ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្ហាញ​ឆន្ទៈ​ធ្វើ​ឲ្យ​កម្ពុជា «​លែងមាន​ផ្សែង​បារី​»
26, Aug 2019 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​កម្ពុជា មាន​ទិសដៅ​ដាក់ចេញ​កម្មវិធី​សុខភាព នៅ​ឆ្នាំ​២០២៥ ដើម្បី «​បញ្ចប់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​» និង មាន​មហិច្ឆតា​កែប្រែ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេសមួយ​ដែល «​មិនមាន​ផ្សែង​បារី​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ដូច្នេះ ក្នុងជំនួប​ជាមួយ​លោក​វេជ្ជបណ្ឌិត Takeshi Kasai នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) របស់​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។​


 
​នៅ​ចំពោះមុខ​សម្តេចនាយក​រដ្ឋមន្ត្រី លោក​វេជ្ជបណ្ឌិត Takeshi Kasai សរសើរ​ថា «​ប្រជាពលរដ្ឋ​កម្ពុជា មាន​អាយុ​វែង​ជាង​កាលពី​ទសវត្សរ៍​មុនៗ​»​។ ប៉ុន្តែ​ទន្ទឹមនេះ លោក​វេជ្ជបណ្ឌិត បាន​លើកឡើងថា បច្ចុប្បន្ន [​កម្ពុជា​] កំពុងតែ​ស្ថិតក្នុង​អន្តរកាល​មួយ ដែល​ឆ្លងកាត់​ពី​ការដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​បែប​បុរាណ មក​ជំងឺ​បែប​សម័យ ហើយ​ប្រជាពលរដ្ឋ បានកើត​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​ទឹកនោមផ្អែម និង ជំងឺលើសឈាម ជាដើម​។ លោក បន្ថែមថា លើសពីនេះ ជំងឺ​ដែល​ពិបាក​ព្យាបាល​ជាង​មុន មានដូចជា ជំងឺប៉េស្ត​ជ្រូក រួមទាំង​ជំងឺ​ដទៃទៀត​។ 


ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក​វេជ្ជបណ្ឌិត Takeshi Kasai
 ​
​យ៉ាងណា លោក​វេជ្ជបណ្ឌិត ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក នៅតែមាន​ជំនឿ​លើ​កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ដោយ​ចីរភាព​។ សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បាន​សរសេរ​ពីស​ម្តី​របស់លោក​វេជ្ជបណ្ឌិត​ដូច្នេះ​ថា​៖«​កម្ពុជា នឹង​អាច​ឆ្លង​ផុត និង​ទទួលបាន​ជោគជ័យ​លើ​ជំងឺ ក្នុង​អន្តរកាល​នេះ​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​លោក​វេជ្ជបណ្ឌិត​វិញ​ថា កម្ពុជា បាន​ទប់ស្កាត់ និង​ទទួលបាន​ជោគជ័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​បែប​ប្រពៃណី ដូចជា ជំងឺ​ស្វិតដៃជើង ជំងឺ​ក​ញ្ជ្រិ​ល ជំងឺ​តេតាណូស ជំងឺសារ និង ជំងឺ​គ្រុនផ្ដាសាយ​បក្សី ជាដើម ហើយ កម្ពុជា ថែមទាំង​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺអេដស៍​។ 
 
​ប្រមុខ​រដ្ឋាភិបាល អះអាងថា ពាក់ព័ន្ធ​នឹង​ជំងឺ​សម័យថ្មី កម្ពុជា កំពុង​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង បណ្ដា​ប្រទេស​ដទៃទៀត ដើម្បី​ដាក់ចេញ​វិធានការ​ទប់ស្កាត់ និង ការពារ​កុំ​ឲ្យ​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ដទៃ​៕  

Tag:
 ហ៊ុន សែន​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com