អន្តរជាតិ
អ្នកនាំពាក្យ​៖ លោក ត្រាំ សោកស្ដាយ​ដែល​មិនបាន​យកពន្ធ​ពី​ចិន​ឲ្យ​បាន​ច្រើន​
26, Aug 2019 , 9:07 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
​សេត​វិមាន នៅ​ថ្ងៃទី​២៥ ខែសីហា បាន​បកស្រាយ​សម្ដី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​និយាយថា លោក​ស្ដាយក្រោយ​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ការលើកឡើង​បែបនេះ ធ្វើ​ឲ្យ​គេឯង​ជឿថា ប្រធានាធិបតី​អាមេរិក​អាច​បន្ធូរដៃ​វិញ ដើម្បី​ផ្ដល់​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការដោះស្រាយ​បញ្ហា ខណៈ​ទាំង​អាមេរិក ទាំង​ចិន​ទើប​ប្រកាស​យកពន្ធ​លើ​ទំនិញ​គ្នា​នោះ​។ ប៉ុន្តែ​មន្ត្រី​សេត​វិមាន ថា លោក ត្រាំ មិនមែន​គិត​បែប​នោះឡើយ​។​

 
​នា​ជំនួប​ថ្ងៃទី​២៥ ខែសីហា ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នៅក្រៅ​ជំនួប​ប្រទេស​រីកចម្រើន​ទាំង​៧ (G7) នៅ​បារាំង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ភ្ញាក់ផ្អើល នៅពេលដែល​លោក​និយាយថា លោក​ប្ដូរ​គំនិត​វិញ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ លោក​ឆ្លើយ​បែបនេះ តប​នឹង​អ្នកសារព័ត៌មាន​ដែល​បាន​សួរ​លោក​ពីរ​បី​ដង​ពី​ការដំឡើង​ពន្ធ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​គេឯង​ព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សាកល​នោះ​។ 
 
​ចម្លើយ​របស់លោក ត្រាំ ជា​រឿង​មិនធម្មតា​ឡើយ ព្រោះ​លោក​តែងមាន​ជំហរ​ដាច់​ណាត់​ក្នុងការ​តទល់​ជាមួយ​ចិន​លើ​រឿង​ពាណិជ្ជ​កម្មនេះ ហើយ​ជា​ញឹកញយ​ជឿថា ការដំឡើង​ពន្ធ​ជា​ឧបករណ៍​នាំ​ជោគជ័យ​សម្រាប់​អាមេរិក​ទៀតផង ព្រោះ​អាច​បង្ខំ​ឲ្យ​ចិន​ប្ដូរ​ជំហរ​បាន​។ ប៉ុន្តែ​សម្ដី​នេះ មិនមាន​មានន័យថា លោក ត្រាំ សោកស្ដាយ​ឡើយ​។​
 
​អ្នកស្រី Stephanie Grisham អ្នកនាំពាក្យ​ប្រធានាធិបតី ត្រាំ បាន​បកស្រាយ​ការភាន់ច្រឡំ​សម្ដី​មេដឹកនាំ​អាមេរិក​រូបនេះ​។ អ្នកស្រី Grisham អះអាងថា ចម្លើយ​របស់លោក ត្រាំ ទៅនឹង​សំណួរ​ទាក់ទង​សង្គ្រាម​ពាណិជ្ជកម្ម បាន​ត្រូវបាន​គេ​បកស្រាយ​ខុស​។ បើតាម​អ្នកនាំពាក្យ​រូបនេះ លោក ត្រាំ បាន​ឆ្លើយ​ក្នុងន័យ​ស្របតាម​សំណួរ ហើយ​លោក​ក៏​ពិតជា​សោកស្ដាយ តែ​សោកស្ដាយ​ត្រង់​ថា មិនបាន​ដំឡើង​ពន្ធ​ឲ្យ​បាន​ខ្ពស់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក ត្រាំ ទំនង​មិនទាន់​ពេញ​ចិត្តនឹង​ការបង្កើន​ការយក​ពន្ធគយ​លើ​ទំនិញ​ចិន​នាពេល​ថ្មីៗ​នេះឡើយ​។ ក្រោយ​ចិន​ប្រកាស​យកពន្ធ​លើ​ទំនិញ​អាមេរិក​តម្លៃ​៧៥​ពាន់​លាន​ដុល្លារ លោក ត្រាំ ក៏​ប្រកាស​បន្ថែម​ពន្ធ​ចំនួន​៥​ថែមទៀត​លើ​ទំនិញ​ចិន​ទំហំ​២៥០​ពាន់​លាន​ដុល្លារ​ដែល​សព​ថ្ងៃ​រង​ការយកពន្ធ​២៥​ភាគរយ​ស្រេច​ហើយ​នោះ​។ លោក ត្រាំ ក៏​ប្រកាស​ដំឡើង​៥​ភាគរយ​លើ​គម្រោង​យកពន្ធ​១០​ភាគរយ​ដែល​គ្រោង​អនុវត្ត​នៅ​ខែកញ្ញា​ខាងមុខ​។​
 
​ក្នុងន័យ​ដាក់​សម្ពាធ​លើ​ចិន លោក ត្រាំ ក៏​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អាមេរិក​បិទ​ការរកស៊ី​នៅ​ចិន​ទៀតផង​។ មេដឹកនាំ​អាមេរិក បាន​ព្រលយ​ថា លោក​អាចដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​លើ​ផ្នែក​ពាណិជ្ជ​កម្មនេះ ដើម្បី​មានអំណាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ចាកចេញ​ពី​ចិន​។ ត្រង់ចំណុច​នេះ លោក​ពន្យល់ថា ការបាត់បង់​លុយរាប់​ទ្រី​លាន​ដុល្លារ​ឲ្យ​ចិន​ជា​រឿង​អាសន្ន ប៉ុន្តែ​លោក​មិនទាន់មាន​គម្រោង​ប្រកាស​ភាពអាសន្ន​នៅឡើយ​ទេ​៕

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ជម្លោះ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com