កីឡាជាតិ
ជាតិ
ការពារជាតិ​ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​អស់​ឱកាស​ប្រជែង​ពាន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​កាន់តែ​បន្តដំណើរ​ទៅមុខ​
26, Aug 2019 , 9:19 pm        
រូបភាព
កីឡាករ ច្រឹង ពលរដ្ឋ (អាវក្រហម)ពេលប្រកួតជាមួយបឹងកេត និងក្រុមគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងអបអរក្រោយយកឈ្នះបឹងកេត, រូបភាពពី CNCC
កីឡាករ ច្រឹង ពលរដ្ឋ (អាវក្រហម)ពេលប្រកួតជាមួយបឹងកេត និងក្រុមគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងអបអរក្រោយយកឈ្នះបឹងកេត, រូបភាពពី CNCC
ដោយ:
​ក្រសួងការពារជាតិ​(​ទ័ព​)​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​បន្ត​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ២-១ នា​ជំនួប​សប្តាហ៍​ទី​២១​នៅលើ​ទឹកដី​ខ្លួនឯង​។ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បន្ត​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ក្រោយ​ធ្វើ​ឲ្យ​បឹងកេត​បរាជ័យ ២-១ លើ​ទឹកដី​ខ្លួនឯង​ជា​លើកដំបូង​។ វិសាខា​បាន​ឡើងឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន ខណៈ​ណាហ្គា​វើ​ល​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៣ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ១-០​។

 
​ក្រោយ​បន្ត​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ២-១ នា​ជំនួប​ជើង​ទី​២​នៅលើ​ទឹកដី​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែសីហា បានធ្វើ​ឲ្យ​ក្រសួងការពារជាតិ​ក្លាយជា​ក្រុមទី​៩ ដែល​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​ទ័ព​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៧​រក្សា​៣៥​ពិន្ទុ​ដោយមាន​គម្លាត​២០​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង ខណៈ​ការប្រកួត​នៅសល់តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ 
 
​ទីតាំង​លេខ​៦​សប្តាហ៍​មុនរ​បស់ទ័ព ត្រូវបាន​ជំនួស​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ពួកគេ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ នៅលើ​ទឹកដី​ខ្លួន​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ពួកគេ​អាច​សងសឹក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ដែល​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​ជាមួយ​បរាជ័យ ១-០ ក្នុង​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ក៏​អស់​ឱកាស​ប្រជែង​ពាន​ផងដែរ​។ 
 
​ទន្ទឹមនឹង​ទ័ព​អស់​ឱកាស​ប្រជែង​យកពាន ព្រះខ័ន​រាជ​ស្វាយរៀង​ខិត​កាន់តែ​ជិត​ក្នុងការ​គ្រង​ជើងឯក​នៅ​រដូវ​កាល​នេះ ដ្បិត​ពួកគេ​បាន​បាន​យកឈ្នះ​បឹងកេត​នា​ជំនួប​ជើង​ទី​២ ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​គិត​ត្រឹម​សប្តាហ៍​ទី​២១​។ ការបរាជ័យ​ក្នុង​ទឹកដី​ជា​លើកដំបូង​នេះ ធ្វើ​ឲ្យ​ឱកាស​ប្រជែង​ដណ្តើមពាន​របស់​បឹងកេត កាន់តែ​ខើច​ខ្លី ដ្បិត​បច្ចុប្បន្ន​ពួកគេ​បាន​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៥​រក្សា​៤១​ពិន្ទុ ដែលមាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​១៤​ពិន្ទុ​។ 
 
​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បាន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤ ដែលជា​ទីតាំង​ចាស់​របស់​បឹងកេត ក្រោយ​ពួកគេ​ទម្លាក់​ណាហ្គា​វើ​លពី​ទីតាំង​លេខ​២​ឲ្យ​មកឈរ​លេខ​៣​ជាមួយ​ជ័យជម្នះ​យ៉ាង​ប្រផិតប្រផើយ ១-០​។  ជ័យជម្នះ​នេះ ជួយ​ឲ្យ​ពួកគេ​អាច​ជម្រះបញ្ជី​ចាស់​ជាមួយ​ណាហ្គា​វើ​ល​ដែល​ពួកគេ​បាន​ចាញ់​យ៉ាងធ្ងន់ធ្ងរ ៤-០ នៅ​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។​
 
​ចំណែក​ទីតាំង​លេខ​២​របស់​ណាហ្គា​វើ​ល ត្រូវ​ជំនួស​ដោយ​វិសាខា បន្ទាប់​ពួកគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៧-០​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៤៧​ពិន្ទុ​មួយ​នេះ អាច​រក្សា​គម្លាត​៨​ពិន្ទុ​ក្នុងការ​ប្រជែង​យកពាន​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ នេះ​ជា​បរាជ័យ​លើក​ទី​២០​របស់​យុវជន​បាទី ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដាក់​ឲ្យ​លេង ដើម្បី​ដកស្រង់​បទពិសោធ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​អាទិត្យ ក្រៅពី​អង្គ​រថា​យ​ហ្គឺ​រ​ទម្លាក់​ណាហ្គា​វើ​លពី​លេខ​២​មកឈរ​លេខ​៣​ជាមួយ​ជ័យជម្នះ ១-០ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ២-១​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​យកឈ្នះ​កំពង់ចាម ២-០៕ 

Tag:
 Cambodian League 2019
  ទ័ព​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com