ខួរក្បាលមនុស្សយើងមិនខុសគ្នានឹងសរីរាង្គផ្សេងទៀតនៃរាងកាយឡើយ គឺមានអាយុកាលរបស់វាទាំងអស់។ ទោះបីជាយើងមានសំណាងអាចចៀសផុតពីជំងឺភ្លេចភ្លាំងពេលចាស់ជរាក៏ដោយ តែសមត្ថភាពរបស់ខួរក្បាលអាចនឹងថយចុះ ហើយក៏អាចនឹងភ្លេចភ្លាំងពេលខ្លះដែរ។ អ្នកប្រហែលជាគិតថា គ្មានមធ្យោបាយអាចចៀសផុតពីរឿងនេះឡើយ ប៉ុន្តែដំណឹងល្អនោះគឺថា មានការសិក្សាជាច្រើនបង្ហាញថា ការផ្លាស់ប្តូររបៀបរស់នៅ អាចជួយបន្ថយភាពចាស់របស់ខួរក្បាល និងប្រហែលជាអាចជួយបង្កើនភាពចងចាំថែមទៀត។
ខាងក្រោមនេះគឺជាគន្លឹះដែលអ្នកអាចធ្វើបានដើម្បីបង្កើនសុខភាពរបស់ខួរក្បាល៖
គ្រប់គ្រងស្ត្រេស
ភាពស្ត្រេសរ៉ាំរ៉ៃអាចប៉ះពាល់ដល់គុណភាពរបស់សរសៃប្រសាទខណៈដែលវាក៏បង្កើនចំនួនកោសិកាងាប់ៗក្នុងខួរក្បាលផងដែរ។ មធ្យោបាយមួយដើម្បីបញ្ឈប់ឥទ្ធិពលស្ត្រេសគឺហាត់ប្រាណឲ្យបានច្រើន។ ការហាត់ប្រាណនឹងជួយបន្ថយអ័រម៉ូនស្ត្រេសដែលអាចបញ្ឈប់ការស្លាប់របស់កោសិកាខួរក្បាលបាន។
សកម្មភាពសង្គម
បើសិនជាអ្នកចង់ថែរក្សាកោសិកាខួរក្បាលឲ្យកាន់តែមានភាពសកម្មទោះបីជាអាយុច្រើនក៏ដោយនោះ មិនត្រូវភ្លេចធ្វើសកម្មភាពក្នុងសង្គម។ ការបង្កើតមិត្តភក្តិថ្មីៗ និងចូលរួមការងារក្នុងសង្គមថ្មីៗ អាចជួយរក្សាចិត្តឲ្យមានភាពសកម្ម ហើយក៏ជំរុញដល់កោសិកាខួរក្បាលកាន់តែមានសុខភាពល្អដែរ។
ញ៉ាំអូមេហ្គាបីឲ្យបានច្រើន
គន្លឹះផ្សេងមួយទៀតដែលអ្នកគួរតែពិចារណានៅពេលចង់បង្ការខួរក្បាលពីការខូចខាតនោះគឺការបញ្ចូលអូមេហ្គាបីឲ្យបានច្រើនក្នុងរាងកាយ។ សំណាងដែរ វាមិនមានអ្វីដែលពិបាកក្នុងការទទួលបានជីវជាតិមួយនេះទេ ដោយសារតែមានជម្រើសច្រើនដែលអ្នកអាចធ្វើបានដូចជា ការញ៉ាំត្រីសាលម៉ុង ឬញ៉ាំថ្នាំបំប៉នវាតែម្តង។ ការញ៉ាំអាហារទាំងនេះនឹងមិនគ្រាន់តែជួយបេះដូងកាន់តែមានសុខភាពល្អទេ តែក៏ជួយដល់ខួរក្បាលថែមទៀត។
ព្យាយាមធ្វើសកម្មភាពខួរក្បាល
មិនត្រូវមានភាពនឿយហត់នៃការវឹកហាត់ចិត្តគំនិតឡើយនៅពេលអាយុច្រើនខណៈពេលដែលការលេងល្បែងល្បងប្រាជ្ញា ឬរកមើលពាក្យខុសឬត្រូវ ឬការលេងផ្គុំអក្សរ នឹងជួយធ្វើតេស្តដល់ខួរក្បាលយើងបាន។ ការថែរក្សាសកម្មភាពរបស់ខួរក្បាលបានកាន់តែច្រើន នឹងជួយកាត់បន្ថយការខ្លាប់របស់កោសិកាខួរក្បាល ហើយក៏កាន់តែជួយឲ្យវាមានសុខភាពល្អ និងថ្មីជាងមុនដែរ។
តាំងសមាធិ
ការតាំងសមាធិគឺជាមធ្យោបាយមួយផ្សេងទៀតក្នុងការថែរក្សាខួរក្បាលឲ្យមានសុខភាពល្អនៅពេលអាយុកាន់តែច្រើន ដោយសារតែវាជួយឲ្យមានអារម្មណ៍ស្ងប់ស្ងាត់ និងធូរស្រាល ជាពិសេសនៅពេលស្ត្រេស ជាមួយនឹងការបន្ថយចំនួនអ័រម៉ូនស្ត្រេសក្នុងខ្លួនផង។
ថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
វាតែងតែជារឿងល្អមួយដែលអ្នកអាចថែរក្សាទម្ងន់ឲ្យមានសុខភាពល្អទោះបីជាចាស់ហើយក៏ដោយ ដោយសារតែវាជួយបង្ការជំងឺទាក់ទងនឹងការធាត់បាន។ បើសិនជាអ្នកមិនអាចញ៉ាំបានត្រឹមត្រូវទេ គួរតែជ្រើសរើសអាហារដែលសម្បូរជីវជាតិពីបន្លែ និងផ្លែឈើ ព្រមទាំងចៀសវាងការញ៉ាំអាហារកែឆ្នៃវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh