កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ ៩ពិន្ទុពេញសម្រាប់ Liverpool, ជោគជ័យដំបូងរបស់ Lampard រីឯ Man Utd, Spurs ចាញ់ក្នុងដី
× ជ័យជម្នះលើក្រុម Arsenal ៣-១ បាននាំឲ្យ Liverpool នៅរក្សាចំណាត់ថ្នាក់ទីទី១ ក្នុងតារាង Premier League បណ្តោះអាសន្ន សម្រាប់ជំនួបសប្តាហ៍ទី៣។ Chelsea ស្គាល់ជ័យជម្នះដំបូងក្រោមការដឹកនាំរបស់លោក Frank Lampard តាមរយៈការយកឈ្នះ Norwich City ៣-២ ខណៈ Manchester United បរាជ័យក្នុងដីខ្លួនឯងយ៉ាងអាម៉ាស់ក្រោមថ្វីជើង Crystal Palace ក្នុងលទ្ធផល ២-១។
Manchester City បានយកឈ្នះម្ចាស់ផ្ទះ AFC Bournemouth ៣-១ ក្នុងការប្រកួតសប្តាហ៍ទី៣ នៅយប់ថ្ងៃទី២៥ ខែសីហា។ ជ័យជម្នះនេះ នាំឲ្យម្ចាស់ជើងឯកចាស់ទទួលបាន៧ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់ទី២ តាមពីក្រោយគូប្រជែងឆ្នាំចាស់ Liverpool ដែលមាន៩ពិន្ទុពេញ បន្ទាប់ពីឈ្នះ Arsenal នៅ Anfield ៣-១ កាលពីថ្ងៃទី២៤ ខែសីហា។ ខ្សែប្រយុទ្ធ Sergio Aguero របស់មេឃខៀវ និង Mohamed Salah របស់ហង្សក្រហម សុទ្ធតែរកបាន២គ្រាប់ដូចគ្នាឲ្យក្រុមរបស់ពួកគេរៀងខ្លួន។
បិសាចក្រហម Man Utd បើទោះចំណាយប្រាក់សន្ធឹកក្នុងការនាំយកខ្សែការពារដែលមានតម្លៃថ្លៃៗដូចជា Aaron Wan-Bissaka និង Harry Maguire ក្តី ប៉ុន្តែពួកគេនៅតែនៅមិនបង្ហាញភាពខ្លាំងបាននៅឡើយ។ នៅ Old Trafford ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យចាញ់ Crystal Palace ក្នុងលទ្ធផលប្រផិតប្រផើយ ២-១។ ឆ្លងកាត់៣ប្រកួត Man Utd ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុឈរចំណាត់ថ្នាក់ទី៥ ពីក្រោយ Leicester City ដែលមាន៥ពិន្ទុ និង Arsenal លេខ៣ មាន៦ពិន្ទុ។
មិនខុសពី Man Utd ឡើយ Tottenham Hotspur ក៏រងបរាជ័យក្នុងផ្ទះខ្លួនឯងដូចគ្នា ក្រោយចាញ់ Newcastle United ១-០។ មាន់ខ្នាយមាស រកបាន៤ពិន្ទុ ពីការប្រកួត៣លើកស្ថិតនៅចំណាត់ថ្នាក់ទី៧ គិតត្រឹមសប្តាហ៍ទី៣នេះ។
ដោយឡែក Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Lampard បានទទួលជ័យជម្នះជាលើកដំបូងហើយ សម្រាប់លីគកំពូលអង់គ្លេសរដូវកាលនេះ ក្រោយចាញ់ និងស្មើក្នុងការប្រកួត២លើកដំបូង។ តោខៀវទទួលបាន៤ពិន្ទុ ឈរលេខរៀងទី១៣ បណ្តោះអាសន្ន។
ក្នុងចំណោមក្រុមទាំង២០ Watford ជាក្រុមដំបូងគេដែលមិនទាន់រកបានមួយពិន្ទុនៅឡើយក្រោយឆ្លងកាត់៣ប្រកួត ចាញ់ទាំង៣ប្រកួត៕
ខាងក្រោមនេះជាតារាងពិន្ទុសម្រាប់ក្រុមទាំង២០នៅ Premier League សប្តាហ៍ទី៣៖
© រក្សាសិទ្ធិដោយ thmeythmey.com