សៀមរាប៖ ចូលដល់រដូវភ្លៀងហើយ តែខេត្តសៀមរាប ហាក់មិនទាន់ទទួលបានទឹកភ្លៀងពេញលេញ ដើម្បីស្រោចស្រពផលដំណាំឡើយ។ ដោយមើលឃើញបែបនេះហើយ ទើបអ្នកភូមិក្នុងឃុំលាងដៃ សង្កាត់នគរធំ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ បានប្រមែប្រមូលគ្នា ប្រារព្ធពិធីសុំទឹកភ្លៀងដែលជាទំនៀមពីបុរាណ។ រៀងរាល់ឆ្នាំ នៅពេលជួបគ្រោះរាំងស្ងួតឬខ្សត់ទឹកភ្លៀង អ្នកភូមិតែងប្រារព្ធពិធីនេះ នៅបរិវេណប្រាសាទនាគព័ន្ធ ដែលអ្នកស្រុកជឿថាបារមីវត្ថុស័ក្ដិសិទ្ធិនៅទីនេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ អ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ទំនៀមទម្លាប់ និងវប្បធម៌របស់អង្គរ នៅរស់ស្ទើរគ្រប់ទីកន្លែង។ ការអះអាងនេះ គឺយោងទៅលើសកម្មភាព ពិធីសាសនាជាច្រើនដែលអ្នកភូមិនៅទីនេះបាននិងកំពុងធ្វើ ដូចជាពិធីសុំទឹកភ្លៀងជាដើម។ សុំទឹកភ្លៀងជាទំនៀមដ៏រឹងមាំមួយរបស់អ្នកភូមិលាងដៃ ដែលស្ថិតក្នុងជុំវិញរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អ្នកភូមិតែងធ្វើពិធីនេះមិនដែលខានឡើយ ហើយពួកគាត់ជឿថា បារមីនៃវត្ថុស័ក្ដិសិទ្ធិនានានឹងទទួលយកនូវការបន់ស្រន់របស់ខ្លួន។
វង់ភ្លេងបានចាប់ផ្តើមបំន្លឺសំឡេងលាយឡំនឹងសកម្មភាពរៀបចំស្រុះដៃគ្នារបស់អ្នកភូមិលាង ក្នុងពេលកំពុងរៀបចំពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធ។ ពីដើមមក អ្នកភូមិមានជំនឿលើបារមីនៅប្រាសាទនេះណាស់ ដោយជឿថាមានតែព្រះឬបារមីនៅទីនេះទេ ដែលបន់អ្វីសមតាមប្រាថ្នា។ ពិធីសុំទឹកភ្លៀងក៏ដូចគ្នាដែរ អ្នកភូមិជឿថា នាគព័ន្ធជាកន្លែងស័ក្ដិសិទ្ធិ ទីផ្សេងមិនអាចផ្ទឹមបាន។
នៅឆ្នាំនេះ ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរ ប្រារព្ធធ្វើពីថ្ងៃទី១៣ និងបង្ហើយនៅព្រឹកថ្ងៃទី១៤ សីហា ក្រោយទស្សិណជុំវិញបរិវេណប្រាសាទ៣ជុំរួច។ មនុស្សម្នាបានមកជួបជុំគ្នា មកទាំងប្រដាប់ប្រដា ភេសជ្ជៈ អាហារម្នាក់បន្ដិចៗផង ញុំាងឱ្យពិធីនេះកាន់តែអធិក។
លោកយាយ ហៃ វឿន ចាស់ព្រឹទ្ធិចារ្យ និងអ្នកផ្តើមរៀបចំពិធីនេះមួយរូប បានឱ្យដឹងថា លោកយាយតែងចូលរួមរៀបចំពិធីនេះរហូតមកតាំងពីលោកយាយនៅក្មេងៗ គឺជីតារបស់លោកយាយជាអ្នកនាំធ្វើ។ លោកយាយថា ឆ្នាំនេះដោយសារអ្នកភូមិជាប់រវល់ខ្លាំង ក៏ដូចជាការទន្ទឹងរង់ចាំមេឃបង្អុរភ្លៀងយូរពេក ក៏ប្រមែប្រមូលគ្នារៀបចំពិធីនេះតែម្ដង។
តាមការបញ្ជាក់របស់លោកយាយ វឿន ពេលអ្នកភូមិកំពុងបួងសួងសុំទឹកភ្លៀង ស្រាប់តែមានភ្លៀងធ្លាក់ជោគតែម្ដង ដែលការណ៍នេះកាន់តែធ្វើឱ្យជំនឿនេះរិតតែខ្លាំងឡើង។ លោកយាយ វឿន បញ្ជាក់ថា ឱ្យតែពេលរៀបចំពិធីនេះគឺតែងតែមានភ្លៀងជានិច្ច។ យ៉ាងណាក៏ដោយលោកយាយបញ្ជាក់ថា នៅឆ្នាំនេះអាចនឹងមិនមានភ្លៀងធ្លាក់ច្រើនដូចរាល់ឆ្នាំទេ ដ្បិតស្រុកទេសជួបគ្រោះរាំងស្ងួតគ្រប់ទីកន្លែង។ «គ្រោះរាំងស្ងួតខ្លាំង ខ្ញុំមិនរំពឹងថាបានភ្លៀងច្រើនទេ មើលទៅឆ្នាំនេះអត់មានច្រើនទេ...ក្របានធ្វើពិធីពេក...នៅភូមិសព្វថ្ងៃអត់ភ្លៀងទេ ស្រូវខូចខាតសម្បើបណាស់ មួយៗចង់តែយំ...»។ លោកយាយ វឿន បន្ថែម។
ប្រាសាទនាគព័ន្ធកសាងនៅស.វទី១២ និងជាមន្ទីរពេទ្យសម័យដើមដែរ។ អ្នកភូមិជឿលើបារមីនៅទីនេះ ដោយជឿថាជាទ្វីបទាំង៤ និងភ្នំព្រះសុម៉ែ។ លោកយាយ វឿន ពន្យល់ថា គ្មានទីណាស័ក្ដិសិទ្ធិជាងទីនេះទៀតទេនៅតំបន់នេះ ហើយឆ្នាំណាមិនបានប្រារព្ធពិធីនេះ អ្នកភូមិតែងមានបញ្ហាមិនសុខស្រណុកជាហូរហែរ។ ពិធីនេះ មិនមែនបន់សុំតែទឹកភ្លៀងទេ តែក៏បន់ស្រន់សុំសេចក្ដីសុខផងដែរ។
ជាអតីតមេភូមិលាងដៃ លោកយាយ ឌួង ឆោម ក៏មមាញឹកខ្លាំងលើការរៀបចំកិច្ចពិធីសាសនានេះដែរ។ លោកយាយ ឆោម រួមនិងអ្នកភូមិឯទៀត មានជំនឿនេះតាំងពីតូចៗមក ដោយកាលណោះមានចាស់ទុំក្នុងភូមិអ្នកដឹកនាំធ្វើ។ អ្នកភូមិលាងដៃតែងធ្វើកិច្ចពិធីនេះរាល់ពេលមានគ្រោះរាំងស្ងួតម្ដងៗ ដើម្បីសុំទឹកភ្លៀង ក៏ដូចជាសុំសេចក្ដីជូនប្រជារាស្ដ្រខ្មែរផង។
ជាទំនៀមពីបុរាណតពីមួយជំនាន់ទៅមួយជំនាន់ ពិធីនេះមានតម្លៃខ្លាំងណាស់សម្រាប់អ្នកស្រុកអង្គរ ដោយពួកគេបានបង្ហាញពីស្មារតីចូលរួមដោយសាមគ្គីភាព។ ពិធីនេះក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ នៅពេលពួកគេមកទស្សនាប្រាសាទនាគព័ន្ធ គឺចំពេលនៃការប្រារព្ធពិធីរបស់អ្នកស្រុកនេះ។ ពិធីសុំទឹកភ្លៀង បានក្លាយជាអត្ដសញ្ញាណមួយទៅហើយសម្រាប់អ្នកលាងដៃ។ ចាស់ទុំនៅភូមិនេះកំពុងជំរុញឱ្យក្មេងជំនាន់ក្រោយ បន្តអភិរក្សពិធីនេះ ទុកជាមរតកវប្បធម៌អរូបីតទៅអ្នកជំនាន់ក្រោយៗទៀត៕