន​ក្នុងការ​សម្តែង​។ តែ​ខ្ញុំ​សុំ​សរសើរ​ពួកគាត់ ដោយសារ​មាន​អ្នកខ្លះ​ហាត់​បានតែ​ថ្ងៃ​សៅរ៍​-​អាទិត្យ ហើយ​អ្នកខ្លះ​ហាត់​ពី​ចន្ទ​-​សុក្រ តែ​ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​រៀបចំ​បែប​ប្រថុចញ៉ុច​មួយ​នេះ​»​។ ការវាយតម្លៃ​បែបនេះ​របស់លោក គង់ ចាន់​ធី​ណា ធ្វើឡើង​ក្រោយ​ការប្រកួត​កាលពី​ថ្ងៃទី​១៨ សីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​នេះ​ជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ផ្លូវការ តាំងពី​បង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ក្រៅពី​វាស់​ស្ទង់​កម្រិត​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី ការផ្តល់​ឱកាស​ឲ្យ​កីឡាករ​បាន​បញ្ចេញ​សមត្ថភាព​បន្ទាប់ពី​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ក៏​ជា​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ 
 
 
​លើសពីនេះ វា​គឺជា​ជំហាន​មួយ​មុន​ឈានទៅ​រៀបចំ​ការប្រកួត​ធំៗ​នាពេល​អនាគត​។ លោក គង់ ចាន់​ធី​ណា បាន​ប្តេជ្ញា​ថា លោក​ខិតខំ​កៀរគរ​រក​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន ដៃគូ​សហការ និង​សប្បុរសជន​នានា​រៀបចំ​ការប្រកួត​ទ្រង់ទ្រាយ​ធំ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្តរជាតិ​នាពេលខាងមុខ​។ 
 
​សម្រាប់​ការរៀបចំ​ការប្រកួត​លើកដំបូង​នេះ​មាន​កីឡាករ​កីឡាការិនី​ជិត​៦០​នាក់​ចូលរួម ដោយ​ពួកគេ​ប្រកួតប្រជែង​លើ​វិញ្ញាសា​តែមួយ​ប៉ុណ្ណោះ គឺ​ការបង្ហាញ​ស្នៀត​កាច់​ការពារ​ខ្លួន​។ នៅ​ចុងឆ្នាំ​២០១៩​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​នឹង​រៀបចំ​ការប្រកួត​មួយ ដែលមាន​វិញ្ញាសា​ចន្លោះ​ពី​៤​ទៅ​៥​វិញ្ញាសា​៕  
 
 





Tag:
 ហាប់​គី​ដូ​
  គង់ ចាន់​ធី​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com