ជាតិ
កម្ពុជា​-​ឡាវ ប្រជុំ​ចុង​ក្រោយពី​បញ្ហា​តំបន់​មុំ​បី នៅ​ព្រឹក​នេះ​
26, Aug 2019 , 11:10 am        
រូបភាព
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកន្លងមក
លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកន្លងមក
​ភ្នំពេញ​៖ ភាគី​កម្ពុជា -​ឡាវ នឹង​បើក​កិច្ចប្រជុំ​ចុងក្រោយ​ពី​បញ្ហា​ដំណោះស្រាយ​នៅ​តំបន់​មុំ​បី នៃ​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៦ សីហា​នេះ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា លើ​ចំណុច​«​ស​» នៃ​បន្ទាត់​ព្រំដែន​នេះ​។ នេះ​បើតាម​លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​។​


 
​លោក ម៉ៅ ផល្លា បាន​បញ្ជាក់ថា កិច្ចប្រជុំ​រវាង​ភាគី​ទាំងពីរ​នេះ គឺ​នឹង​រៀបចំ​លក្ខខណ្ឌ​សម្របសម្រួល​មួយចំនួន ដើម្បី​បញ្ចៀស​បញ្ហា​នានា​ទៅវិញទៅមក​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅ​ព្រឹក​នេះ យើង​នឹង​ជួបប្រជុំ​លើកចុងក្រោយ​ជាមួយ​ភាគី​ឡាវ ដើម្បី​សម្រេច​រៀបចំ​នីតិវិធី​ដាក់ឱ្យអនុវត្ត​ទាំងអស់គ្នា​លើ​បញ្ហា​ព្រំដែន​តំបន់​មុំ​បី​នេះ​»​។​
 
​បើតាម​លោក ម៉ៅ ផល្លា តំបន់​មុំ​បី ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​នេះ គឺជា​តំបន់​«​ស​» ដែល​មិនទាន់​មានការ​កំណត់ថា​ជា​របស់​អ្នកណា​ឡើយ​។ ប៉ុន្តែ​ស្រាប់តែ​កងទ័ព​ឡាវ មាន​គ្នា​ប្រមាណ​២០​នាក់ ចូលមក​កាន់កាប់​តំបន់​នេះ កាលពី​ថ្ងៃទី​១៤ ខែសីហា ដោយ​សំអាងថា តំបន់​នោះ​ជា​ទឹកដី​របស់​ពួកគេ​។ លោក ម៉ៅ ផល្លា បាន​បន្ថែមថា ដ្បិត​កងទ័ព​ឡាវ​ចូលមក​កាន់កាប់​ក្តី ប៉ុន្តែ​មិនទាន់មាន​សកម្មភាព​អ្វីដែល​ធ្វើឱ្យមាន​បញ្ហា​ប្រឈមមុខ និង​អសន្តិសុខ​នៅ​តំបន់​ព្រំដែន​នេះឡើយ​។​
 
​ជុំវិញ​បញ្ហា​តំបន់​មុំ​បី​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​២៤ សីហា ដោយ​ស្នើ​សុំឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​តំបន់​ព្រំដែន​នេះដែរ​។ តាមរយៈ​ការចរចា​គ្នា​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ឱ្យ​ភាគី​ឡាវ​ដកទ័ព​ចេញពី​តំបន់​មុំ​បី​នោះ ហើយ​កម្ពុជា​ក៏​ដក​កម្លាំង​ចេញ​ដូចគ្នា​ដែរ ដើម្បី​ទុកពេល​ចរចា​បន្តទៀត​៕

Tag:
 ព្រំដែន​
  កម្ពុជា​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com