ជាតិ
ពីនេះ ពីនោះ
«​កុំ​ចងពៀរ កុំសងសឹក​គ្នា​»!
05, Sep 2023 , 7:29 am        
រូបភាព
 ​ជាធម្មតា នៅក្នុង​សង្គម ជោគជ័យ បរាជ័យ ឬ​វាសនា​របស់​មនុស្ស តែងតែ​ឡើង​ចុះ ឬ​ប្រែប្រួល​ទៅតាម​កាលៈទេសៈ ស្ថានភាព និង​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​។ ម្ដង​អ្នកនេះ​ជោគជ័យ ម្ដង​អ្នកនោះ​ជោគជ័យ ពេលខ្លះ​អ្នកនេះ​ខ្លាំង ពេលខ្លះ​អ្នកនោះ​ខ្លាំង ពេលខ្លះ​អ្នកនេះ​មាន ពេលខ្លះ​អ្នកនោះ​មាន សម័យមុន​ក្រុម​នោះ​ធ្វើ​ធំ សម័យនេះ​ក្រុម​នេះ​ធ្វើ​ធំ​។ ក្នុង​របប​ប្រជាធិបតេយ្យ អាណត្តិ​មុន​បក្ស​នោះ​កាន់អំណាច អាណត្តិ​នេះ​បក្ស​នេះ​កាន់អំណាច ជាដើម​។​

 
​នៅក្នុង​តថភាព​សង្គម គេ​សង្កេតឃើញ​ក្នុង​ករណីខ្លះ អ្នកខ្លាំង អ្នក​ជោគជ័យ  អ្នកមាន អ្នកកាន់អំណាច​ក្នុងសម័យ​កាល​មួយ បានធ្វើ​បាប គាបសង្កត់ បង្ក្រាប និង​កេងចំណេញ​លើ​អ្នកខ្សោយ អ្នក​បរាជ័យ អ្នកក្រ និង​អ្នក​គ្មាន​អំណាច​។ ផ្ទុយទៅវិញ ពេលដែល​ពួកគេ​ចុះ​ខ្សាយ និង​បាត់បង់​អំណាច​វិញ ពួកគេ​ក៏ត្រូវ​ក្រុម​ដែល​ធ្លាប់​ទទួលរង​គ្រោះ​ពីមុន​នោះ​ធ្វើបាប ឬ​សងសឹក​វិញ​ដែរ​។ សភាព​បែប​ខាងលើនេះ សម​ដូច​សុភាសិត​មួយ​ដែល​បុព្វបុរស​ខ្មែរ​បាន​លើកឡើងថា​«​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​។​
 
​តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​? 
 
​មុននឹង​បកស្រាយ​សុភាសិត​នេះ យើង​គប្បី​យល់ដឹង​នូវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ «​ទឹក​ឡើង​» មានន័យថា ទឹក​ជន់​ជោរ ទឹក​ច្រើន​ហូរហៀរ ដែល​បណ្ដាលមកពី​ទឹកភ្លៀង ឬ​ទឹក​ហូរ​មកពី​ប្រភព​ដែល​ខ្ពស់ជាង ហើយ​ដែល​អាច​បណ្ដាលឱ្យ​លិចលង់​អ្វីៗ​ជាច្រើន រួមទាំង​សំបុក​ស្រមោច​ផងដែរ​។ នៅពេលនោះ​ស្រមោច​បាន​អណ្ដែត​លើ​ផ្ទៃ​ទឹក និង​បាន​ក្លាយទៅជា​ចំណី​របស់​ត្រី​។ «​ទឹក​ហោច​» មានន័យថា ទឹក​ស្រក ទឹក​រីង ទឹក​ហួត ដែល​ធ្វើឱ្យ​សត្វ​ដែល​រស់នៅក្នុង​ទឹក​ប្រឈមមុខ​នឹង​ការ​អត់​ជំរក និង​ការ​ងាប់ ជាពិសេស ត្រី​ឬ​មច្ឆជាតិ​ដទៃទៀត​ក៏​ងាប់​ដែរ​។ ពេលនោះ ត្រី​ក៏បាន​ក្លាយទៅជា​ចំណី​របស់​ស្រមោច​វិញ​ម្ដង​។   
 
