អន្តរជាតិ
ក្រោយរងការរិះគន់ពេញពិភពលោក ប្រេស៊ីលចាប់ផ្តើមខ្វល់ខ្វាយរឿងឆេះព្រៃអាម៉ាហ្សូនហើយ យន្តហោះយោធា បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ព្រៃដែលកំពុងឆាបឆេះក្នុងព្រៃអាម៉ាហ្សូន។ រូបពី AFP
× យន្តហោះចម្បាំងរបស់យោធាប្រេស៊ីលជាច្រើនគ្រឿង បានចាប់ផ្តើមប្រតិបត្តិការ ដោយទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ដែលកំពុងឆាបឆេះក្នុងរដ្ឋ Rondonia នៃព្រៃអាម៉ាហ្សូន។ គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីឆ្លើយតបនឹងប្រតិកម្មរបស់ពិភពលោក ខណៈព្រៃត្រូពិកធំបំផុតលើពិភពលោកនេះនៅប្រេស៊ីលនេះ អាចត្រូវបាត់បង់ ប្រសិនបើគ្មានចំណាត់ការឲ្យទាន់ពេលវេលាទេនោះ។
ក្រោយពីរងព្យុះរិះគន់ពីសំណាក់សាធារណជន និងមេដឹកនាំពិភពលោកដែលថា រដ្ឋាភិបាលប្រេស៊ីល ឱបដៃឈរមើលភ្លើងឆេះព្រៃនេះដោយមិនធ្វើអ្វីសោះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro នៅថ្ងៃអាទិត្យ ទី២៥ សីហា បានបញ្ជាឲ្យបើកប្រតិបត្តិការយោធាក្នុងរដ្ឋទាំង៧ដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះក្នុងព្រៃអាម៉ាហ្សូន។ ការចេញបញ្ជានេះ ធ្វើឡើងក៏ដើម្បីឆ្លើយតបតាមការស្នើសុំជំនួយបច្ចេកទេសពីសំណាក់រដ្ឋាភិបាលតំបន់នៃរដ្ឋទាំងនេះផងដែរ។
ទាក់ទិននឹងព័ត៌មាននេះ ក្រសួងការពារជាតិប្រេស៊ីល បានបញ្ជាក់ថា កងទ័ព ៤៤០០០នាក់ កំពុងឈរជើងក្នុងតំបន់ភាគខាងជើងព្រៃអាម៉ាហ្សូន។ វីដេអូមួយ ដែលបានបង្ហោះដោយក្រសួងការពារជាតិប្រេស៊ីល បានបង្ហាញថា យន្តហោះយោធា បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ព្រៃដែលកំពុងឆាបឆេះក្នុងព្រៃអាម៉ាហ្សូន។
មែនទែនទៅ ការដាក់ចេញចំណាត់ការពីសំណាក់រដ្ឋាភិបាលប្រេស៊ីលនេះ ធ្វើឡើងខណៈបណ្តាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ដែលកំពុងជួបប្រជុំគ្នាក្នុងប្រទេសបារាំង បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីភ្លើងឆេះព្រៃអាម៉ាហ្សូននេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យ ទី ២៥ សីហា បានលើកឡើងថា ក្រុមប្រទេស G7 ជិតនឹងបញ្ចប់កិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់បណ្តាប្រទេសដែលរងគ្រោះដោយសារភ្លើងឆេះព្រៃអាម៉ាហ្សូន។ គួរបញ្ជាក់បន្តិចថា ប្រទេសក្នុងក្រុម G7 មានដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី ចក្រភពអង់គ្លេស និងកាណាដា។
សូមបញ្ជាក់ថា ភ្លើងឆេះព្រៃជិត៨ម៉ឺនករណី បានកើតឡើងទូទាំងប្រទេសប្រេស៊ីល គិតមកត្រឹមថ្ងៃទី ២៤ សីហា ដែលជាតួលេខខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៣មក។ នេះបើតាមភ្នាក់ងារស្រាវជ្រាវអវកាស INPE ។ ព្រៃអាម៉ាហ្សូន ដែលគេចាត់ទុកជា ទងសួតរបស់ផែនដី ផលិតខ្យល់អ៊ុកស៊ីសែន ២០ភាគរយសម្រាប់ពិភពលោក ។ វាជាព្រៃដ៏សំខាន់បំផុតដើម្បីប្រយុទ្ធប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រោះតែបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃអាបូនឌីអ៊ុកស៊ីត (CO2) ដែលវាបានស្រូបយកពីខ្យល់ផែនដី៕
Tag:
ប្រេស៊ីល
ព្រៃអាម៉ាហ្សូន
© រក្សាសិទ្ធិដោយ thmeythmey.com