ជាតិ
សេដ្ឋកិច្ច
កម្មវិធី​ឌីជីថល «​ពេទ្យ​យើង​» ត្រូវបាន​ជ្រើសរើស​ទៅ​ប្រជែង​គំរូ​អាជីវកម្ម​សង្គម​នៅ​ស្វី​ស​
25, Aug 2019 , 5:19 pm        
រូបភាព
រាប់ពីឆ្វេងទៅស្ដាំដល់ទី៦ គឺលោកស្រី ប៉ុង លីមសាន ស្ថាបនិកកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល ពេទ្យយើង
រាប់ពីឆ្វេងទៅស្ដាំដល់ទី៦ គឺលោកស្រី ប៉ុង លីមសាន ស្ថាបនិកកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល ពេទ្យយើង
ភ្នំពេញ​៖ កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល «​ពេទ្យ​យើង​» ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។ «​ពេទ្យ​យើង​» ទទួលបាន​ជ័យលាភី​ជា​គម្រោង​អាជីវកម្ម​គំរូ ក្នុងការ​រួមចំណែក​ជំរុញ​ឲ្យ​សម្រេចបាន​នូវ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​សាកល (Sustainable Development Goal) លើ​វិស័យ​សុខមាលភាព​ពលរដ្ឋ​កម្ពុជា និង​សាកល របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។

​លោកស្រី ប៉ុង លីម​សាន ជា​ស្ថាបនិក​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល «​ពេទ្យ​យើង​» ដែល​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​UNDP បាន​និយាយថា មូល​ហេតុដែល​ចៅក្រម​ទាំង​៤​រូប សម្រេច​ជ្រើសរើស​កម្មវិធី​ឌីជីថល «​ពេទ្យ​យើង​» ឱ្យទៅ​ប្រកួតប្រជែង​នៅ​ប្រទេស​ស្វី​ស​នោះ ដោយសារតែ​គេ​មើលឃើញថា កម្មវិធី​នេះ នឹង​ជួយ​វិស័យ​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើ​ឡើង ពោលគឺ​មិន​ត្រឹមតែ​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ថែមទាំង​ជួយ​សុខមាលភាព​ពលរដ្ឋ​ក្នុង​តំបន់ និង​សា​លក​ទៀតផង​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី លីម​សាន បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ពិតជា​មោ​ទ​ភាព​សម្រាប់​ស្ត្រី​ខ្មែរ ក្រុមការងារ​យើង​ជា​កូន​ខ្មែរ និង​ប្រជាជន​ខ្មែរ​យើង ក្រោយ​ស្នាដៃ​របស់​យើង​ត្រូវបាន​ទទួលស្គាល់ និង ជ្រើសរើស​យកទៅ​ចូលរួម​ប្រកួត​នៅលើ​វេទិការ​អន្តរជាតិ​ដ៏​ធំ​មួយ​នាពេល​ខាងមុខនេះ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីៗ IMPACT HUB  និង​អង្គការ UNDP»​។​
 
​ក្នុងចំណោម​ក្រុមហ៊ុន​អាជីវកម្ម Start Up ចំនួន​៣០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី «ACCELERATE2030 Cambodia National Pitch 2019» គឺមាន​ក្រុមហ៊ុន ៧ ដែល​ត្រូវបាន​ក្រុមហ៊ុន​បណ្តុះបណ្តាល​សហគ្រិន​ភាព IMPACT HUB ជ្រើសរើស​យកមក​ចម្រាញ់​បន្តទៀត​។ ចុងក្រោយ គឺ​មានតែ​ក្រុមហ៊ុន​៣​ប៉ុណ្ណោះ ដែល​អាច​ឈានទៅ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ​បាន​នោះ គឺ​ពេទ្យ​យើង​-Peth Yoeung, Center for Sustainable Water, និង SmartAgro ។ ក្រុមហ៊ុន​ទាំង​៣​នេះ ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​អាជីវកម្ម​សង្គម​គំរូ ដែលមាន​បេសកកម្ម និង​ទស្សនវិស័យ​ជំ​រុញឱ្យ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា និង​សាកល​២០៣០ ។ ក្រុមហ៊ុន​ទាំង​៣ នឹងត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ស្វី​ស នា​ខែតុលា​ខាងមុខនេះ ។​
 
