ជាតិ
កម្ពុជា​-​ចិន គ្រោង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ តម្លៃ​ជាង​៥​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០
26, Aug 2019 , 10:39 pm        
រូបភាព
រូបពីហ្វេសប៊ុក ក្រសួងកសិកម្ម រុកក្ខាប្រមាញ់ និងនេសាទ​
រូបពីហ្វេសប៊ុក ក្រសួងកសិកម្ម រុកក្ខាប្រមាញ់ និងនេសាទ​
​ភ្នំពេញ​៖ កម្ពុជា​និង​ចិន គ្រោង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជឈើ​សំខាន់ៗ និង​មានតម្លៃ​នៅ​កម្ពុជា នា​ឆ្នាំ​២០២០​។ ភាគី​ទាំងពីរ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​មជ្ឈមណ្ឌល​មួយ​នេះ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 
​លោក Zhao Shucong នាយក​អង្គការ​លេខាធិការដ្ឋាន​បណ្តាញ​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​(APFNet) ដែលមាន​បំណង​ចង់​សហការ​ជាមួយ​កម្ពុជា បង្កើត​មជ្ឈមណ្ឌល​បង្កា​ត់​ពូជឈើ​នេះ ដោយសារ​លោក​មើលឃើញថា ក្រសួង និង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​ជួយ​សហការ​អនុវត្ត​គម្រោង​នានា​កន្លងមក ដោយ​សម្រេចបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នា​ថ្ងៃទី​២៦ សីហា​នេះ   លោក Zhao Shucong បាន​បញ្ជាក់ថា​៖« អង្គការ​APFNet នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបន្ត​ការគាំទ្រ​ជំហាន​ទី​ពីរ ព្រោះ​យល់ឃើញថា គម្រោង​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុងការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​កម្ពុជា​ឡើងវិញ យ៉ាង​មាន​ប្រសិទ្ធភាព​»​។​
 
​រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន បាន​និយាយថា ជំនួយ​របស់​រដ្ឋាភិបាល​ចិន ជាពិសេស​អង្គ​ការដែល​កំពុង​ជួយឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់ លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​កម្ពុជា គឺជា​ការស្តារ និង​អភិវឌ្ឍន៍​ព្រៃឈើ​ជាតិ​ឡើងវិញ​។ រដ្ឋមន្ត្រី​រូបនេះ បាន​អះអាង​ប្រាប់​ភាគី​ចិន​ថា ក្រសួង​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ ដែល​បានកំណត់​យក​ទិសដៅ​គ្រប់គ្រង និង​ស្ដារ​ព្រៃឈើ​ជា​អាទិភាព តាមរយៈ​ការកំណត់​យក​អភិក្រម «​រដ្ឋ​,​ឯកជន​,​ដៃគូ​អភិវឌ្ឍន៍​,​សហគមន៍​» មក​អនុវត្ត​។​
 
​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ក្រសួងកសិកម្ម និង​អង្គការ APFNet បាន​សហការគ្នា​លើ​គម្រោង​ចំនួន​បួន ដែលមាន​ថវិកា​ជាង ៧,៨​លាន​ដុល្លារ​។ គម្រោង​ទាំង​បួន​នោះ រួមមាន​៖ គម្រោង​ទី​១ ស្តីពី​មុខងារ​ចម្រុះ នៃ​ការងារ​ស្តារ​ព្រៃឈើ និង​ការគ្រប់គ្រង​តំបន់​ព្រៃឈើ​រិចរឹល​នៅ​កម្ពុជា​។ គម្រោង​ទី​២ ស្តីពី​ការរៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃឈើ នៅ​តំបន់​ទី​ជម្រាល​ស្ទឹង​ព្រែក​ត្នោត ផ្អែកលើ​ផែន​ទេសភាព​។ គម្រោង​ទី​៣ ស្តីពី​ការធ្វើ​សមា​ហ​រ័​ណ​កម្ម នៃ​ការធ្វើផែនការ​គ្រប់គ្រង​ប្រព័ន្ធ​កូ​ឡូ​ស៊ី​ព្រៃឈើ និង​គម្រោង​បង្ហាញ​នៅ​មហា​អនុតំបន់​មេគង្គ និង​គម្រោង​ទី​៤ ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ប​ង្កា​ត់​ពូជឈើ​មានតម្លៃ​នៅ​កម្ពុជា​។ ក្នុងចំណោម​គម្រោង​ទាំងនេះ នៅសល់តែ​គម្រោង​ទី​៣ និង​ទី​៤​ប៉ុណ្ណោះ ដែល​ត្រូវ​ចាប់ផ្ដើម​អនុវត្ត នៅ​ឆ្នាំ​២០២០៕ នេះ​បើតាម​រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន​៕ 
 

Tag:
 កសិកម្ម​
 ​ឈើ​
  មជ្ឈមណ្ឌល
© រក្សាសិទ្ធិដោយ thmeythmey.com