​តាមន័យ​ត្រង់ «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» មានន័យថា ពេលដែល​ទឹក​ឡើង ទឹកជោរ ទឹក​លិច អ្វីៗ​គ្រប់យ៉ាង​ក៏​លិច​ដែរ សូម្បីតែ​សំបុក​ស្រមោច​។ ក្នុងករណីនេះ​ស្រមោច​ក៏បាន​ក្លាយទៅជា​ចំណី​ត្រី​ដោយ​ចៀស​ពុំរួច​។ នៅពេល​ទឹក​ហោច ទឹក​រីង ទឹក​ហួត​វិញ នាំឱ្យ​មច្ឆជាតិ​ទាំងអស់​ឬ​ត្រី បាត់បង់​ជម្រក និង​ប្រឈមមុខ​នឹង​ការ​ងាប់ ហើយ​ទីបំផុត​ពួកវា​ក៏បាន​ក្លាយទៅជា​ចំណី​របស់​ស្រមោច​វិញ​។ 
  
​តាមន័យ​ធៀប «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» មានន័យថា ពេល​អ្នកណាម្នាក់​ឬ​ក្រុម​ណាមួយ​មានអំណាច ខ្លាំង ឬ​មានទ្រព្យ ករណីខ្លះ​ពួកគេ​បាន​ធ្វើទុក្ខបុកម្នេញ ធ្វើបាប បង្ក្រាប ឬ​គាបសង្កត់​ដល់​អ្នក​គ្មាន​អំណាច អ្នកខ្សោយ អ្នកក្រ​។ ផ្ទុយទៅវិញ ពេលដែល​ពួកគេ​ធ្លាក់​ពី​អំណាច ចុះខ្សោយ ឬ​ធ្លាក់ខ្លួន​ក្រ​វិញ ហើយ​ករណី​ចៃដន្យ​ខ្លះ​បើ​ពួក​អ្នក​ដែល​ធ្លាប់​រងគ្រោះ​ពីមុន​នោះបាន​ក្លាយទៅជា​អ្នកមានអំណាច អ្នកខ្លាំង ឬ​អ្ន​មាន​វិញ​ម្ដង ពួក​នោះ​ក៏​សងសឹក​ត្រឡប់​ទៅលើ​ពួកគេ​វិញ​ដែរ​។ ការ​សងសឹក​របៀបនេះ គឺជា​អំពើ​ចងពៀរ​គ្នា ចងអាឃាត​គ្នា​មិនចេះចប់ ដែល​ធ្វើឱ្យ​សង្គម​មួយ​មិន​អាចមាន​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សេចក្ដីស្រឡាញ់ និង​សុខដុមរមនា​បានឡើយ​។ 
 
​បើ​ពិនិត្យ​ឱ្យ​ហ្មត់ចត់​ទៅ យើង​អាច​មើលឃើញថា សុភាសិត​នេះ​បាន​បង្កប់​គំនិត​អប់រំ​មួយ​យ៉ាងសំខាន់ ដោយ​អប់រំ​កូន​ខ្មែរ​កុំឱ្យ​ចងពៀរ កុំឱ្យ​សងសឹក និង​ចងអាឃាត​គ្នា ពីព្រោះថា ការសង​សឹក​គ្នា​ទៅវិញទៅមក​នេះ មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ហើយ​វា​ក៏​គ្មាន​ទីបំផុត​ដែរ​។ តាមពិតទៅ អ្នកមានអំណាច​និង​អ្នក​គ្មាន​អំណាច អ្នកមាន​ទ្រព្យ​និង​អ្នកក្រ​ទ្រព្យ អ្នកខ្លាំង​និង​អ្នកខ្សោយ មិនគួរ​យកគ្នា​ជាស​ត្រូវ​នោះទេ ពួកគេ​គួរតែ​ចាត់ទុក​គ្នា​ជា​ដៃគូ សហការគ្នា​ទៅវិញទៅមក និង​ជួយ​គ្នា​ទៅវិញទៅមក​។ ក្នុងករណី​ដែល​ពួកគេ​មាន​ជម្លោះ​ឬ​បញ្ហា​ជាមួយគ្នា ពួកគេ​គួរតែ​ព្យាយាម​អត់ឱន​គ្នា អធ្យាស្រ័យ​ឱ្យ​គ្នា និង​អាច​ដោះស្រាយ​ដោយ​សន្តិវិធី តាមផ្លូវ​សីលធម៌ ឬ​ច្បាប់ ជាជាង​ការសង​សឹក​គ្នា​ទៅវិញទៅមក​៕     

​ដោយ ឈ​ត ប៊ុន​ថង​

© រក្សាសិទ្ធិដោយ thmeythmey.com