​លោកស្រី ប៉ុង លីម​សាន អះអាងថា ក្រុម​ចំណោម​ក្រុមហ៊ុន​ទាំង​៣​នេះ មានតែ​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល «​ពេទ្យ​យើង​»​របស់​លោកស្រី​ប៉ុណ្ណោះ ដែល​បង្កើតឡើង​ដោយ​គំនិត និង​ស្នាដៃ​កូន​ខ្មែរ​។​
 
«​បេក្ខភាព​អាជីវកម្ម​ទាំងបី ដែល​ត្រូវបាន​ជ្រើសរើស​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ខាងមុខនេះ គឺ​សុទ្ធតែ​អាជីវកម្ម​ថ្មី​បង្កើតឡើង​ដោយ​ស្ថាបនិក​បរទេស​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា​។ មានតែ​កម្មវិធី​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល ពេទ្យ​យើង​ប៉ុណ្ណោះ ដែល​បង្កើតឡើង​ដោយ​ស្ថាបនិក​ខ្មែរ និង​ក្រុមការងារ​ខ្មែរ ដែល​ត្រូវបាន​ជ្រើសរើស​ចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​មួយ​នេះ​។ នេះ​គឺ​ឱកាស​សម្រាប់​ខ្មែរ និង​ពិសេស​ស្ត្រី​ខ្មែរ​យើង​អាច​បង្ហាញ​ពិភពលោក​ថា យើង​អាច​ធ្វើបាន​។ ទង់ជាតិ​យើង​លែង​ជា​ទង់​ប្រល័យពូជសាសន៍​ទៀតហើយ​។ ទង់ជាតិ​យើង​ជា​ទង់ជាតិ​ចូលរួម​ដោះស្រាយ​បញ្ហា​មនុស្សជាតិ​ក្នុង​សហគមន៍ ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​វិញ​ម្តង​»​។ នេះ​ជាការ​លើកឡើង​របស់​ស្ថាបនិក​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល «​ពេទ្យ​យើង​»​។​
 
​ស្ថាបនិក​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល «​ពេទ្យ​យើង​» រូបនេះ ក៏​ធ្លាប់បាន​ទទួលពាន​ជា​ម្ចាស់​ជ័យលាភី​សហគ្រិន​ស្ត្រី​កម្ពុជា ក្នុង​វិស័យ​បច្ចេកវិទ្យា​ម្តង​រួចមកហើយ ចំពោះ​គំនិត​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ កាលពី​ខែមីនា ឆ្នាំ​២០១៩​។ បើតាម​លោកស្រី លីម​សាន ការបង្កើត​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ថ្មី «​ពេទ្យ​យើង​»​នេះ ក្នុង​គោលបំណង​ផ្តល់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ដល់​វិស័យ​សុខាភិបាល សេវា​ព្យាបាល និង​ប្រព័ន្ធគ្រប់គ្រង​របស់​មន្ទីរ​ពេទ្យ និង​គ្លីនិក​បែប​ទំនើប​នៅ​កម្ពុជា ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​។​
 
​បច្ចុប្បន្ន​មាន​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន រួមទាំង​គ្លីនិក​សរុប​ជាង ១០០​ហើយ ដែល​កំពុងតែ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល «​ពេទ្យ​យើង​» សម្រាប់​ពង្រឹងគុណភាព​សេវា​ព្យាបាល និង​ការគ្រប់គ្រង​ប្រតិបត្តិការ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី លីម​សាន ដែល​បាន​បន្ថែមថា​៖«​សម្រាប់​ថ្ងៃ​អនាគត យើង​នឹង​ធ្វើឱ្យ​កម្មវិធី​នេះ ក្លាយជា​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌី​ជី​ផល​ឈានមុខ ហើយ​ភ្ជាប់​ជាមួយ​កម្មវិធី​APP សេវា​ព្យាបាល​អន​ឡាញ កម្មវិធី​ធនធាន និង​បណ្តុះបណ្តាល​សុខភាព​ជំនាញ​អន​ឡាញ​សម្រាប់​ជួយ​ពង្រឹងសមត្ថភាព​ដល់​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ផ្សេង និង​កម្មវិធី​ទូទាត់​សេវា​ព្យាបាល​នៅ​កម្ពុជា និង​ក្នុង​តំបន់​»៕

© រក្សាសិទ្ធិដោយ thmeythmey.com